(ប្រេស៊ីល)៖ ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva បាននិយាយនៅថ្ងៃចន្ទថា វៀតណាមបានបង្ហាញចំណាប់អារម្មណ៍បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្លុកមឺកូសួ (Mercosur) ដែលរួមមានប្រទេសប្រេស៊ីល អាហ្សង់ទីន ប៉ារ៉ាហ្គាយ និងអ៊ុយរូហ្គាយ ហើយលោកនឹងលើកយកប្រធានបទនេះទៅពិភាក្សាជាមួយប្រទេសជាសមាជិតទាំងអស់។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា លោក Lula ដែលបច្ចុប្បន្នកំពុងធ្វើជាប្រធានរបស់ប្លុកក្រុមប្រទេសនេះបានថ្លែងថា លោកចង់នាំប្រទេសជាសមាជិករបស់ប្លុក Mercosur ខិតទៅជិតបណ្តាប្រទេសអាស៊ី ហើយលោកបានគូសបញ្ជាក់ថា នៅមានឱកាសច្រើនក្នុងការបង្កើនការធ្វើពាណិជ្ជកម្មជាមួយវៀតណាម ខណៈដែលលោកបានស្វាគមន៍នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh នៅទីក្រុងប្រាស៊ីលីយ៉ា ប្រទេសប្រេស៊ីល។

ការចំណាប់អារម្មណ៍របស់វៀតណាមក្នុងការធ្វើពាណិជ្ជកម្មជាមួយប្លុក Mercosur កើតឡើងនៅពេលដែលប្លុកនេះព្យាយាមបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលរង់ចាំជាយូរមកហើយជាមួយសហភាពអឺរ៉ុបដែលលោក Lula បាននិងកំពុងជំរុញឱ្យបញ្ចប់នៅចុងឆ្នាំនេះ។

បើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ប្លុក Mercosur និង EU បានឈានដល់កិច្ចព្រមព្រៀងមួយក្នុងឆ្នាំ២០១៩ បន្ទាប់ពីការចរចារអស់រយៈពេលពីរទសវត្សរ៍ ប៉ុន្តែបានផ្អាកវិញដោយសារតែការព្រួយបារម្ភអំពីបរិស្ថាន។

ប្រទេសកាណាដា កូរ៉េខាងត្បូង និងសិង្ហបុរី គឺជាប្រទេសផ្សេងទៀតដែលកំពុងពិភាក្សាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្លុក Mercosur ។ លោក Lula ធ្លាប់បានលើកឡើងពីតម្រុយក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន ឥណ្ឌូនេស៊ី វៀតណាម និងបណ្តាប្រទេសផ្សេងទៀតនៅអាមេរិកកណ្តាល និងតំបន់ការីប៊ីន។

មេដឹកនាំប្រេស៊ីលរូបនេះបាននិយាយកាលពីថ្ងៃចន្ទថា លោកមានបំណងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរវាងប្រេស៊ីល-វៀតណាមក្នុងវិស័យនានាដូចជា កសិកម្ម អប់រំ និងការពារជាតិ។ លោកបានបន្ថែមថា រដ្ឋាភិបាលទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនានាដែលគ្របដណ្តប់លើវិស័យទាំងនោះក្នុងអំឡុងពេលជួបប្រជុំរបស់ខ្លួន។

លោកបន្តថា កិច្ចព្រមព្រៀងកសិកម្មនឹងបើកទីផ្សាររបស់វៀតណាមបន្ថែមទៀតដល់ផលិតផលរបស់ប្រេស៊ីល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕