(បាងកក)៖ ធនាគារកណ្តាលថៃកាលពីថ្ងៃពុធបានដំឡើងអត្រាការប្រាក់គោលរបស់ខ្លួន ៨លើកជាប់គ្នា ទោះបីជាកំណើនសេដ្ឋកិច្ចថមថយ អតិផរណាទាបជាងគោលដៅ និងការកើនឡើងនៃភាពមិនប្រាកដប្រជាសកលក៏ដោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលថៃ (BOT) បានបោះឆ្នោតដំឡើងអត្រារយៈពេលមួយថ្ងៃ (one-day repurchase rate) ចំនួន ២៥ពិន្ទុមូលដ្ឋានឬ ០,២៥ភាគរយដល់ ២,៥ភាគរយ។ ឥឡូវនេះអត្រាការប្រាក់នេះត្រូវបានដំឡើងចំនួន ២០០ពិន្ទុមូលដ្ឋាន ឬ ២ភាគរយគិតចាប់តាំងពីខែសីហា ឆ្នាំ២០២២មក។

ធនាគារកណ្តាលថៃក៏បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចឆ្នាំ២០២៣ របស់ខ្លួនផងដែរមកនៅត្រឹម ២,៨ភាគរយពី ៣,៦ភាគរយដែលបានព្យាករកន្លងមក ហើយបានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចឆ្នាំ២០២៤ របស់ខ្លួនដល់ ៤,៤ភាគរយពី ៣,៨ភាគរយ។ កាលពីឆ្នាំមុន ថៃសម្រេចបានកំណើនសេដ្ឋកិច្ច ២,៦ភាគរយ។

សេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍មួយនេះបានកើនឡើងត្រឹមតែ ១,៨ភាគរយប៉ុណ្ណោះនៅត្រីមាសទី២ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលទាបជាងការរំពឹងទុក និងតិចជាងកំណើននៅត្រីមាសទី១ ដោយសារការនាំចេញធ្លាក់ចុះនិងការវិនិយោគទាបបានលុបលើកំណើនក្នុងវិស័យទេសចរណ៍។

រដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ ដែលបានចូលកាន់តំណែងកាលពីខែមុនបានអនុម័តលើគោលនយោបាយថ្មី រួមទាំងការលើកលែងតម្រូវការទិដ្ឋាការសម្រាប់ភ្ញៀវមកពីប្រទេសចិនផងដែរ ក្នងគោលបំណងជំរុញសេដ្ឋកិច្ច។

ធនាគារកណ្តាលថៃកាលពីថ្ងៃពុធបានរំពឹងថានឹងមានភ្ញៀវបរទេសចំនួន ២៨,៥លាននាក់នៅឆ្នាំនេះ និង ៣៥លាននាក់នៅឆ្នាំក្រោយធៀបនឹងការព្យាករកន្លងមកដែលថាមានចំនួន ២៩ លាននៅឆ្នាំ២០២៣ និង ៣៥,៥លាននាក់នៅឆ្នាំ២០២៤។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕