(សៀមរាប)៖ ប្រតិបត្តិករទេសចរណ៍ជិត ១០០ក្រុមហ៊ុននៅខេត្តសៀមរាប រយៈពេល៥ថ្ងៃនេះ បានរួមគ្នាបញ្ចុះតម្លៃលើផលិតផល និងសេវាកម្មរបស់ខ្លួនចាប់ពី ១០%ទៅ ៥០% ដើម្បីទាក់ទាញភ្ញៀវទេសចរ និង​ដើម្បីអបអរសាទរ ទិវាទេសចរណ៍ពិភពលោក ដែលបានរៀបចំឡើងអធឹកអធមនៅខេត្តសៀមរាប។

​លោក ហ្វីលិប សែតកៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងចំណោមប្រតិបត្តិករទេសចរណ៍ជិត ១០០ក្រុមហ៊ុន ​ដែលបានបញ្ចុះតម្លៃលើផលិតផល និងសេវាកម្មទេសចរណ៍​នោះ ៩០% គឺ​​​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កន្លែងម៉ាស្សា និងស្ប៉ា ព្រមទាំងសហគមន៍ទេសចរណ៍មួយចំនួនទៀត។

លោកបន្តថា ការបញ្ចុះតម្លៃនេះ គឺជាចលនាមួយ ដើម្បីអបអរសាទរ ទិវាទេសចរណ៍ពិភពលោក និងដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត នៅខេត្តសៀមរាប ​ដែលមួយរយៈនេះមានការស្ថាត់ភ្ញៀវ។

លោកបន្ថែម «យើងសង្ឃឹមថា នឹងមានការទាក់ទាញភ្ញៀវជាតិ និងភ្ញៀវ​បរទេសដែលស្នាក់នៅកម្ពុជា ​ក៏ដូចជាផ្សព្វផ្សាយបន្ថែម ទៅកាន់ភ្ញៀវទេសចរនៅក្រៅប្រទេស។ នេះជាលើកទី១ ដែលទិវាទេសចរណ៍ពិភពលោក ត្រូវបានរៀបចំធំនៅក្នុងខេត្តសៀមរាប ។ នៅឆ្នាំក្រោយយើងនឹងមានការរៀបចុះឱ្យកាន់តែធំជាងនេះ ព្រមទាំងបង្កើតកម្មវិធីបញ្ចុះតម្លៃពី ១០%ទៅ ៥០%ពេញមួយខែកញ្ញា ​ដើម្បីអបអរសាទរ ទិវាទេសចរណ៍ពិភពលោក»

ក្នុងការអបអរសាទរ ទិវាទេសចរណ៍ពិភពលោកក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង»នៅថ្ងៃទី២៧ ខែកញ្ញានេះ ដែលមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត រួមនឹងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ស.ស.យ.ក អង្គការសង្គមស៊ីវិល តាមបណ្តាសង្កាត់ទាំង ១២ក្នុងខេត្តសៀមរាប​ បាននាំគ្នាចូលរួមបោសសម្អាតបរិស្ថាន នៅក្នុងខេត្តសៀមរាប។ ហើយនៅល្ងាចនេះនឹងមានរៀបចំការដង្ហែក្បួន​ ដើម្បីអបអរផងដែរ។

សូមជម្រាបថា ដើម្បីរៀបចំប្រារព្ធពិធីអបអរសាទរ «ទិវាពិភពលោកស្អាតលើកទី៦​» (The 6th World Cleanup Day) និងពិធីអបអរសាទរ​«ទិវាទេសចរណ៍ ពិភពលោកឆ្នាំ២០២៣» ចាប់ពីថ្ងៃទី២៦-៣០ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយ ផលិតផលមួយ រដ្ឋបាលក្រុងសៀមរាប សមាគមក្លឹបទេសចរណ៍សៀមរាប មន្ទីរទេសចរណ៍ខេត្ត រួមជាមួយស្ថាប័នពាក់ព័ន្ធជាច្រើនទៀត ​រៀបចំពិព័រណ៍ផលិតផលក្នុងស្រុក ភូមិមួយ ផលិតផលមួយ និងផលិតផលផ្សេងៗទៀត នៅសួនព្រះរាជដំណាក់ក្រុង សៀមរាប ខេត្តសៀមរាប​៕