(ប៉េកាំង)៖ ឧបនាយករដ្ឋមន្ត្រីចិនលោក He Lifeng កាលពីថ្ងៃចន្ទបានសម្តែង «ការព្រួយបារម្ភ និងការមិនពេញចិត្តយ៉ាងខ្លាំង» ទៅកាន់ប្រធានអ្នកចរចាពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប លោក Valdis Dombrovskis ជុំវិញការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនរបស់អឺរ៉ុបទៅលើរថយន្តអគ្គិសនីចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

លោក He ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន Bloomberg ខណៈថ្លែងនៅក្នុងសន្និសីទរួមមួយនៅទីក្រុងប៉េកាំងជាមួយលោក Dombrovskis អនុប្រធានប្រតិបត្តិនៃគណៈកម្មការអឺរ៉ុបដែលបានទស្សនកិច្ចប្រទេសចិនចាប់តាំងពីថ្ងៃសុក្រថា៖ «យើងសង្ឃឹមថា សហភាពអឺរ៉ុបនឹងមានការប្រុងប្រយ័ត្ន និងបន្តរក្សាទីផ្សារនេះឱ្យមានលក្ខណៈសេរី និងបើកចំហ»

លោក He គឺជាមន្ត្រីជាន់ខ្ពស់ចិនម្នាក់ក្នុងចំណោមមន្ត្រីជាន់ខ្ពស់បំផុតដែលទទួលបន្ទុកផ្នែកសេដ្ឋកិច្ច ហើយពីមុនលោកគឺជាប្រធានទីភ្នាក់ងាររៀបចំផែនការសេដ្ឋកិច្ចរបស់ប្រទេសចិន។

ការអត្ថាធិប្បាយរបស់លោក He ធ្វើឡើងបន្ទាប់ពីលោក Dombrovskis បានព្រមានប្រទេសចិនកាលពីថ្ងៃចន្ទថា សហភាពអឺរ៉ុបនឹងកាន់តែបង្ខំចិត្តតម្កល់ការប្រកួតប្រជែងដោយស្មើភាព និងការពារផលប្រយោជន៍របស់ខ្លួនប្រឆាំងនឹងសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះ។

លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដដែលនេះថា ទីផ្សារបើកចំហរបស់សហភាពអឺរ៉ុប «ផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់អឺរ៉ុប ផ្តល់អត្ថប្រយោជន៍ដល់ការអភិវឌ្ឍបៃតង និងកាបូនទាបរបស់អឺរ៉ុប និងផ្តល់អត្ថប្រយោជន៍ដល់កិច្ចសហប្រតិបត្តិការបម្រែបម្រួលអាកាសធាតុពិភពលោក»

លោកបានបន្តថា ប្រទេសចិនក៏សង្ឃឹមដែរថា សហភាពអឺរ៉ុបលុបចោលការរឹតបន្តឹងការនាំចេញលើទំនិញបច្ចេកវិទ្យាទំនើបផងដែរ។ ប្រទេសចិននឹងបង្កើតក្រុមការងារហិរញ្ញវត្ថុកម្រិតអនុរដ្ឋមន្ត្រីជាមួយសហភាពអឺរ៉ុប។

សហភាពអឺរ៉ុបនៅដើមខែនេះបានចាប់ផ្តើមការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនលើរថយន្តអគ្គិសនីរបស់ចិន ដោយបានលើកឡើងថាធ្វើឡើងដើម្បីការពារការងារ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅក្នុងស្រុក ខណៈដែលអះអាងថា ប្រទេសចិនកំពុងបង្ហូររថយន្តតម្លៃថោកបន្លិចទីផ្សារអឺរ៉ុបដោយមិនស្មើភាព។

ចិនមិនបានបង្ហាញពីសកម្មភាពសងសឹកដែលអាចកើតមានណាមួយប្រឆាំងនឹងការស៊ើបអង្កេតរបស់សហភាពអឺរ៉ុបនៅឡើយទេ។ ក្រសួងពាណិជ្ជកម្ម ចិនបានរិះគន់ការស៊ើបអង្កេតនោះថាជា «ទង្វើគាំពារនិយមច្បាស់ក្រឡែត»