(ភ្នំពេញ)៖ របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣នេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តាមវិស័យសេដ្ឋកិច្ចមានចំនួន ២៣៨.៧ទ្រីលានរៀល ឬស្មើនឹង ៥៧.៨ប៊ីលានដុល្លារអាមេរិក កើនឡើង១០.៥% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២។

តាមរបាយការណ៍បានបញ្ជាក់ថា ឥណទានទាំងនេះគ្របដណ្តប់លើវិស័យ៖ ជួញដូរដុំ និងរាយមានចំនួន ៥៩.៥ទ្រីលានរៀល, ការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួនមានចំនួន ២៨.៦ទ្រីលានរៀល, វិស័យកសិកម្មមានចំនួន ២២.៧ទ្រីលានរៀល, សេវាកម្មមានចំនួន ២២ទ្រីលានរៀល, អចលនទ្រព្យ ១៩.៦ទ្រីលានរៀល, សំណង់ ១៨.៣ទ្រីលានរៀល, អង្គភាពគ្រួសារ ១៣.៧ទ្រីលានរៀល, កម្មន្តសាល ៨.៧ទ្រីលានរៀល និងឥណទានផ្សេងៗចំនួន ៤៥.៥ទ្រីលានរៀល។

ឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកធនាគារ ហត្ថា បានថ្លែងឲ្យដឹងថា «ការកើនឡើងនៃការផ្ដល់ឥណទានដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាកំណើនដ៏ល្អប្រសើរ ក្នុងកាលៈទេសៈដែលពិភពលោកទាំងមូល កំពុងជួបបញ្ហានៃវិបត្តិសេដ្ឋកិច្ច រួមទាំងប្រទេសកម្ពុជា ទោះជាយ៉ាងនេះក្ដីឃើញថា វិស័យហិរញ្ញវត្ថុនៅតែមានកំណើន គួរឲ្យទទួលយកបាន»

ឧកញ៉ាបានបញ្ជាក់ថា ចំពោះបញ្ហានៃការសងយឺតយ៉ាវ របស់អតិថិជនមកកាន់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ មានកំណើនបន្ដិចបន្ដួចផងដែរ ដោយកាលពីមុនមានត្រឹមតែ ២ភាគរយប៉ុណ្ណោះ ប៉ុន្ដែពេលនេះកើនឡើងរហូតដល់ ៥ភាគរយ តែនេះជាអត្រាមួយ ស្ថិតក្នុងរង្វង់នៃភាពល្អប្រសើរ គ្រាន់តែមានទំនោរកើនឡើង។

ឧកញ៉ា ហួត អៀងតុង បានបញ្ជាក់បន្ថែមថា ចំពោះទំនោរកើនឡើងនេះ បណ្ដាមកពីបញ្ហាសេដ្ឋកិច្ចពិភពលោក ក្នុងនោះប្រទេសកម្ពុជា ពុំមានភ្ញៀវទេសចរចូលមកច្រើន ចំណែកការនាំចេញវាយនភណ្ឌនៅមានកម្រិត ហើយវិស័យផ្សេងៗ ដែលចូលរួមលើកស្ទួយវិស័យសេដ្ឋកិច្ច ពុំទាន់មានភាពល្អប្រសើរឡើងវិញ ដែលបញ្ហាទាំងនេះធ្វើឲ្យប៉ះពាល់ ដល់មុខរបររកទទួលទានរបស់ប្រជាពលរដ្ឋកម្ពុជា ទើបធ្វើឲ្យមានការខកខាន ក្នុងការបង់សងត្រឡប់មកកាន់គ្រឹះស្ថានធនគារ និងមីក្រូហិរញ្ញវត្ថុ៕