(ភ្នំពេញ)៖ មូលនិធិអភិវឌ្ឍន៍ជំនាញ ដែលជាស្ថាប័នស្ថិតនៅក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការជាមួយក្រុមហ៊ុនឫទ្ធិពល ក្នុងការបណ្តុះបណ្តាលជំនាញ ដល់បុគ្គលិក កម្មករ និយោជិតប្រមាណ១ពាន់នាក់ លើចំណេះដឹងហិរញ្ញវត្ថុ ការគ្រប់គ្រងខ្លួនឯង និងការបង្កើនប្រសិទ្ធភាពនៃការធ្វើការងារជាក្រុម ដើម្បីជំរុញប្រសិទ្ធភាពក្នុងការងារ។

​លោក គី សុខគីម នាយកប្រតិបត្តិនៃមូលនិធិអភិវឌ្ឍន៍ជំនាញ បានឱ្យដឹងថា សម្រាប់គម្រោងបណ្តុះបណ្តាលនេះ នឹងចំណាយទឹកប្រាក់ប្រមាណ ១០ម៉ឺនដុល្លាររយៈពេល១ឆ្នាំ ក្នុងនោះមូលនិធិអភិវឌ្ឍន៍ជំនាញ រួមចំណែកប្រមាណ៤០% និង៦០%ទៀត គឺជាការចំណាយរបស់ក្រុមហ៊ុននិងសាលា។ នេះជាលើកទី២ហើយ ​ដែលមូលនិធិអភិវឌ្ឍន៍ជំនាញសហការជាមួយក្រុមហ៊ុនឫទ្ធិពល ដើម្បីបណ្តុះបណ្តាល កម្មករនិយោជិត លើចំណេះដឹងហិរញ្ញវត្ថុ ជំនាញទន់ ដើម្បីពង្រឹងគុណភាពការងារ។

លោកបន្ថែមថា នាពេលខាងមុខមូលនិធិអភិវឌ្ឍន៍ជំនាញ នឹងពង្រីក​និងពង្រឹងលើការបណ្តុះបណ្តាលជំនាញ ដើម្បីដោះស្រាយបញ្ហាកង្វះជំនាញ ឱ្យត្រូវជាមួយនឹងតម្រូវការទីផ្សារ បង្កើតលទ្ធភាពផលិតកម្ម ប្រាក់ចំណេញ និងការប្រកួតប្រជែង។

ក្នុងពិធីចុះកិច្ចព្រងព្រាងរវាងមូលនិធិអភិវឌ្ឍជំនាញនិងក្រុមហ៊ុនឫទ្ធិពលនាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ទិត្យ កំរង ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនឫទ្ធិពល បានលើកឡើងថា គម្រោងបណ្តុះបណ្តាលជំនាញដល់បុគ្គលិក កម្មករ និយោជិតនេះ ​បញ្ជាក់ឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសមូលនិធិអភិវឌ្ឍន៍ជំនាញក្នុងការលើកកម្ពស់សមត្ថភាពរបស់ទាំងនិយោជក និងនិយោជិត ក៏ដូចជាប្រជាពលរដ្ឋតាមរយៈការផ្តល់នូវមូលនិធិបដិភាគក្នុងការអនុវត្តគម្រោងបណ្ដុះបណ្ដាលបង្កើនសមត្ថភាពទៅតាមតម្រូវការរបស់ស្ថាប័ន ក្រុមហ៊ុននានា ដែលមិនត្រឹមតែជាការបង្កើនសមត្ថភាព ដើម្បីបង្កើននូវផលិតភាពសម្រាប់បម្រើឱ្យដំណើរស្ថាប័នក្រុមហ៊ុនផ្ទាល់ប៉ុណ្ណោះទេ តែក៏ដើម្បីជួយឱ្យជីវិតរស់នៅរបស់អ្នកទទួលផលពីគម្រោងមូលនិធិនេះទាំងមូល។

​លោកបន្តថា ​«ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការផ្តល់ថវិកាបដិភាគមកក្រុមហ៊ុនឫទ្ធិពល និងតាមរយៈអនុស្សរណៈយោគយល់គ្នារវាងដៃគូអនុវត្តគម្រោងនាថ្ងៃនេះ គម្រោងបណ្ដុះបណ្ដាលនេះនឹងទទួលបានជោគជ័យ និងពិតជានឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកចូលរួមចំនួន១០០០នាក់បន្ថែមទៀត ដើម្បីពង្រឹងទៅលើជំនាញចំនួន២ទៀតគឺ ជំនាញទន់ និងជំនាញបង្កើតគម្រោងថវិកា គ្រប់គ្រងចំណូល ចំណាយ និងអាចយកទៅប្រើប្រាស់ជាប្រយោជន៍ ដល់ការបំពេញការងារក៏ដូចជាជីវិតរស់នៅ ប្រចាំថ្ងៃរបស់ខ្លួន និងក្រុមគ្រួសារ។

បើតាមលោក ​​គី សុខគីម បានឱ្យដឹង​ថា រយៈពេល៥ឆ្នាំកន្លងមកនេះ មូលនិធិអភិវឌ្ឍន៍ជំនាញ បានផ្តល់ការគាំទ្រលើគម្រោងបណ្តុះបណ្តាលចំនួន១១១ ដែលមានទឹកប្រាក់ប្រមាណ១៤លានដុល្លារ ​ដោយបានបណ្តុះបណ្តាលលើជំនាញផ្សេងៗទៅដល់សិក្ខាកាមជាង១៤០០០នាក់ ដែលធ្វើឱ្យពួកគេមានជំនាញកាន់តែល្អ និងទទួលបានប្រាក់ខែខ្ពស់ជាងមុន។ វិស័យអទិភាពដែលទទួលបានមូលនិធិនេះសម្រាប់ការបណ្តុះបណ្តាលនេះ រួមមាន៖ វិស័យកម្មន្តសាល យានយន្ត អេឡិចត្រូនិក សំណង់ ទេសចរណ៍ និងឌីជីថល​​៕