(ភ្នំពេញ)៖ ​សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (Eurocham Cambodia) ព្រមទាំងដៃគូសហការនឹងរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា រយៈពេលពីរថ្ងៃ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីផ្សព្វផ្សាយពីសក្តានុពលវិនិយោគរបស់កម្ពុជា និងទាក់ទាញវិនិយោគិនអឺរ៉ុប មកដាក់ទុនវិនិយោគនៅកម្ពុជា។

​​កិច្ចប្រជុំកំពូលនេះនឹងស្វែងយល់អំពីសេដ្ឋកិច្ចនៃតំបន់មេគង្គ ​តាមរយៈជំនួបថ្នាក់ដឹកនាំមកពីប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ដើម្បីលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ច នៅក្នុងតំបន់ និងជាមួយប្រទេសផ្សេងៗទៀត នៅលើពិភពលោក​ ដែលនឹងធ្វើឱ្យបរិយាកាសធុរកិច្ចអំណោយផល ដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

​ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក Tassilo BRINZER​ ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា គឺជាវេទិកាផ្សព្វផ្សាយពីសក្តានុពលរបស់កម្ពុជា ទៅកាន់អ្នកវិនិយោគបរទេស ជាពិសេស​ក្រុមហ៊ុនដែលកំពុងបណ្តាក់ទុន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ឱ្យបានដឹងពីបរិយាកាសវិនិយោគនៅកម្ពុជា។

​លោកបន្តថា កន្លងមកសហភាពអឺរ៉បបានបណ្តាក់ទុនច្រើន នៅតាមបណ្តាប្រទេសជិតខាងកម្ពុជា ដូចជាវៀតណាម ថៃ សិង្ហបុរីជាដើម ប៉ុន្តែចំនួនវិនិយោគរបស់ក្រុមហ៊ុនអឺរ៉ុបនៅកម្ពុជា ​នៅមានចំនួនតិចតួចនៅឡើយ។ ដូច្នេះហើយ តាមរយៈវេទិកានេះនឹងបង្ហាញ​ទៅដល់ពួកគេថា កម្ពុជាក៏អាចជាជម្រើសល្អមួយនៅក្នុងតំបន់ ដែលត្រូវបណ្តាក់ទុនវិនិយោគផងដែរ។

បើតាមប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជារូបនេះ បច្ចុប្បន្ននេះក្រុមហ៊ុនរបស់អឺរ៉ុប ដែលកំពុងបណ្តាក់ទុនវិនិយោគនៅកម្ពុជា មានប្រមាណ២៥០ក្រុមហ៊ុនប៉ុណ្ណោះ ដែលមានចំនួនតិចតួចនៅឡើយ។

លោក Martin Brisson ដែលជានាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា​ បានលើកឡើងថា វេទិកានេះនឹងមាន​ពាណិជ្ជករដែលមកពីសហភាពអឺរ៉ុប វិនិយោគិនអឺរ៉ុបដែលកំពុងវិនិយោគ នៅប្រទេសជិតខាងកម្ពុជា តំណាងប្រទេសក្នុងតំបន់អាស៊ាន មន្រ្តីរាជរដ្ឋាភិបាលកម្ពុជា តំណាងអង្គការសង្គមស៊ីវិល រួម​នឹងពាណិជ្ជក្នុងស្រុកប្រមាណជាង២០០នាក់នឹងចូលរួម​កិច្ចប្រជុំកំពូលនេះ។

​ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលនេះ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជានឹងចេញផ្សាយឯកសារសំខាន់ចំនួន២ ដែលលើកឡើងពីបរិយាកាសវិនិយោគនៅកម្ពជា គឺសៀវភៅ «ស» ឆ្នាំ២០២៤ ​និងឯកសារស្ទង់មតិទំនុកចិត្ដធុរកិច្ចឆ្នាំ ២០២៣ ដែលជាការស្ទង់មតិលម្អិតមួយ ដោយអនុញ្ញាតឱ្យអ្នកដឹកនាំធុរកិច្ច នៅក្នុងប្រទេសកម្ពុជា អាចធ្វើការពិពណ៌នាយ៉ាងច្បាស់លាស់ អំពីបរិយាកាសសម្រាប់ការធ្វើអាជីវកម្ម ក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា នឹងចុះអនុស្សារណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន AHK Vietnam នៅថ្ងៃទី២៩ ខែកញ្ញាខាងមុខ។ អនុស្សារណៈនេះ នឹងជួយដល់ការពង្រីកធុរកិច្ចរបស់ក្រុមហ៊ុនអាល្លឺម៉ង់ នៅវៀតណាម ឱ្យចាប់អារម្មណ៍មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
លោក Matthew Pocock​ អ្នកសម្របសម្រួលផ្នែកសេវាធុរកិច្ច នៃសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានឱ្យដឹងថា សៀវភៅ«ស» ដែលនឹងចេញផ្សាយនេះ ក្នុងនោះនឹងមានផ្តល់អនុសាសន៍ និងមតិយោបល់ចំនួន៧៨ចំណុច ទៅលើសកម្មភាព និងបញ្ហាប្រឈមដែលក្រុមអ្នកវិនិយោគអឺរ៉ុប នៅកម្ពុជាបាននិងកំពុងជួបប្រទះ ដើម្បីផ្តល់ជាដំណោះស្រាយ។ សៀវភៅនេះ មានចំនួន១៣ជំពូក ដោយនឹងផ្តោតលើ១៣វិស័យនៅកម្ពុជា។

លោកស្រី Cristina Novio-Garcia​ អ្នកគ្រប់គ្រងផ្នែកពាណិជ្ជកម្ម វិស័យឯកជន និងថាមពល​ នៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងថា កម្មវិធីរយៈពេល២ថ្ងៃនេះ នឹងជំរុញឱ្យទំនាក់ទំនងរវាងសហភាពអឺរ៉ុប និង​អាស៊ាន កាន់តែជិតស្និតជាងមុន និងពង្រីកទំហំវិនិយោគរបស់អឺរ៉ុបនៅអាស៊ានផងដែរ។

គួរជម្រាបផងដែរថា កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា នឹងមានការចូលរួមពី អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​និងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផងដែរ៕