(ភ្នំពេញ)៖ រយៈពេល៨ខែ ឆ្នាំ២០២៣នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានចំនួន ២៣,៤៣១,២១០ដុល្លារ (ពុំទាន់ធ្វើសវនកម្ម) ថយចុះ៩ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២២ មានចំនួន ២៥,៦៣៧,៩៤៤ដុល្លារ (បានធ្វើសវនកម្ម)។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់កំពង់ផែស្វយ័តភ្នំពេញ។

សេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ប្រភពចំណូល របស់កំពង់ផែស្វយ័តភ្នំពេញ ដែលទទួលបាន នៅរយៈពេល៨ខែ ឆ្នាំ២០២៣ រួមមាន៖

* ទី១៖ ចំណូលពីប្រតិបត្តិការផែ មានចំនួន១៩,៧៧៩,៣០៧ដុល្លារ។
* ទី២៖ ចំណូលបានពីអាជ្ញាធរផែ មានចំនួន ៣,១២២,៤៨៥ដុល្លារ។
* ទី៣៖ ចំណូលបានពីសេវាកម្មផ្សេងៗ មានចំនួន ៥២៩,៤១៨ដុល្លារ។

ចំពោះលទ្ធផលការងារអាជីវកម្ម សេវាកម្ម អនុវត្ដសម្រាប់៨ខែ ឆ្នាំ២០២៣ របស់កំពង់ផែស្វយ័តភ្នំពេញ រួមមាន៖

ទី១៖ ទំនិញ-ប្រេងឥន្ធនៈ មានចំនួន២,៨១៥,១១៣តោន កើនឡើង១.០២% បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២២ ចំនួន២,៧៨៦,៦៦៨តោន។
ទី២៖ នាវាផ្ទុកទំនិញឆ្លងកាត់ មានចំនួន៣,០៨៥ជើង កើនឡើង១៩.២០ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២២ ចំនួន ២,៥៨៨ជើង។
ទី៣៖ បរិមាណកុងតឺន័រ មានចំនួន ២៦៩,០១០ធីអ៊ីយូ ថយចុះ១០.១៤ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២២ ចំនួន ២៩៩,៣៧៩ធីអ៊ីយូ។
ទី៤៖ នាវាទេសចរណ៍ មានចំនួន២៩៩ជើង កើនឡើង៤,៨៨៣ភាគរយ។
ទី៥៖ បរិមាណអ្នកដំណើរ មានចំនួន១២,០៩០នាក់ កើនឡើង២,៦៧៩ភាគរយ។

សូមបញ្ជាក់ថា នៅឆ្នាំ២០២២ កំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវប្រាក់ចំណេញ ចំនួនជាង១៤លានដុល្លារអាមេរិក (១៤.៣១៣.២៨៣ដុល្លារ) ដែលអនុវត្តបានលើសផែនការ ឆ្នាំ២០២២ ចំនួន១ភាគរយ និងកើនឡើងចំនួន១៣ភាគរយ ធៀបនឹងការអនុវត្តឆ្នាំ២០២១៕