(ភ្នំពេញ)៖ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកទីផ្សារមូលបត្រ (CSX) បានលើកឡើងថា ក្នុងអំឡុងពេលចុងក្រោយនេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនចុះបញ្ជីមួយចំនួន បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ប៉ុន្តែយ៉ាងណាវិនិយោគិន មិនគួរមានការបារម្ភនោះទេ ព្រោះនេះអាចឱកាសសម្រាប់វិនិយោគិនទាំងថ្មី និងចាស់ ទិញក្នុងតម្លៃថោក ហើយទុកលក់នៅពេលតម្លៃហ៊ុនកើនឡើងវិញ។

លោក ហុង សុហួរ លើកឡើងថា តម្លៃហ៊ុនធ្លាក់ចុះនាពេលនេះ មិនមែនដោយស្ថានភាពប្រតិបត្តិការ ឬហិរញ្ញវត្ថុរបស់ក្រុមហ៊ុនចុះបញ្ជីនោះទេ តែមកពីស្ថានភាពខាងក្រៅ ដូចជាវិបត្តិសេដ្ឋកិច្ចសាកល និងបញ្ហាសង្រ្គាមភូមិសាស្រ្តនយោបាយជាដើម។

លោកបានពន្យល់ថា «មួយរយៈចុងក្រោយនេះ តម្លៃហ៊ុនបានធ្លាក់ចុះស្ទើរតែទាំងអស់ គ្រប់ហ៊ុនដែលបានដាក់លក់។ តម្លៃភាគហ៊ុន ឡើងចុះ គឺអាស្រ័យទៅលើទាំងអស់គ្នាពោល គឺអ្នកទិញ និងអ្នកលក់ខ្លួនឯង បើទោះបីជាស្ថានភាពក្រុមហ៊ុនល្អយ៉ាងណាក៏ដោយ បើសិនជាយើងទាំងអស់គ្នា នាំគ្នាលក់ច្រើនជាងទិញ នោះថ្លៃហ៊ុននឹងធ្លាក់ថ្លៃ ផ្ទុយទៅវិញទោះក្រុមហ៊ុនយ៉ាប់យ៉ាងណាក៏ដោយ រកស៊ីចំណេញឬខាត ប៉ុន្តែបើសិនជាមានអ្នកទិញច្រើន នោះវានឹងឡើងថ្លៃ អីចឹងដោយសារតែស្ថានភាពសេដ្ឋកិច្ច ស្ថានភាពនយោបាយក្នុងពិភពលោក ក្នុងតំបន់ ឬក៏ក្នុងប្រទេសកម្ពុជាយើង ដែលធ្វើឱ្យវិនិយោគិនរបស់យើងនាំគ្នា លក់ច្រើនជាងទិញ នោះថ្លៃនឹងធ្លាក់ចុះជាស្វ័យប្រវត្តិហើយ»

លោកបានលើកឡើងថា ក្នុងអំឡុងពេលដែលតម្លៃហ៊ុនក្នុងទីផ្សារធ្លាក់ចុះ នោះហើយ គឺជាឱកាសទិញសម្រាប់វិនិយោគិន។

យ៉ាងនេះក្តីមានវិនិយោគិនមួយចំនួន ដែលបានទិញភាគហ៊ុនរួចហើយ នៅពេលដែលមានតម្លៃថ្លៃ ហើយបានធ្លាក់ថោកនៅពេលនេះ ពួកគេបានលើកឡើង តើគួរលក់ចេញ ឬយ៉ាងណា?

លោក ហុង សុហួរបានពន្យល់យ៉ាងដូច្នេះថា «បើសួរខ្ញុំ ខ្ញុំឱ្យទិញថែម ព្រោះទិញថែមអាចនឹងចំណេញជាងការលក់ចេញនៅពេលធ្លាក់ចុះ ឬរក្សាទុក។ ឧទារណ៍ បើថ្លៃពីមុន១០០ ហើយឥលូវធ្លាក់ចុះ៥០ បូកចូលគ្នាចែកជាពីរនៅ៧៥ ហេតុនេះហើយ បើសិនថ្ងៃក្រោយថ្លៃឡើងត្រឹម៧៦ នឹងចំណេញ។ ប៉ុន្តែបើអត់ទិញថែមទេ ទុក ១០០ បើថ្ងៃក្រោយឡើងដល់៧៦ នឹងខាតដដែល»

លោកបានពន្យល់ទៀតថា សម្រាប់ការវិនិយោគក្នុងផ្សារភាគហ៊ុន បើសិនជាយើងជាវិនិយោគិនរយៈពេលខ្លី និងមធ្យម ត្រូវមានការរហ័សរហួន មិនលោភលន់ពេកនោះទេ ដោយតាមដានទីផ្សារជាប់ជាប្រចាំ ប្រសិនឡើងថ្លៃល្មមហើយគួរតែលក់ចេញ ព្រោះតម្លៃភាគហ៊ុនឡើងចុះមិនទៀងនោះឡើយ បើរង់ចាំឱ្យឡើងខ្ពស់ (ឬលោកភលន់ពេក) អាចនឹងជួបហានិភ័យនៃការខាតបង់ក៏ថាបាន។

ដោយឡែកសម្រាប់វិនិយោគិន រយៈពេលវែងវិញ មិនចាំបាច់ខ្វល់ថាតម្លៃឡើងចុះប៉ុន្មាននោះទេ គួរតែតាមដានពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដើម្បីទទួលបានភាគលាភប្រចាំឆ្នាំ។ ហើយបើការជួញដូរនៅក្នុងទីផ្សារកាន់តែរីកចម្រើននោះ វិនិយោគរយៈពេលវែងនឹងកាន់តែទទួលបានផលចំណេញ។

លោកបន្ថែមថា «ឧទាហរណ៍សម្រាប់តម្លៃហ៊ុន កំពង់ផែក្រុងព្រះសីហនុ តម្លៃបានឡើងខ្ពស់បំផុតរហូតដល់ជាង ២ម៉ឺនរៀល បើសិនជាវិនិយោគិនរយៈពេលខ្លី ចេះចាប់យកឱកាសនឹងទទួលបានផលចំណេញ។ ប៉ុន្តែយ៉ាងណាក៏ដោយ បើទោះបីជាបច្ចុប្បន្ននេះ តម្លៃហ៊ុនរបស់កំពង់ផែក្រុងព្រះសីហនុ បានធ្លាក់ចុះពីជាង២ម៉ឺន មកជាង១ម៉ឺន២ពាន់ក៏ដោយ បើធៀបជាមួយថ្លៃ IPO តម្លៃនេះនៅតែខ្ពស់ជាង២ដង ហេតុនេះហើយអ្នកវិនិយោគរយៈពេលវែង ដែលបានទិញនៅតម្លៃដើម ក៏នៅតែចំណេញ ២ដងដែរ»

លោកថា បច្ចុប្បន្ននេះ ក្រៅពីហ៊ុនរបស់កំពង់ផែក្រុងព្រះសីហនុ ក៏មានហ៊ុនរបស់ក្រុមហ៊ុនផ្សេងៗទៀត ដែលនៅមានតម្លៃធូរថ្លៃ។

លោកបានឱ្យដឹងផងដែរថា បើទោះបីជាថ្លៃភាគច្រើនធ្លាក់ចុះ ប៉ុន្តែក្រុមហ៊ុនចុះបញ្ជីបានបែងចែកភាគលាភជាងរៀងរាល់ឆ្នាំ។

បើតាមលោក ហុង សុហួរ បើសង្កេតមើលព័ត៌មានអំពីតួលេខ និងរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុនចុះបញ្ជីជាទូទៅ គឺបានរាយការណ៍ពីស្ថានភាពល្អប្រសើរ ក្នុងនោះមានក្រុមហ៊ុនមួយចំនួនតូចប៉ុណ្ណោះ ដែលបង្ហាញពីតួលេខធ្លាក់ចុះខ្លះ។

លោកលើកឡើងទៀតថា «សម្រាប់ខ្ញុំការធ្លាក់ចុះនេះ មិនមែនធ្លាក់ដោយសារកត្តាបញ្ហាស្ថានភាពអាជីវកម្មនោះទេ គឺប្រែប្រួលដោយសារកត្តាស្ថានភាព គឺមានន័យថាមិនមែនស្ថានភាព នៅក្នុងក្រុមហ៊ុនផ្ទាល់នោះទេ ដែលធ្វើឱ្យប្រាក់ចំណូលធ្លាក់ចុះ គឺស្ថានភាពនៅខាងក្រៅ ដែលមិនមានអ្នកណាគ្រប់គ្រងបាននោះទេ។ នៅថ្ងៃក្រោយ ប្រសិនបើស្ថានភាពនៅខាងក្រៅវាផ្លាស់ប្តូរ ក្រុមហ៊ុននឹងអាចរកប្រាក់ចំណេញបានច្រើនជាងនេះ»

សូមជម្រាបថា គិតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនចំនួន២០ហើយ ដែលបានចុះបញ្ជីលក់មូលបត្រ ក្នុងនោះក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិមានចំនួន១១ និងក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុលចំនួន ៩៕