(ព្រះសីហនុ)៖ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា(CSX) រំពឹងថា ការបើកគណនីសម្រាប់វិនិយោគិន នឹងកើនឡើងដល់ ៥ម៉ឺនគណនីនៅចុងឆ្នាំ២០២៣ ដោយសារមានការអារម្មណ៍ច្រើនពីវិនិយោគិនថ្មីៗនៅក្នុងទីផ្សារ ដែលជាសញ្ញាល្អបង្ហាញពីភាពរីកចម្រើន និងការចាប់អារម្មណ៍របស់សាធារណជនទៅលើវិស័យមូលបត្រនៅកម្ពុជា។

លោក ហុង សុហួរ លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងវេទិកាក្រុមហ៊ុនចុះបញ្ជី នៅទីតាំងកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី២១ ខែកញ្ញ ឆ្នាំ ២០២៣ ដើម្បីបើកឱកាសឱ្យវិនិយោគិនបានជួបថ្នាក់ដឹកនាំកំពង់ផែស្វយ័តក្រុងព្រះសីហនុផ្ទាល់ និងដើម្បីបន្ថែមចំណេះដឹង និងព័ត៌មានល្អៗ ជូនវិនិយោគិនរបស់ឱ្យពួកគាត់កាន់តែមានទំនុកចិត្ត និងអាចធ្វើការសម្រេចចិត្តវិនិយោគបាន។

លោកបានឱ្យដឹងថា រយៈពេល១០ឆ្នាំមកនេះ ពោលគឺពីឆ្នាំ២០១២ ដល់ឆ្នាំ២០២២ អ្នកបើកគណនីជួញដូរមានត្រឹមតែជាង៣ម៉ឺនគណនីប៉ុណ្ណោះ ដែលជាមធ្យមអ្នកបើកគណនីថ្មីចំនួនជាង៣ពាន់នាក់ក្នុងមួយឆ្នាំៗ។

ដោយឡែក៨ខែឆ្នាំ២០២៣នេះ ចំនួនអ្នកបើគណនីជួញដូរថ្មីបាន មានរហូតដល់ជិត១ម៉ឺនគណនី ដែលលោករំពឹងរហូតទៅដល់ចុងឆ្នាំនេះ អ្នកបើកគណនីថ្មី ក្នុងឆ្នាំ២០២៣នេះ នឹងកើនឡើងដល់ជាង១ម៉ឺនគណនី ដែលធ្វើឱ្យគណនីជួញដូរសរុប នឹងកើនឡើងពីជាង៣ម៉ឺន ដល់៥ម៉ឺននាក់ នៅចុងឆ្នាំ២០២៣នេះ។

លោកបានថ្លែងបន្តថា ទីផ្សារមូលបត្រ មានការរីកចម្រើន និងបានកើនឡើងគួរឱ្យកត់សម្គាល់ បើទោះបីជាក្នុងឆ្នាំ២០២៣នេះ មានឧបសគ្គ និងស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនសូវល្អក៏ដោយ។ លោករំពឹងថា ទីផ្សារនឹងបន្តកំណើនទៅមុខ ដោយសារបច្ចុប្បន្ននេះ មានវិនិយោគថ្មីៗជាច្រើនបានបង្ហាញការចាប់អារម្មណ៍ និងមានអ្នកបើកគណនីកើនឡើងជាលំដាប់។

លោកបន្ថែមថា ក្នុងពេលវិស័យអចលទ្រព្យដែលបច្ចុប្បន្នមានស្ថានភាពមិនសូវល្អ និងជាប់គាំងរយៈពេលយូរ គឺជាឱកាសសម្រាប់វិស័យមូលបត្រក្នុងការច្បាមយកអ្នកដែលមានធនធាន មកវិនិយោគជាមួយទីផ្សារភាគហ៊ុន ព្រោះបើទោះបីជាពេលខ្លះថ្លៃហ៊ុនភាគច្រើនធ្លាក់ចុះ ប៉ុន្តែក្រុមហ៊ុនចុះបញ្ជីនៅតែបន្តបែងចែកភាគលាភជាងរៀងរាល់ឆ្នាំ ដែលផ្តល់ផលចំណេញដល់វិនិយោគិនជានិច្ច។

លោកអំពាវនាវចូលរួមវិនិយោគលើវិស័យមូលបត្រឱ្យច្រើន ព្រោះមិនត្រឹមជួយខ្លួនឯងទេ ថែមទាំងបានជួយសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។ ជួយដល់សេដ្ឋកិច្ចទាំងមូល គឺតាមរយៈ ទឹកប្រាក់ដែលវិនិយោគិនទិញភាគហ៊ុនពីក្រុមហ៊ុននីមួយៗ ក្រុមហ៊ុនទាំងនោះនឹងទទួលបានទុនយកទៅពង្រីកអាជីវកម្ម ដែលបង្កើនការងារដល់ប្រជាពលរដ្ឋបានច្រើនជាងមុន បង្កើតផលិតផល សេវាកម្មបានកាន់តែច្រើន និងបង់ពន្ធចូលរដ្ឋបានច្រើនជាងមុនផងដែរ៕