(បាងកក)៖ នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃបានឱ្យដឹងថា ធនាគារកណ្តាលថៃកំពុងត្រួតពិនិត្យប្រាក់បាតដែលធ្លាក់ចុះថ្លៃ ដែលមិនមែនអាក្រក់ទាំងស្រុងសម្រាប់សេដ្ឋកិច្ចនោះទេ តែអាចជួយដល់វិស័យនាំចេញនិងទេសចរណ៍ដ៏សំខាន់របស់ប្រទេសនេះ។ នេះបើយើងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោក សេដ្ឋា ថាវីស៊ីន ដែលបានឱ្យដឹងនៅក្នុងសុន្ទរកថាមួយចាក់ផ្សាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះក្នុងអំឡុងទស្សនកិច្ចរបស់លោកទៅកាន់សហរដ្ឋអាមេរិកថា រដ្ឋាភិបាលមិនជ្រៀតជ្រែកក្នុងកាតព្វកិច្ចរបស់ធនាគារកណ្តាលឡើយ។

លោក សេដ្ឋា បានប្រាប់អ្នកយកព័ត៌មានថា ការធ្លាក់ថ្លៃរូបិយប័ណ្ណថៃត្រូវបានជំរុញដោយលំហូរចេញមូលធនដោយសារតែភាពខុសគ្នានៃអត្រាការប្រាក់។

ធនាគារកណ្តាលអាមេរិកបានរក្សាអត្រាការប្រាក់ក្នុងកម្រិតថេរ ហើយជំហររបស់ធនាគារកណ្តាលលើគោលនយោបាយរូបិយវត្ថុបានធ្វើឱ្យប្រាក់ដុល្លារអាមេរិកឡើងថ្លៃ។

ប្រាក់បាតត្រូវបានជួញដូរក្នុងតម្លៃ ៣៦,១៦ក្នុងមួយដុល្លារនៅម៉ោង ៦,១៥ព្រឹកម៉ោងសកលថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានធ្លាក់ចុះដល់ ៣៦,៣២បាតក្នុងមួយដុល្លារដែលជាកម្រិតទាបក្នុងរយៈពេល ១០ខែកាលពីថ្ងៃពុធ។ រូបិយប័ណ្ណនេះបានធ្លាក់ចុះ ៤,៤ ភាគរយធៀបនឹងប្រាក់ដុល្លារអាមេរិកនៅឆ្នាំនេះ។

លោក សេដ្ឋា មានប្រសាសន៍ថា៖ «ការធ្លាក់ចុះថ្លៃប្រាក់បាតមិនមែនតែងតែអាក្រក់នោះទេ។ វាជួយដល់ការនាំចេញ... ហើយមនុស្សកាន់តែច្រើននឹងចង់ធ្វើដំណើរ និងចំណាយប្រាក់។ យើងអាចទទួលបានអត្ថប្រយោជន៍»