(ថៃ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធ នៅថ្ងៃទី១៩-២០ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដារ ចូលរួមទស្សនកិច្ចសិក្សាពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន (Blockchain ) នៅរដ្ឋបាលសារពើពន្ធថៃ នៅទីក្រុងបាងកកនៃព្រះរាជាណាចក្រថៃ អមដំណើរដោយអគ្គនាយករង លីម ដឺលុច អគ្គនាយករង លីម ហ៊ុយជីវ ព្រមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធមួយចំនួនទៀតនៃអគ្គនាយកដ្ឋានពន្ធដារ។

ជារួមគោលបំណងនៃដំណើរទស្សនកិច្ចសិក្សានេះ គឺដើម្បីសិក្សាឈ្វេងយល់អំពីការវិវត្តនៃឌីជីថលូបនីយកម្ម នៃរដ្ឋបាលសារពើពន្ធក្នុងតំបន់ និងសកលលោកទាំងមូល ដែលនិន្នាការនេះគឺស្របតាមក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា (២០២២-២០៣៥)។

ទោះជាយ៉ាងណាក៏ដោយ ចំណុចយកចិត្តទុកដាក់ចម្បងបំផុត នៃដំណើរទស្សនកិច្ចសិក្សានេះ គឺផ្ដោតទៅលើការខិតខំឈ្វេងយល់ ជុំវិញការចាប់ផ្តើមប្រើប្រាស់ បច្ចេកវិទ្យាប្លុកឆេន (BlockchianTechnology) របស់រដ្ឋបាលសារពើពន្ធថៃ ក្នុងការគ្រប់គ្រងការបង្វិលសងអាករលើតម្លៃបន្ថែម និងការបង្កើតវិក្កយបត្រអេឡិចត្រូនិក (E-Invoice ) ដើម្បីចៀសវាង និងទប់ស្កាត់ការក្លែងវិក្កយបត្រ ការផ្លាស់ប្តូរទិន្នន័យគយ ក៏ដូចជាការតាមដានប្រតិបត្តិការទាក់ទិននឹងការផ្ទេរកម្មសិទ្ធិ អចលនទ្រព្យ ជាដើម។

សូមបញ្ជាក់ថា បច្ចេកវិទ្យាប្លុកឆេន (Blockchain Technology) គឺជាប្រភេទបច្ចេកវិទ្យាថ្មី និងកំពុងពេញនិយមនៅក្នុងតំបន់ និងនៅលើពិភពលោក ដែលគេប្រើប្រាស់សម្រាប់គ្រប់គ្រងទិន្នន័យ (Database Management)។

អត្ថប្រយោជន៍ និងគុណសម្បត្តិនៃការប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន (Blockchain Technology) ជំនួសឱ្យប្រព័ន្ធគ្រប់គ្រងទិន្នន័យបច្ចុប្បន្ន (Traditional/current Data Management System) គឺវាមានភាពជាក់លាក់ច្បាស់លាស់ និងទាន់ពេលវេលា (Real Time System) មានតម្លាភាពខ្ពស់ និងមិនអាចកែប្រែទិន្នន័យ បានដោយបុគ្គលខិលខូចណាមួយឡើយ។

គួររំលឹកផងដែរថា ដំណើរទស្សនកិច្ចសិក្សានេះ គឺជាទស្សនកិច្ចសិក្សាលើកទី៣ ដែលដឹកនាំផ្ទាល់ដោយឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ ដើម្បីសិក្សាឈ្វេងយល់អំពីការធ្វើទំនើបកម្ម ក៏ដូចជាសិក្សាពីបទពិសោធន៍ល្អៗ របស់រដ្ឋបាលសារពើពន្ធថៃ ក្នុងនោះលើកទី១ បន្ទាប់ពី លោករដ្ឋមន្ត្រីចូលមកកាន់អគ្គនាយកដ្ឋានពន្ធដារភ្លាមៗ អំឡុងពេលឆ្នាំ២០១៣ និងលើកទី២ នៅឆ្នាំ២០១៧។ ទន្ទឹមគ្នានេះដែរ បច្ចុប្បន្ន កម្ពុជានិងថៃបាននិងកំពុងអនុវត្តកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា ក្នុងរយៈពេល ៤ឆ្នាំកន្លងមកហើយ ដែលជាកិច្ចការជំរុញការវិនិយោគ ការសម្រួលដំណើរការនៃការធ្វើធុរកិច្ច របស់ធុរជនថៃនៅកម្ពុជា ក៏ដូចជាធុរជនកម្ពុជានៅថៃផងដែរ។

ក្នុងដំណើរទស្សនកិច្ចសិក្សានេះ លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ក៏បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក LAVARON SANGSNIT អគ្គនាយកនៃរដ្ឋបាលសារពើពន្ធថៃ។

បន្ទាប់ពីជួបសម្ដែងការគួរសម គណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដារ បានបន្តជួបជាមួយក្រុមការងារជំនាញនៃរដ្ឋបាលសារពើពន្ធថៃ ដើម្បីសិក្សា ពិភាក្សា និងដកស្រង់បទពិសោធន៍លើចំណុចសំខាន់ៗ រួមមាន៖

១.ស្ថានភាពទូទៅ ដំណើរដើមទងនៃការចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យាប្លុកឆន (Blockchain Technology) និងបញ្ហាប្រឈមដែលរដ្ឋបាលសារពើពន្ធ បានជួបប្រទះមុនការចាប់យកបច្ចេកវិទ្យាប្លុកឆេន (Blockchain Technology)

២៖ មូលដ្ឋានគតិយុត្ត សំខាន់ៗសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេនក្នុងរដ្ឋបាលសារពើពន្ធ ដែលមានដូចជា ការធ្វើបរិវត្តកម្មនៃប្រព័ន្ធរដ្ឋបាលសារពើពន្ធ ច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងគោលនយោបាយសារពើពន្ធ

៣៖ ប្រព័ន្ធ និងកម្មវិធីនានាដែលរដ្ឋបាលសារពើពន្ធថៃបានដាក់ឱ្យប្រើប្រាស់នូវបច្ចេកវិទ្យាប្លុកឆេននាពេលបច្ចុប្បន្ន

៤៖ ភាគីពាក់ព័ន្ធគោលដៅសំខាន់ៗដែលបានចូលរួមសហការគ្នាក្នុងការរៀបចំបង្កើត អភិវឌ្ឍ និងការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាប្លុកឆេន

៥៖ ថ្នាលបច្ចេកវិទ្យា (Platform) និងដៃគូប្រឹក្សាយោបល់ក្នុងការរៀបចំបច្ចេកវិទ្យារបស់រដ្ឋបាលសារពើពន្ធថៃ។

គូសបញ្ជាក់ផងដែរថា រដ្ឋបាលសារពើពន្ធនៃព្រះរាជាណាចក្រថៃបានចាប់ផ្ដើមប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន (Blockchain Technology) សម្រាប់គ្រប់គ្រងការបង្វិលសងអាករលើតម្លៃបន្ថែមជូនទេសចរកាលពីឆ្នាំ២០២០។

មូលហេតុចម្បងដែលបង្កឱ្យរដ្ឋបាលសារពើពន្ធជ្រើសយកបច្ចេកវិទ្យាប្លុកឆេន (Blockchain Technology) មកប្រើប្រាស់ជំនួសប្រព័ន្ធគ្រប់គ្រងទិន្នន័យចាស់ (Traditional Database Management System) គឺដើម្បីពង្រីកវិសាលភាព ក៏ដូចជាជួយសម្រួលដល់ការអនុវត្តការបង្វិលសងអាករលើតម្លៃបន្ថែមសម្រាប់ភ្ញៀវទេសចរបរទេសឱ្យបានលឿន ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ប្រកបដោយតម្លាភាពខ្ពស់ ហើយជាលទ្ធផលរដ្ឋបាលសារពើពន្ធថៃទទួលបាន និងកំពុងសម្រេចបានជោគជ័យក្នុងការប្រមូលចំណូលពន្ធដារ និងមានអនុលោមភាពសារពើពន្ធខ្ពស់ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេនក្នុងបរិវត្តកម្មរដ្ឋបាលសារពើពន្ធក្លាយជារដ្ឋបាលឌីជីថល។

ក្រៅពីរដ្ឋបាលសារពើពន្ធនៃព្រះរាជាណាចក្រថៃ ក៏មានរដ្ឋបាលសារពើពន្ធនៃប្រទេសជាច្រើនទៀតនៅក្នុងតំបន់ និងនៅលើពិភពលោកបាន និងកំពុងចាប់ផ្តើមប្រើប្រាស់ (Blockchain Technology) នៅក្នុងប្រតិបត្តិការប្រមូលចំណូលពន្ធដាររបស់ពួកគេ។

ដំណើរទស្សនកិច្ចនេះ ត្រូវបានបញ្ចប់ប្រកបដោយលទ្ធផលផ្លែផ្កាជាមួយនឹងការទទួលបានជាគំនិតច្នៃប្រឌិតថ្មីៗ បទពិសោធន៍និងឧត្តមានុវត្តន៍សំខាន់ៗ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការសិក្សាឈ្វេងយល់ និងការពិចារណាលើការកំណត់យកបច្ចេកវិទ្យាប្លុកឆេន (Blockchain Technology) មកប្រើប្រាស់នៅក្នុងប្រតិបត្តិការគ្រប់គ្រងទិន្នន័យ របស់អគ្គនាយកដ្ឋានពន្ធដារ នាពេលអនាគតខាងមុខ ដែលនឹងជួយបង្កើនសមត្ថភាពនៃការគ្រប់គ្រង ការប្រមូលចំណូលពន្ធមួយកម្រិតថែមទៀត ជាបន្តបន្ទាប់ប្រកបដោយចីរភាព៕