(ប៉េកាំង)៖ ប្រទេសចិននិងសហភាពអឺរ៉ុបកាលពីថ្ងៃចន្ទបានពិភាក្សាគ្នាអំពីប្រធានបទផ្សេងៗរួមទាំងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងលំហូរទិន្នន័យឆ្លងព្រំដែននៅទីក្រុងប៉េកាំង ក្នុងគ្រាដែលមានជម្លោះជុំវិញការស៊ើបអង្កេតរបស់សហភាពអឺរ៉ុបលើការឧបត្ថម្ភធនយានយន្តអគ្គិសនី (EV) របស់ប្រទេសចិន។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយគណៈកម្មការអឺរ៉ុបថា កិច្ចពិភាក្សានេះគឺជាផ្នែកមួយនៃកិច្ចសន្ទនាឌីជីថលកម្រិតខ្ពស់រវាងសហភាពអឺរ៉ុបនិងចិន ដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រីចិនលោក Zhang Guoqing និងលោកស្រី Vera Jourova អនុប្រធានគណៈកម្មការអឺរ៉ុបទទួលបន្ទុកតម្លៃ និងតម្លាភាព ដែលជាកិច្ចពិភាក្សាលើកដំបូងក្នុងរយៈពេលបីឆ្នាំ។

កិច្ចប្រជុំនេះធ្វើឡើងនៅពេលដែលភាពតានតឹងរវាងចិននិងសហភាពអឺរ៉ុបកើនឡើង បន្ទាប់ពីប្រធានគណៈកម្មការអឺរ៉ុបគឺលោកស្រី Ursula von der Leyen បានប្រកាសពីការស៊ើបអង្កេតថាតើត្រូវដាក់ពន្ធគយពិន័យលើរថយន្តអគ្គិសនីរបស់ចិនឬយ៉ាងណា ដើម្បីការពារក្រុមហ៊ុនផលិតរបស់អឺរ៉ុប។

ទីក្រុងប៉េកាំងបានរិះគន់ការស៊ើបអង្កេតនេះថាជា «ទង្វើគាំពារនិយម» ហើយបានព្រមានថា ការស៊ើបអង្កេតនេះនឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងសេដ្ឋកិច្ច។

ប្រទេសចិន និងសហភាពអឺរ៉ុបបានឱ្យដឹងថា កិច្ចពិភាក្សាកាលពីថ្ងៃចន្ទនេះបានគ្របដណ្តប់លើបញ្ហាសំខាន់ៗរួមទាំងភ្លែតហ្វម និងបទប្បញ្ញត្តិទិន្នន័យនានា បច្ចេកវិទ្យា AI និងលំហូរទិន្នន័យឧស្សាហកម្មឆ្លងព្រំដែន។

គណៈកម្មការអឺរ៉ុបបានបង្ហាញពីក្តីព្រួយបារម្ភអំពី «ការលំបាកដែលក្រុមហ៊ុនអឺរ៉ុបប្រឈមនៅក្នុងប្រទេសចិនក្នុងការប្រើប្រាស់ទិន្នន័យឧស្សាហកម្មរបស់ពួកគេដោយសារតែការអនុវត្តច្បាប់ដែលដាក់ឱ្យប្រើប្រាស់នាពេលថ្មីៗនេះ»

សេចក្តីថ្លែងការណ៍នេះមិនបានបញ្ជាក់លម្អិតថាតើច្បាប់មួយណាដែលអឺរ៉ុបសំដៅលើនោះទេ។ ប្រទេសចិនបានពង្រីកច្បាប់ប្រឆាំងចារកម្មរបស់ខ្លួននៅក្នុងខែកក្កដាជាមួយនឹងការធ្វើបច្ចុប្បន្នភាពទូលំទូលាយរួមទាំងការហាមឃាត់ការផ្ទេរព័ត៌មានណាមួយដែលទាក់ទងនឹងសន្តិសុខជាតិ និងការពង្រីកនិយមន័យនៃពាក្យថាចារកម្មផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

លោក Zhang បានប្រាប់អង្គប្រជុំថា ប្រទេសចិនស្វាគមន៍ក្រុមហ៊ុនមកពីជុំវិញពិភពលោក រួមទាំងអឺរ៉ុបផងដែរ ដើម្បីចែករំលែកឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលរបស់ខ្លួន និងសម្រេចបានលទ្ធផលឈ្នះ-ឈ្នះ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការលើកកម្ពស់បរិយាកាសបើកចំហ ដោយស្មើភាព និងមិនរើសអើងសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងបានពិភាក្សាលើប្រធានបទផ្សេងទៀតរួមមាន ការស្រាវជ្រាវ និងការច្នៃប្រឌិត បច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនង និងសុវត្ថិភាពនៃផលិតផលដែលលក់តាមអ៊ីនធឺណិត៕