(ប៉ារីស)៖ កំណើនសេដ្ឋកិច្ចពិភពលោកនឹងថមថយ ដោយសារការកើនឡើងអត្រាការប្រាក់ដាក់បន្ទុកលើសកម្មភាពសេដ្ឋកិច្ច និងការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិនពីជំងឺរាតត្បាត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ការព្យាករចុងក្រោយបំផុតរបស់អង្គការ OECD ថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងថមថយមកនៅត្រឹម ២,៧% នៅឆ្នាំ២០២៤ បន្ទាប់ពីត្រូវបានពន្យាករថានឹងកើនឡើង ៣% នៅឆ្នាំនេះ។ លើកលែងតែឆ្នាំ២០២០ ជាពេលដែលជំងឺកូវីដបានវាយប្រហារពិភពលោក កំណើនដែលត្រូវបានព្យាករសម្រាប់ឆ្នាំ២០២៤នេះ នឹងជាអត្រាកំណើនប្រចាំឆ្នាំទាបបំផុតគិតចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោកកើតមាន។

លោកស្រី Clare Lombardelli ប្រធានសេដ្ឋវិទូនៃអង្គការ OECD បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថា៖ «ខណៈពេលដែលអតិផរណាខ្ពស់ សេដ្ឋកិច្ចពិភពលោកនៅតែស្ថិតក្នុងស្ថានភាពលំបាក»។ លោកស្រីបានបន្ថែមថា៖ «យើងកំពុងប្រឈមនឹងបញ្ហាប្រឈមទ្វេរដងគឺអតិផរណានិងកំណើនសេដ្ឋកិច្ចទាប»

អង្គការដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសមួយនេះបានព្រមានថា ហានិភ័យចំពោះការព្យាកររបស់ខ្លួនត្រូវបានផ្អៀងទៅរកការធ្លាក់ចុះ ដោយសារការដំឡើងអត្រាការប្រាក់កន្លងមកនៅតែអាចមានឥទ្ធិពលខ្លាំងជាងការរំពឹងទុក ហើយអតិផរណាអាចបន្តកើតមាន ដែលទាមទារឱ្យមានការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុបន្ថែមទៀត។ អង្គការនេះបានហៅការបញ្ហាដែលប្រទេសចិនកំពុងជួបប្រទះថាជា «ហានិភ័យគន្លឹះ» ចំពោះសេដ្ឋកិច្ចជុំវិញពិភពលោក។

អង្គការ OECD បានឱ្យដឹងថា៖ «បន្ទាប់ពីបានចាប់ផ្តើមខ្លាំងជាងការរំពឹងទុកនៅឆ្នាំ២០២៣ ដែលត្រូវបានជំរុញដោយតម្លៃថាមពលទាប និងការបើកប្រទេសឡើងវិញដោយប្រទេសចិន កំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានរំពឹងថានឹងថមថយវិញ»។ អង្គការនេះបានបន្ថែមថា៖ «ផលប៉ះពាល់នៃការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុកាន់តែខ្លាំងត្រូវបានមើលឃើញកាន់តែច្បាស់ ក្រុមហ៊ុនអាជីវកម្មនិងទំនុកចិត្តអ្នកប្រើប្រាស់បានធ្លាក់ចុះ ហើយការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងប្រទេសចិនបានថមថយ»