(វ៉ាស៊ីនតោន)៖ វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ (IIF) បានឱ្យដឹងថា បំណុលពិភពលោកបានកើនឡើង ១០ពាន់ពាន់លានដុល្លារនៅឆមាសទី១ ឆ្នាំ២០២៣ ដែលធ្វើឱ្យចំណែកបំណុលធៀបនឹងផលិតផលក្នុកស្រុកសរុបពិភពលោកកើនឡើងបន្ទាប់ពីបានធ្លាក់ចុះជិតពីរឆ្នាំដោយសារកំណើនអតិផរណា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់របាយការណ៍ចេញផ្សាយដោយវិទ្យស្ថាន IIF ដែលស្ថាប័នតំណាងឱ្យធនាគារអន្តរជាតិ និងស្ថាប័នហិរញ្ញវត្ថុធំៗក្នុងពិភពលោកកាលពីថ្ងៃអង្គារថា បំណុលបានកើនឡើងដល់បរិមាណខ្ពស់បំផុត ៣០៧ពាន់ពាន់លានដុល្លារ ពោលកើនឡើង «គួរឱ្យភ្ញាក់ផ្អើល» ចំនួន ១០០ពាន់លានដុល្លារក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ សហរដ្ឋអាមេរិក ជប៉ុន អង់គ្លេស និងបារាំងបាននាំមុខគេនៅក្នុងកំណើនបំណុលនេះ។

បើធៀបនឹងចំណែកនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកវិញ បំណុលសកលបានកើនឡើងដល់ ៣៣៦% ពី ៣៣៤% នៅដំណាច់ឆ្នាំមុន ហើយវិទ្យាស្ថាន IIF បានព្យាករ ថានឹងកើនឡើងដល់ ៣៣៧% នៅដំណាច់ឆ្នាំ២០២៣ ដែលភាគច្រើនត្រូវបានជំរុញដោយឱនភាពថវិការបស់រដ្ឋាភិបាលជាច្រើន។ ទោះជាយ៉ាងណា កម្រិតនេះនៅតែទាបជាងកម្រិត ៣៦២% នៃ ផ.ស.ស ពិភពលោកដែលបានកើតមាននៅក្នុងត្រីមាសទីមួយឆ្នាំ២០២១។

លោក Emre Tiftik នាយកវិទ្យាស្ថាន IIF និងអ្នកស្រាវជ្រាវផ្សេងទៀតបានឱ្យដឹងនៅក្នុងរបាយការណ៍មួយថា៖ «ការកើនឡើងភ្លាមៗនៃអតិផរណាគឺជាកត្តាចម្បងដែលបណ្តាលឱ្យថយចុះយ៉ាងខ្លាំងនៃអនុបាតបំណុលក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលនិងសាជីវកម្មជាច្រើនបំប៉ោងរូបិយប័ណ្ណក្នុងស្រុករបស់ពួកគេ»

ចំណែកបំណុលគ្រួសារធៀបនឹង ផ.ស.ស របស់ប្រទេសមានសេដ្ឋកិច្ចជឿនលឿនបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលពីរទសវត្សរ៍ក្នុងឆមាសទីមួយឆ្នាំ២០២៣ នេះបើយោងតាមវិទ្យាស្ថាន IIF។

លោក Tiftik និងក្រុមអ្នកស្រាវជ្រាវរបស់គាត់បានសរសេរថា៖ «ប្រសិនបើសម្ពាធអតិផរណានៅតែបន្តកើតមាននៅក្នុងទីផ្សារអភិវឌ្ឍន៍ សុខភាពនៃតារាងតុល្យការគ្រួសារ ជាពិសេសនៅសហរដ្ឋអាមេរិក នឹងផ្តល់ជាទ្រនាប់ការពារប្រឆាំងនឹងការដំឡើងអត្រាការប្រាក់បន្ថែមទៀត»