(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបន្ទាបការព្យាករ​កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៣​ ទាបជាងការព្យាករពីដើមឆ្នាំបន្តិច​ ពោលគឺពី ៥.៥% មកត្រឹម ៥.៣% វិញ ដោ​យសារតែកំណើនវិស័យឧស្សាហកម្មយឺតជាងការរំពឹងទុក នៅក្នុងឆមាសទីមួយ។ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាព នៃរបាយការណ៍សេដ្ឋកិច្ចរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ​ដែលបានចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ។

​តែ ADB ​បានបន្តរក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៤ នៅ ៦.០% ដដែល។

ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ខែកញ្ញា ឆ្នាំ២០២៣ បានកត់សម្គាល់ថា ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរបានធ្លាក់ចុះ១៨.៦% ​ក្នុងឆមាសទី១​ឆ្នាំ ២០២៣ បើធៀបនឹងកាលពីឆ្នាំមុន។ ប៉ុន្តែការនាំចេញធ្លាក់ចុះនេះត្រូវបានប៉ះប៉ូវមួយផ្នែកមកវិញ តាមរយៈការនាំចេញ ផលិតផលកម្មន្តសាលក្រៅពីវិស័យកាត់ដេរ មាន​ដូចជា គ្រឿងបន្លាស់រថយន្ត បន្ទះសូឡាពន្លឺព្រះអាទិត្យ និងគ្រឿងសង្ហារឹមជាដើម​ ២២.៩% ។

លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំកម្ពុជា មានប្រសាសន៍ថា «ការរំពឹងទុកចំពោះ ភាពប្រសើរជាងមុននៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសធំៗដែលមានការជឿនលឿន ត្រូវបានរំពឹងថានឹងជំរុញការនាំចេញរបស់កម្ពុជាសម្រាប់ឆមាសទី២ ឆ្នាំ២០២៣ ទោះបីជាកំណើនវិស័យឧស្សាហកម្មក្នុងស្រុក បានថមថយក្នុងឆមាសដំបូងឆ្នាំនេះក៏ដោយ។ វិស័យសេវាកម្មចូលរួមចំណែកធំជាងគេ ចំពោះកំណើនសេដ្ឋកិច្ចឆ្នាំនេះ ដោយវិស័យនេះបានកើនលើសការរំពឹងទុកនៅក្នុងឆមាសទី១ ជាពិសេសដោយ សារការងើបឡើងវិញខ្លាំងនៃវិស័យទេសចរណ៍។»

ADBបានឱ្យដឹងផងដែរថា ការព្យាករកំណើនវិស័យសេវាកម្មនៅឆ្នាំ២០២៣ បានកើនឡើងពី ៧.៣% ទៅ ៨.០%។ ការព្យាករសម្រាប់កំណើនវិស័យឧស្សាហកម្មត្រូវបានបន្ថយពី ៥.៨% មក ៤.៨% ហើយការព្យាករសម្រាប់កំណើនវិស័យកសិកម្មត្រូវបានកែសម្រួលពី ១.១% ទៅ ០.៩%។ របាយការណ៍នេះរក្សាការព្យាករអតិផរណាសម្រាប់ឆ្នាំនេះនៅកម្រិត ៣.០% និងឆ្នាំក្រោយនៅកម្រិត ៤.០%។ ឱនភាពពាណិជ្ជកម្មអន្តរជាតិ ដែលមានភាពប្រសើរឡើង និងការងើបឡើងវិញនៃវិស័យទេសចរណ៍ នឹងបន្តបង្រួម ឱនភាពគណនីចរន្ត។

ហានិភ័យសម្រាប់ទស្សនវិស័យនេះរួមមាន កំណើនសេដ្ឋកិច្ចខ្សោយនៃបណ្តាប្រទេសជឿនលឿន ការមកដល់នៃភ្ញៀវទេសចរនិងលំហូរវិនិយោគផ្ទាល់ពីបរទេសតិច ការអូសបន្លាយនៃការរឹតបន្តឹងស្ថានភាព ហិរញ្ញវត្ថុជាសកល ការកើនឡើងតម្លៃថាមពល ក្តីបារម្ភអំពីបំណុលឯកជនដែលមានកម្រិតខ្ពស់ និងអំពីស្ថិរភាពហិរញ្ញវត្ថុក្នុងស្រុក និង អាកាសធាតុដែលកាន់តែអាក្រក់ដោយសារការប្រែប្រួលបរិយាកាសផែនដី​៕