(បាងកក)៖ ក្រសួងទេសចរណ៍ថៃបានឱ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសថៃទទួលបានភ្ញៀវទេសចរបរទេសចំនួន ១៩លាននាក់ក្នុងអំឡុងខែមករាដល់ថ្ងៃទី១៧ ខែកញ្ញាឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការមកដល់របស់ភ្ញៀវទេសចរបរទេសបានបង្កើតប្រាក់ចំណូលចំនួន ៧៩៥ពាន់លានបាត (២២,២៦ពាន់លានដុល្លារ)។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានមួយរបស់ក្រសួងទេសចរណ៍ថៃថា៖ «ស្ថានភាពទេសចរណ៍នៅក្នុងប្រទេសថៃកំពុងបង្ហាញសញ្ញាភាពប្រសើរឡើង»។ សេចក្តីប្រកាសព័ត៌មាននេះបានឱ្យដឹងទៀតថា ការលើកលែងទិដ្ឋាការរបស់រដ្ឋាភិបាលសម្រាប់ភ្ញៀវទេសចរចិននឹងផ្តល់ការជំរុញបន្ថែមទៀតដល់វិស័យនេះ។

ការមកទស្សនារបស់ភ្ញៀវទេសចរបរទេសត្រូវបានរំពឹងថានឹងកើនឡើង ខណៈពេលដែលឧស្សាហកម្មទេសចរណ៍ចាប់ផ្តើមចូលរដូវកាលមនុស្សដើរកម្សាន្តច្រើនក្នុងសប្តាហ៍នេះ ស្របពេលដែលមានប្រទេសផ្សេងៗដូចជាម៉ាឡេស៊ី និងជប៉ុនមានពេលសម្រាកលម្ហែកាយវែង។

រដ្ឋាភិបាលថ្មីរបស់ប្រទេសថៃមានគម្រោងជំរុញកំណើនទេសចរណ៍ ដោយបានដាក់ចេញវិធានការផ្សេងៗរួមទាំងការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពីប្រទេសចិន និងកាហ្សាក់ស្ថានចាប់ពីថ្ងៃទី២៥ ខែកញ្ញារហូតដល់ចុងខែកុម្ភៈឆ្នាំ២០២៤។

វិស័យទេសចរណ៍ថៃគឺជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចធំទីពីររបស់តំបន់អាស៊ីអាគ្នេយ៍មួយនេះ។ រដ្ឋាភិបាលថៃរំពឹងថានឹងមានទទួលបានភ្ញៀវទេសចរចំនួន ២៨ លាននាក់នៅឆ្នាំនេះ ក្នុងឆ្នាំ២០១៩ ថៃទទួលបានភ្ញៀវទេសចរបរទេសចំនួន ៣៩,៩លាននាក់ក្នុងនោះមាន ១១ លាននាក់មកពីប្រទេសចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕