(សៀមរាប)៖ សិប្បកម្មកែច្នៃតី្រ «សំណាង សុធា» ស្ថិតក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ដែលទទួលបានការគាំទ្រពីគម្រោង CAPFish អាចលក់ចេញត្រី ចំនួន២តោន ក្នុងមួយខែ និងទទួលបានប្រាក់ចំណេញ ប្រមាណ៤ពាន់ដុល្លារ។ នេះបើតាមការបញ្ជាក់ របស់លោក សំណាង សុធា ដែលជាម្ចាស់សិប្បកម្មកែច្នៃត្រី។

ក្នុងដំណើរទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយអំពីសហគ្រាសជលផល ក្រោ​មគម្រោង CAPFish ដែលដឹកនាំដោយក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ, លោក សំណាង សុធា​ បានឲ្យដឹងថា សិប្បកម្មរបស់លោក បានប្រកបរបររកស៊ី នៅក្នុងខេត្តសៀមរាប អស់រយៈកាលប្រមាណ ជា១៥ឆ្នាំកន្លងមកហើយ។

លោក សំណាង សុធា បានឲ្យដឹងទៀតថា សិប្បកម្មកែច្នៃតី្រ «សំណាង សុធា» មានផលិត និងផ្គត់ផ្គង់ត្រីងៀត ត្រីប្រឡាក់ ប្រហុក និងផលិតផលត្រីកែច្នៃផ្សេងៗទៀត សម្រាប់ទីផ្សារខេត្តសៀមរាប រាជធានី-ភ្នំពេញ និងខេត្តក្បែរៗនេះ។

លោក សំណាង សុធា បានបន្ថែមថា ផលិតផលទាំងនេះ ត្រូវបានឈ្មួញកណ្ដាល នាំចេញក្រៅផ្លូវការ ទៅកាន់ប្រទេសកូរ៉េ ខាងត្បូង សហរដ្ឋអាមេរិក ណូវែលហ្សេឡង់ និងអូស្ត្រាលី ដែលមានសហគមន៍ ជនជាតិខ្មែរកំពុងរស់នៅ។

ទន្ទឹមគ្នានេះ លោក សំណាង សុធា បានគូសបញ្ជាក់ថា ត្រីងៀត និងត្រីប្រឡាក់ គឺជាផលិតផលចម្បងរបស់សិប្បកម្ម ដោយប្រើប្រាស់ត្រីប្រភេទខុសៗគ្នារួមមាន៖ ត្រីរ៉ស់ ត្រីឌៀប ត្រីប្រា និងត្រីអណ្តែងជាដើម។ ក្នុងមួយខែ សិប្បកម្មអាចផលិតត្រីងៀត បានជាមធ្យមចំនួន២តោន។ ផលិតផលមានតម្លៃចាប់ពី ៦-១៥ដុល្លារ ក្នុងមួយគីឡូក្រាម។

បន្ថែមលើនេះ សិប្បកម្ម ក៏ផ្គត់ផ្គង់ផលិតផល ពាក់កណ្ដាលសម្រេច ទៅឲ្យសហគ្រាសកែច្នៃ ផលិតផលជលផលផ្សេងទៀត នៅក្នុងខេត្តសៀមរាប ភ្នំពេញ និងសហគ្រាស ដែលទទួលបានការគាំទ្រពីកម្មវិធី VCIS ដែលជាគម្រោងរបស់ CAPFish។ នេះជាការបញ្ជាក់បន្ថែម របស់លោក សំណាង សុធា។

បើតាមឲ្យដឹងពីលោក សំណាង សុធា, កម្មវិធីពន្លឿនរបស់កម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូច និងមធ្យម (VCIS-FTS) គម្រោងបានផ្តល់ការគាំទ្របច្ចេកទេស លើការរៀបចំអភិវឌ្ឍន៍អាជីវកម្ម ការផ្សព្វផ្សាយ និងផ្សារភ្ជាប់ទីផ្សារ ស្លាកសញ្ញា និងការវេចខ្ចប់ ការធ្វើតេស្តគុណភាពផលិតផល និងបណ្តុះបណ្តាលដល់បុគ្គលិក ស្តីពីប្រព័ន្ធវិញ្ញាបនប័ត្រ COS។

លោក សំណាង សុធា បានបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះ សហគ្រាសទើបនឹងទទួលបានធុងក្លាសេ តុកាត់សាច់ម៉ីណុក តុសម្រាប់វេចខ្ចប់ ម៉ាស៊ីនអ៊ុតឡូត៌ ទូលាងសម្អាតដៃ ម៉ាស៊ីនផ្លុំកម្ដៅ ទូក្លាសេ និង
សម្ភារៈបរិក្ខារមួយចំនួនទៀត តាមរយៈការគាំទ្ររបស់ CAPFish។

លោកបានលើកឡើងថា តាមរយៈកម្មវិធីពន្លឿនអាជីវកម្ម សហគ្រាសរំពឹងថា នឹងសម្រេចបានលទ្ធផលដូចខាងក្រោម៖

* កែលម្អទីតាំងកែច្នៃស្របតាមប្លង់ ដែលមានណែនាំដោយទីប្រឹក្សាគម្រោង ដើម្បីអនុវត្តសុវត្ថិភាពម្ហូបអាហារស្របតាម CQS ។
* ប្រើប្រាស់សម្ភារៈ បរិក្ខារផ្តល់ដោយកម្មវិធី VCIS-FTS កែលម្អទីតាំងកែច្នៃ ឲ្យបានកាន់តែប្រសើរ ស្របតាមតម្រូវការសុវត្ថិភាពម្ហូបអាហារ និង CQS។
* បង្កើនចំណេះដឹងរបស់បុគ្គលិកនៅសិប្បកម្ម និងដៃគូអាជីវកម្មអំពីការអនុវត្តសុវត្ថិភាពម្ហូបអាហារ (CQS) និងការផ្សារភ្ជាប់ទីផ្សារ
* ទទួលបានវិញ្ញាបនប័ត្រ និងស្លាកសញ្ញា CQS បិតភ្ជាប់ និងផលិតផលខ្លួន ដោយធានាភាពអនុលោមតាមតម្រូវការ
* បង្កើនភាពប្រកួតប្រជែង និងចូលទៅកាន់ទីផ្សារថ្មីៗ ដែលមានតម្លៃបន្ថែម។

បន្ទាប់ពីចុះទស្សនកិច្ច នៅទីតាំងកែច្នៃត្រី «សំណាង សុធា» រួចមក, ក្រសួងកសិកម្ម ដឹកនាំដោយកញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក៏បានបន្ដដឹកនាំក្រុមការងារ ចុះទៅទស្សនកិច្ច ទីតាំងត្រីងៀត «ផល្លាសៀមរាប» ស្ថិតនៅស្រុក​បាសាទ ដែលទីតាំងនេះ ត្រៀមនឹងចូលក្នុងគម្រោងរបស់ CAPFish ផងដែរ៕