(ភ្នំពេញ)៖ ដើម្បីជួយដល់ប្រជាពលរដ្ឋ ពិសេសវិស័យវារីវប្បករកម្ពុជា ឲ្យមានទីផ្សារបន្ថែម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងតែទាក់ទាញរកអ្នកវិនិយោគ មកបណ្តាក់ទុនលើវិស័យចិញ្ចឹមត្រីនៅកម្ពុជា ឲ្យមានកម្រិតស្ដង់ដារខ្ពស់ ដើម្បីជួយដល់ការចិញ្ចឹម, ការកែច្នៃ, ការដាក់លក់ក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្ដរជាតិ។

កញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានថ្លែងឲ្យដឹងថា ក្រសួងបានមើលឃើញពីបញ្ហាមួយចំនួន ដែលកំពុងជួបប្រទះ គឺបញ្ហាត្រីដែលសហគ្រាសកែច្នៃ បានប្រមូលទិញដើម្បីកែច្នៃ មានត្រីមួយចំនួនមានបញ្ហា ពុំមានសមត្ថភាពពេញលេញក្នុងការកែច្នៃ។

កញ្ញាបានបន្ដថា ដោយមើលឃើញពីបញ្ហាទាំងនេះ ក្រសួងកសិកម្ម បាននិងកំពុងញាប់ដៃ ញាប់ជើង ក្នុងការដោះស្រាយ។ បច្ចុប្បន្នក្រសួងកសិកម្ម កំពុងពិនិត្យមើលពីលទ្ធភាព ក្នុងការស្វែងរកអ្នកវិនិយោគ មកចិញ្ចឹមត្រីដែលមានស្ដង់ដារត្រឹមត្រូវ និងមិនប្រើប្រាស់សារធាតុគីមី ឬចំណីអាហារដែលលាយជាមួយសារធាតុគីមីមិនត្រឹមត្រូវ ព្រោះថា ទោះបីជាការកែច្នៃរួចរាល់ក៏ដោយ ប៉ុន្ដែការពិនិត្យឃើញសារធាតុគីមី ក្នុងផលិតផលកែច្នៃរួចក៏ដោយ ក៏មិនអាចរុញច្រានផលិតផលកែច្នៃទាំងនេះ ទៅកាន់ទីផ្សារអន្ដរជាតិបានឡើយ ព្រោះសារធាតុគីមីទាំងអស់នេះ នឹងបង្កហានិភ័យសម្រាប់អ្នកបរិភោគ។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា «ថ្ងៃខាងមុខកម្ពុជានឹងទាញវិនិយោគិន ដើម្បីបង្កើនជាកសិដ្ឋាន ឬកន្លែងចញ្ចឹមត្រីមានលក្ខខណៈស្ដង់ដារ ដើម្បីផ្គត់ផ្គង់ដល់សហគ្រាសប្រមូលទិញ និងកែច្នៃត្រី ដោយធានាបានថា ត្រីទាំងអស់នោះមានសុវត្ថិភាព និងមានគុណភាពព្រមទាំងការវិចខ្ចប់ឲ្យបានស្អាតល្អ សម្រាប់តម្រូវការក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារអន្ដរជាតិ»

កញ្ញា អ៉ឹម រចនា បានបញ្ជាក់ថា ដោយឡែកចំពោះការនាំចូលត្រីពីក្រៅប្រទេស យើងនៅតែមានការនាំចូល ដោយសារតែកម្ពុជា ជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលតម្រូវឲ្យមានការដោះដូរពាណិជ្ជកម្មគ្នាទៅវិញទៅមក គឺប្រទេសគេនាំចូលមកប្រទេសយើង ហើយប្រទេសយើងមានសិទ្ធិនាំចេញទៅប្រទេសគេវិញ។

កញ្ញាបានបន្ដថា អ្វីដែលក្រសួងកសិកម្ម បាននិងកំពុងធ្វើ គឺធានាឲ្យបាននូវសមភាពនៃការនាំចូល និងការផ្គត់ផ្គង់ ការធ្វើដូច្នេះ គឺអាចធានាបាននូវតម្លៃ របស់ផលិតផលជលផលលើទីផ្សារ និងអាចជួយឲ្យវារីវប្បករ អ្នកចិញ្ចឹមត្រី នៅតែអាចទទួលបានផលចំណេញ។

អ្វីដែលចាំបាច់ក្នុងការជួយជំរុញ ដល់វិស័យវារីវប្បករ គឺធ្វើយ៉ាងណាជួយលើវិស័យបច្ចេកទេសដល់អ្នកចិញ្ចឹមត្រី ឲ្យចិញ្ចឹមតាមបច្ចេកទេសត្រឹមត្រូវ ការប្រើប្រាស់បច្ចេកទេសត្រឹមត្រូវ បានជួយកាត់បន្ថយ ការចំណាយរបស់ប្រជាកសិករ ដូច្នេះនៅពេលដែលការអនុវត្តន៍តាមបច្ចេកទេសត្រឹមត្រូវច្បាស់ណាស់ថា ទីផ្សារនៅតែមានសម្រាប់ប្រជាពលរដ្ឋ ព្រមទាំងទទួលបានផលចំណេញទៀតផង៕