(ភ្នំពេញ)៖ អ្នកប្រកបរបរក្នុងវិស័យទេសចរណ៍មានសុទិដ្ឋិនិយមថា បន្ទាប់ពីរមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នឹងជួយដល់ការជំរុញកំណើនភ្ញៀវទេសចរ ​មកកម្សាន្តនៅកម្ពុជា ដែលចូលរួមស្តារវិស័យទេសចរណ៍ឡើងវិញ បន្ទាប់រងគ្រោះដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែកញ្ញានេះថា​ ការដាក់បញ្ចូលប្រាសាទកោះកេរ នៅក្នុងបញ្ជី​សម្បត្តិបេតិកភណ្ឌពិភពលោកនេះ នឹងធ្វើឱ្យកម្ពុជាកាន់តែមានមុខមាត់មួយកម្រិតទៀត និងមានឱកាសបង្ហាញនូវទ្រព្យសម្បត្តិ​​វប្បធម៌របស់កម្ពុជា ទៅកាន់ពិភពលោក។

លោកស្រីបន្តថា ​ក្នុងការ​ចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនេះ ​នឹងជួយជំរុញដល់វិស័យទេសចរណ៍នៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង និងជំរុញការទាក់ទាញភ្ញៀវបរទេសបន្ថែមទៀត ព្រោះថាតាមរយៈការចុះបញ្ជីថ្មីៗនេះ នឹងមានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ខណៈនៅកម្ពុជា មានការអបអរសាទរយ៉ាងច្រើន ចាប់តាំងពីថ្នាក់ដឹកនាំកំពូល រហូតដល់ប្រជាពលរដ្ឋនានា។ ស្របដែលវិស័យឯកជន ក៏បានចូលរួមធ្វើការផ្សព្វផ្សាយ​បន្ថែមទៀតផងដែរ ដែលនាំឱ្យមានការល្បីរន្ទឺ​កាន់តែខ្លាំង។

លោកស្រីមានប្រសាសន៍ថា «តាមរយៈការផ្សព្វផ្សាយនេះ នឹងមានការទាក់ទាញពីភ្ញៀវទេសចរ​ ដើម្បីចង់ធ្វើដំណើរចូលមកកម្ពុជា មើលដោយផ្ទាល់ថា តើបេតិកភណ្ឌពិភពលោកថ្មីមួយនេះ នៅខាងក្រៅនឹងមានសភាពបែបណា ដែលគេក៏ចង់មកពិចពិលរមិលមើលផងដែរ។ ដូច្នេះហើយនឹងជួយជំរុញដល់សេដ្ឋកិច្ចកម្ពុជា និងសេដ្ឋកិច្ចមូលដ្ឋាន ជាពិសេសនឹងធ្វើឱ្យតំបន់កោះកេរនេះ មានមនុស្សឆ្លងកាត់មកមើលច្រើន​។ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននឹងបង្កើតជាអាជីវកម្ម និងសេវាកម្មផ្សេងៗទៀត ដើម្បីបម្រើដល់ភ្ញៀវដែលមកកម្សាន្ត»

លោកស្រីបន្តថា​ កន្លងមកដោយសារតំបន់កោះកេរ នៅឆ្ងាយពីតំបន់អង្គរ ហេតុនេះហើយមិនសូវមានភ្ញៀវទេសចរ មកកម្សាន្តច្រើននោះទេ ប៉ុន្តែរំពឹងថាបន្ទាប់ពី​បានបញ្ជី​សម្បត្តិបេតិកភណ្ឌពិភពលោក និងការផ្សព្វផ្សាយ​ទូលំទូលាយ នឹងមានភ្ញៀវទេសចរទៅមកច្រើន។

លោក ខៀវ ធី ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍អង្គរ បានប្រាប់បណ្តាញព័ត៌មាន Fresh News ​ផងដែរថា នេះគឺជាមោទនភាពមួយរបស់កម្ពុជា ដែលប្រាសាទបុរាណរបស់កម្ពុជាមួយទៀត គឺប្រាសាទកោះកេរ ត្រូវបានចុះបញ្ជី​​សម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលធ្វើឱ្យសម្បត្តិវប្បធម៌ខ្មែរ និងប្រាង្គប្រាសាទ កាន់តែត្រូវបានផ្សព្វផ្សាយ ឱ្យពិភពលោកស្គាល់កាន់តែច្រើន​ ធ្វើឱ្យភ្ញៀវអន្តរជាតិ ចាប់អារម្មណ៍មកទស្សនានៅកម្ពុជា។

លោកបន្ថែមថា «​ក្នុងនាមជាអ្នកមានមគ្គុទ្ទេសក៍ទេសចរណ៍ គឺមានការសប្បាយរីករាយ និងអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលលោកបានខិតខំ ដាក់ស្នើទៅអង្គការយូណេស្កូ សុំបញ្ចូលប្រាសាទតំបន់កោះកេរចូលជា​សម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។ ពិភពលោកនឹងកាន់តែស្គាល់យើងកាន់តែច្រើន ហើយអង្គការយូណេស្កូ នឹងជួយផ្សព្វផ្សាយសម្បត្តិវប្បធម៌ប្រាសាទបុរាណខ្មែរយើង នៅតំបន់កោះកេរ ក៏ដូចជានៅតំបន់អង្គរ តំបន់ប្រាសាទព្រះវិហារ តំបន់ប្រាសាទសំបូរព្រៃគុក។ ដូច្នេះហើយភ្ញៀវបរទេស ដូចជាអូស្រ្តាលី កាដាណា គេនឹងត្រៀមមកលេងស្រុកខ្មែរយើង»។

លោកបន្ថែមថា កម្ពុជាមានប្រាសាទជាច្រើន បើធៀបជាមួយប្រទេសជិតខាង ហេតុនេះហើយរាជរដ្ឋាភិបាល ត្រូវបង្កើនការទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត តាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ បង្កើនការថែទាំផ្លូវចូលទៅកាន់ប្រាសាទជាប់ជាប្រចាំ ជំរុញការថែរក្សាបរិស្ថាន ហើយបើអាចគួរសិក្សាពីលទ្ធភាព ក្នុងការទម្លាក់ចុះតម្លៃទិដ្ឋាការ ដើម្បីធ្វើឱ្យភ្ញៀវមកកាន់តែច្រើន។

សូមជម្រាបថា រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។ បូករួមទាំងរមណីយដ្ឋានប្រាសាទកោះកេរនេះ កម្ពុជាមានតំបន់បេតិកភណ្ឌពិភពលោកចំនួន៤ហើយ ក្នុងនោះរួមមាន៖ តំបន់អង្គរ ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២ ទំហំ៤០,០០០ហិកតា, ប្រាសាទព្រះវិហារ ចុះបញ្ជីឆ្នាំ២០០៨ ទំហំ២,៦៤៣ហិកតា និងតំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនៅឆ្នាំ២០១៧ ទំហំ៣៩,០០០ហិកតា៕