(ភ្នំពេញ)៖ រយៈពេល ៨ខែឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅជាង ​៦០ម៉ឺនតោន ទៅកាន់ប្រទេសវៀតណាម ​ទទួលបានទឹកប្រាក់​ប្រមាណ ៨២០លានដុល្លារ ថយចុះជិត ១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ​នេះបើយោងតាមទិន្នន័យពីសមាគមស្វាយចន្ទីកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ។

​លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា មូលហេតុដែលនាំឱ្យការនាំចេញស្វាយចន្ទីធ្លាក់ចុះនេះ ដោយការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យទិន្នផលស្វាយចន្ទីធ្លាក់ចុះ នៅឆ្នាំនេះដោយផលិតបានប្រមាណជាង ៦៣ម៉ឺន ៤ពាន់តោនប៉ុណ្ណោះ។ កត្តាទី២ កសិករបានកាប់ដើមស្វាយចន្ទីចោលមួយចំនួន និងកត្តាមួយទៀត ការប្រកួតទិញពីសហគ្រាសក្នុងស្រុក សម្រាប់ស្តុកទុកច្នៃ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ។

លោកបន្តថា ទោះបីបរិមាណនាំចេញគ្រាប់ស្វាយចន្ទីមានការធ្លាក់ចុះក្តី ប៉ុន្តែតម្លៃគ្រាប់ស្វាយចន្ទីនៅក្នុងខែសីហា និងខែកញ្ញានេះ​ ​ប្រសើរជាងឆ្នាំមុន ​ដែលអាចលក់បានក្នុងតម្លៃចន្លោះពី ៧០០០រៀលទៅ ៧​៥០០រយរៀលក្នុងមួយគីឡូក្រាម ​ឬប្រមាណ ១៩០០ដុល្លារក្នុង១តោន។

តែយ៉ាងនេះក្តីលោកលើកឡើង កសិករមួយចំនួនប៉ុណ្ណោះ​ ដែលអាចទទួលបានការចំណេញពីការឡើងថ្លៃគ្រាប់ស្វាយចន្ទីនៅឆ្នាំនេះ ព្រោះកសិករភាគច្រើន ដែលគ្មានលទ្ធភាពហាលស្តុកទុក បានលក់ចេញតាំងពីដើមឆ្នាំក្នុងអំឡុងខែ​មីនា និងមេសា ដែលមានតម្លៃ ត្រឹមតែ ៥ពាន់រៀល ទៅ៦ពាន់រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។

លោកបន្ថែមថា «ដោយសារតែកសិករភាគច្រើន គាត់មិនមានហេដ្ឋារចនាសម្ព័ន្ធ នៃការទុកដាក់ស្វាយចន្ទីដូចជារានហាល និងឃ្លាំងស្តុក អីចឹងភាគច្រើនគាត់បានលក់ ក្នុងអំឡុងខែមីនា និងមេសា ដែលគាត់លក់ចេញរហូតដល់ជាង ២៣ម៉ឺនតោន។ មានកសិករតិចតួចទេ ដែលគាត់មានឃ្លាំង និងរានហាល ហើយអាចទុកលក់រហូតដល់ខែសីហា និងខែកញ្ញានេះ។ សមាគមស្វាយចន្ទីកម្ពុជា បានប្រាប់កសិករតាំងពីខែមីនា ឆ្នាំ២០២៣មកថា តម្លៃនឹងកើនឡើងនៅខែសីហា និងកញ្ញា តែយ៉ាងណាយើងលក់ចេញភាគច្រើនទៅហើយ»

​យោងតាមទិន្នន័យពីសមាគមស្វាយចន្ទីកម្ពុជា បច្ចុប្បន្ន​ផ្ទៃដីដាំដុះគ្រាប់ស្វាយចន្ទីសរុបជាង ៧០ម៉ឺនហិកតា​។ កាលពីឆ្នាំ២០២១ ផលិតកម្មគ្រាប់ស្វាយចន្ទីឆៅ នៅលើពិភពលោកមានប្រមាណ ៥លានតោន ក្នុងនោះកម្ពុជាផលិតបាន ១ ១៨០ ០០០ តោន ស្មើនឹង២៤%នៃការផលិតសរុប ដែលធ្វើឱ្យកម្ពុជាជាប់លេខ១ ដែលផលិតគ្រាប់ស្វាយចន្ទីបានច្រើនជាងគេនៅលើពិភពលោក។ ចំណែកនៅឆ្នាំ២០២២ កម្ពុជាផលិតបាន ៦៩ម៉ឺនតោន ជាប់លេខពីរនៅលើពិភពលោក​៕