(ភ្នំពេញ)៖ ក្រុមហ៊ុន Season Fresh Co.,Ltd, ដែលជាក្រុមហ៊ុននាំចេញផលិតផលស្រស់ ឈានមុខគេរបស់កម្ពុជា ក្រោមកិច្ចសហការជាមួយ Shanghai GrandFruit Import & Export Co., Ltd (GrandFruit) ដែលជាអ្នកចែកចាយផ្លែឈើអន្តរជាតិដ៏ល្បីល្បាញនៅទីក្រុងសៀងហៃ ប្រទេសចិន បានចាប់ផ្តើមដំណើរការដឹកជញ្ជូនផ្លែមៀនប៉ៃលិនស្រស់ ទៅប្រទេសចិនជាលើកទីពីរ ដោយជោគជ័យ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៣។

សមិទ្ធផលដ៏សំខាន់នេះ អាចសម្រេចទៅបានតាមរយៈការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនទាំងពីរ ជាមួយនឹងការសម្របសម្រួលរបស់មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុន Advance Digital World Trade Co., Ltd (ADWT)។

លោកស្រី ច្រាន់ ប៉ុន្នី ប្រធានក្រុមហ៊ុន Season Fresh បានលើកឡើងថា «នៅពេលដែលក្រុមហ៊ុន Season Fresh ចាប់ផ្តើមការនាំចេញលើកទីពីរ ទៅកាន់ប្រទេសចិន ក្រុមហ៊ុននៅតែប្តេជ្ញាចិត្ត ក្នុងផ្គត់ផ្គង់ផ្លែមៀនប៉ៃលិនកម្ពុជា ដែលមានគុណភាពខ្ពស់ ដល់អតិថិជនរបស់យើង។ ភាពជាដៃគូរបស់យើងជាមួយក្រុមហ៊ុន GrandFruit ពិតជាមានសារៈសំខាន់ក្នុងការពង្រីកវិសាលភាពទីផ្សារ ហើយយើងខ្ញុំពិតជារីករាយ ដែលឃើញមានផលវិជ្ជមានមកលើកសិករកម្ពុជា និងសេដ្ឋកិច្ចក្នុងស្រុកផងដែរ»

កិច្ចសហការនេះ, ក្រោមការសម្របសម្រួលដោយមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព និងក្រុមហ៊ុន ADWT, មិនត្រឹមតែបើកឱកាសថ្មី សម្រាប់អ្នកដាំផ្លែមៀនប៉ៃលិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិរវាងកម្ពុជា និងចិនផងដែរ។

លោក Kant Lee ប្រធានក្រុមហ៊ុន GrandFruit បានមានចំណាប់អារម្មណ៍ថា «GrandFruit ពិតជាមានមោទនភាពដែលបានក្លាយជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនេះ និងបានចូលរួមចំណែកជួយដល់កសិករ នៅប្រទេសកម្ពុជា ព្រមទាំងលើកកម្ពស់ភាពសម្បូរបែប នៃកសិកម្មរបស់ប្រទេសកម្ពុជា។ ទន្ទឹមនេះផងដែរ, តម្រូវការផ្លែមៀនប៉ៃលិនស្រស់ ដែលមានគុណភាពខ្ពស់នៅប្រទេសចិន កំពុងកើនឡើងជាលំដាប់ ហើយពួកយើងខ្ញុំមានកិត្តិយស ដែលបានដើរតួនាទីក្នុងការបំពេញតម្រូវការនោះ»

កម្មវិធីផ្គូផ្គង និងលើកកម្ពស់បណ្តាញធុរកិច្ច កម្ពុជា-ចិន ដែលផ្តួចផ្តើមដោយមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ជាមួយនឹងការចូលរួមសម្របសម្រួលរបស់ក្រុមហ៊ុន ADWT បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងជំរុញភាពជាដៃគូពាណិជ្ជកម្មរវាងកម្ពុជា និងចិនបន្ថែមទៀត។ តាមរយៈកម្មវិធីនេះ ក្រុមហ៊ុន Season Fresh និង GrandFruit ទទួលបានការគាំទ្រដ៏សំខាន់ពីភាគីពាក់ព័ន្ធ ដែលអាចសម្រួលដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងធានាបាននូវការចែកចាយផ្លែមៀនប៉ៃលិនស្រស់របស់ប្រទេសកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនមានភាពរលូន និងទាន់ពេលវេលា។

ការនាំចេញលើកទីពីរនេះ ជាព្រឹត្តិការណ៍សំខាន់មួយឆ្ពោះទៅរកការពង្រឹងពាណិជ្ជកម្ម និងទំនាក់ទំនងសេដ្ឋកិច្ច រវាងកម្ពុជា និងចិន ព្រមទាំងបង្ហាញពីសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។ ក្រុមហ៊ុន Season Fresh និង GrandFruit នឹងបន្តលើកស្ទួយផ្លែមៀនប៉ៃលិននៅទីផ្សារប្រទេសចិន៕