(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធានក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និង អភិបាលកិច្ច «ក្រុម ឃ» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន រួមជាមួយនឹងលោក អានូដ ដាក (Arnaud Darc) សហប្រធាន «ក្រុម ឃ» (ខាងផ្នែកឯកជន) នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំ «ក្រុម ឃ» ក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈម និងស្តាប់សំណូមពរ ក៏ដូចជាដើម្បីដាក់ចេញវិធានការបន្តដោះស្រាយ ឱ្យបានសមស្របជូនវិស័យឯកជន វិនិយោគិន និងធុរជននៅក្នុងប្រទេសកម្ពុជា។

កិច្ចប្រជុំថ្ងៃនេះ មានលក្ខណៈពិសេស គឺជាកិច្ចប្រជុំលើកដំបូងរបស់ «ក្រុម ឃ» បន្ទាប់ពីរាជរដ្ឋាភិ-បាលថ្មី នីតិកាលទី ៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលកាន់ដំណែងដឹកនាំប្រទេសតាម «កម្មវិធីនយោបាយ» និង «យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១» ប្រកបដោយថាមពល ជវភាព និងសមត្ថភាព។

កិច្ចប្រជុំ ត្រូវបានរៀបចំឡើងក្នុងគោលដៅបន្តជំរុញធុរកិច្ច និងលើកកម្ពស់បរិយាកាសវិនិយោគ ក្នុងខណៈដែលកម្ពុជាសម្រេចបានសមិទ្ធិផលជាក់ស្តែងធំៗ និងកំពុងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍ និងមានការចូលរួមពីសហសេវិកទាំងផ្នែករាជរដ្ឋាភិបាល វិស័យឯកជន ក្រសួង-ស្ថាប័ន និងតំណាងសមាគមពាក់ព័ន្ធ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យមានការពិភាក្សា ដោយបើកចំហររវាងភាគីវិស័យឯកជន និង រាជរដ្ឋាភិបាល លើបញ្ហាប្រឈម កង្វល់ និងសំណូមពររបស់វិស័យឯកជន។ កិច្ចប្រជុំនេះបានពិភាក្សាលើរបៀបវារៈចំនួន ៥ រួមមាន៖

១៖ ការអនុវត្តពន្ធអាករលើតម្លៃបន្ថែមលើផលិតផលបារីនាំចូល,
២៖ ពាណិជ្ជកម្មខុសច្បាប់,
៣៖ សិទ្ធិផ្តាច់មុខ និងការនាំចូលរថយន្តម៉ូដែលចុងក្រោយស្ថិតក្រោមសិទ្ធិផ្តាច់មុខ,
៤៖ ការធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់អ្នកជាប់ពន្ធតូច ឬ សហគ្រាសដែលប្តូរទ្រង់ទ្រាយពីរបបម៉ៅការ និង
៥៖ ការបញ្ចូលភាគហ៊ុននិកបន្ថែមរបស់អ្នកជាប់ពន្ធតូច ឬ សហគ្រាសដែលប្តូរទ្រង់ទ្រាយពីរបបម៉ៅការ ឬ សហគ្រាសឯកបុគ្គល។

កិច្ចប្រជុំ ក៏បានពិភាក្សាលើការស្នើសុំរៀបចំ «សៀវភៅ ស» ដែលជាការចងក្រងនូវកំណត់ហេតុបូកសរុប និងការសម្រេចរបស់អង្គប្រជុំមុនៗផងដែរ។

អង្គប្រជុំបានដោះស្រាយសំណូមពរ និងធ្វើការបំភ្លឺចំពោះកង្វល់ដែលវិស័យឯកជនបានលើកឡើង និងបានស្នើឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ រៀបចំដាក់ចេញនូវវិធានការ យន្តការសមស្រប សម្រាប់ដោះស្រាយតាមសមត្ថកិច្ច និងភារកិច្ចរៀងខ្លួនៗ ដើម្បីស្វែងរកដំណោះស្រាយសមស្រប យុត្តិធម៌ សំដៅលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ចដែលមានការប្រកួតប្រជែងស្មើភាពគ្នា តម្លាភាព ព្រមទាំងរក្សាបាននូវការអនុវត្តច្បាប់ និងបទប្បញ្ញាត្តិ ដែលមានជាធរមាន ។ កិច្ចប្រជុំ នឹងបន្តពិភាក្សាលើរបៀបវារៈដែលនៅសេសសល់ នៅក្នុងខែ តុលា ឆ្នាំ ២០២៣ បន្តទៀត៕