(ភ្នំពេញ)៖ សមាគមវារីវប្បករនៅកម្ពុជា បានលើកឡើងថា ប្រជាពលរដ្ឋកសិករ ជាសមាជិកក្នុងសមាគមវារីវប្បករកម្ពុជា ដែលប្រកបរបរចិញ្ចឹមត្រីខ្នាតតូច ប្រមាណ៦០% បានបញ្ឈប់ការចិញ្ចឹមត្រី ចំណែកអ្នកចិញ្ចឹមខ្នាតមធ្យម និងធំ បានបន្ថយការចិញ្ចឹមត្រី ដោយសារតែបញ្ហានៃតម្លៃចំណីត្រីឡើងថ្លៃ ចំណែកត្រីលើទីផ្សារមានតម្លៃថោក។

ចំពោះការបញ្ឈប់ការចិញ្ចឹមត្រី របស់កសិករចិញ្ចឹមខ្នាតតូចប្រមាណ ៦០%នេះ បានចាប់ផ្ដើមក្នុងពេលប្រមូលផលលើកចុងក្រោយ ក្នុងកំឡុងខែមេសា ឆ្នាំ២០២៣។

លោក ឡែមផូរ សុថាវរិទ្ធិ ប្រធានគណៈកម្មការប្រតិបត្តិ សមាគមវារីវប្បករនៅកម្ពុជា បានឲ្យដឹងថា «ក្នុងអំឡុងពេលប្រមូលផលត្រី ធ្វើឡើងក្នុងខែមេសា-ឧសភា ប្រជាកសិករដែលចិញ្ចឹមត្រីខ្នាតតូច បានបញ្ឈប់ការចិញ្ចឹមត្រីប្រមាណ ៦០% ដោយសារចំណីត្រីឡើងថ្លៃ តែតម្លៃត្រីលើទីផ្សារចុះថោក ធ្វើឲ្យការចិញ្ចឹមមិនត្រឹមតែមិនផ្ដល់ផលចំណេញប៉ុណ្ណោះទេ ថែមទាំងខាតកម្លាំងពលកម្មទៀតផង»។

លោកបានបន្ដថា ជាក់ស្ដែងក្នុងអំឡុងខែមេសា ដល់ខែកក្កដា ឆ្នាំ២០២៣នេះ តម្លៃត្រីមិនបានឡើងថ្លៃ ឬចុះថោកនោះឡើយ គឺរក្សាតម្លៃថេរ ជាហេតុផលដែលរុញច្រាន ឲ្យប្រជាកសិករចិញ្ចឹមត្រីខ្នាតតូចបានបញ្ឈប់ការចិញ្ចឹម។ ប៉ុន្ដែចាប់ពីខែសីហា ខែកញ្ញានេះ តម្លៃត្រីចាប់ផ្ដើមឡើងថ្លៃ ដោយសារតែបរិមាណត្រីមានតិច កង្វះក្នុងការផ្គត់ផ្គង់លើទីផ្សារ បូកផ្សំជាមួយពេលនេះជារដូវបិទនេសាទ ដូច្នេះត្រីធម្មជាតិមិនសូវសំបូរលក់លើទីផ្សារ ចំណែកត្រីចិញ្ចឹមខ្នាតតូច ត្រូវបានប្រមូលផលអស់ និងការមិនអាចនាំចូលត្រី ពីប្រទេសជិតខាង ដោយសារតម្លៃថ្លៃនាំចូលក៏មិនចំណេញ ធ្វើឲ្យតម្លៃត្រីឡើងថ្លៃ។

លោកបញ្ជាក់បន្ថែមថា ចំពោះតម្លៃត្រីដែលឡើងថ្លៃ គឺឡើងថ្លៃខ្លាំងតែម្ដង ជាក់ស្ដែងត្រីប្រាពីមុនមានតម្លៃត្រឹមតែ ៤ពាន់រៀលក្នុងមួយគីឡូក្រាម ប៉ុន្ដែពេលនេះឡើងដល់ជាង៥ពាន់ក្នុងមួយគីឡូក្រាម ចំណែកត្រីពោធិ៍តម្លៃឡើងដល់៧-៨ពាន់រៀលក្នុងមួយគីឡូក្រាម ខណៈពីមុនមានតម្លៃត្រឹមតែជាង ៥ពាន់រៀល ឬ៦ពាន់រៀលប៉ុណ្ណោះ ចំណែកត្រីឆ្ដោឡើងថ្លៃរហូតដល់ ១២០០០រៀលក្នុងមួយគីឡូក្រាម ខណៈពីមុនតម្លៃត្រឹមតែ ៩ពាន់រៀលប៉ុណ្ណោះ។

លោកបានបន្ដថា ចំពោះកសិករចិញ្ចឹមត្រីខ្នាតមធ្យម និងខ្នាតធំ មិនបានបញ្ឈប់ការចិញ្ចឹមនោះឡើយ ប៉ុន្ដែបានបន្ថយបរិមាណចិញ្ចឹមត្រីប្រមាណ ៤០ភាគរយ មានន័យថា ពីមុនកសិករធ្លាប់ចិញ្ចឹម ១០ម៉ឺនកូនត្រីក្នុងមួយស្រះ តែពេលនេះចិញ្ចឹមត្រឹកតែចន្លោះ ៦-៧ម៉ឺនកូនត្រីប៉ុណ្ណោះ ដោយសារពួកគាត់មើលមិនឃើញពីភាពច្បាស់លាស់នៃតម្លៃត្រីលើទីផ្សារ។

ឆ្លើយតបនឹងបញ្ហានៃការបន្ថយ និងឈប់ចិញ្ចឹមត្រីរបស់សមាជិកសមាគមវារីវប្បករ កញ្ញា អ៉ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា ដោយសារតែសមាជិកអ្នកចិញ្ចឹមត្រី របស់សមាគមវារីវប្បករកង្វះខាតនូវបច្ចេកទេស ក្នុងការចិញ្ចឹម ទើបធ្វើឲ្យការចិញ្ចឹមត្រីមានបញ្ហារហូតបន្ថយការចិញ្ចឹម និងឈប់ចិញ្ចឹមបែបនេះ។

កញ្ញា អ៉ឺម រចនា បានថ្លែងថា «ការធ្លាក់ចុះនៃការចិញ្ចឹមត្រីប្រមាណ ៦០ភាគរយជាការពិត ពិតជាមានការធ្លាក់ចុះមែន ប៉ុន្ដែជាការធ្លាក់ចុះនៃការចិញ្ចឹម របស់សមាជិកសមាគមវារីវប្បករកម្ពុជាប៉ុណ្ណោះ មិនបានឆ្លុះបញ្ចាំងពីការធ្លាក់ចុះ របស់វារីវប្បកម្មទាំងមូលនៃប្រទេសកម្ពុជាឡើយ ចំពោះអ្នកចិញ្ចឹមត្រីបែបគ្រួសារ ឬអ្នកចិញ្ចឹមដទៃទៀត នៅមានដំណើរការចិញ្ចឹមតាមធម្មតា»

អ្នកនាំពាក្យរូបនេះបានបញ្ជាក់បន្ថែមថា «បើតាមការលើកឡើង និងការទទួលស្គាល់ពីសមាគមវារីវប្បករ ចំពោះមូលហេតុធ្វើឲ្យសមាជិក របស់សមាគមវារីវប្បករសម្រេចចិត្តបោះបង់ការចិញ្ចឹមត្រី ដោយសារតែការអនុវត្តការចិញ្ចឹមត្រី តាមបច្ចេកទេសមិនបានត្រឹមត្រូវ ដូចជា ការដាក់កូនត្រីលើសចំណុះ និងដាក់ចំណីច្រើនហួសធ្វើឲ្យការចំណាយកើនឡើង បណ្ដាឲ្យផលចំណេញថយចុះ ឬខាតបង់ជាដើម»

កញ្ញា អ៉ឹម រចនា បានបញ្ជាក់បន្ថែមថា អាស្រ័យហេតុនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវ និងសំណមពរដល់អ្នកចិញ្ចឹមត្រី លក្ខណៈគ្រួសារក្ដី ឬការចិញ្ចឹមក្នុងសមាគមវារីវប្បករទាំងខ្នាតតូច មធ្យម និងធំ សូមមេត្តាអនុវត្តន៍តាមស្ដង់ដារបច្ចេកទេស នៃការចិញ្ចឹមត្រី ប្រសិនបើប្រជាកសិករមិនមានការយល់ដឹងច្បាស់ និងត្រូវការជំនួយបច្ចេកទេស ក្រសួងកសិកម្ម នឹងផ្ដល់នូវជំនួយបច្ចេកទេសជូន ដល់ប្រជាពលរដ្ឋដោយគ្រាន់តែទូរស័ព្ទ មកកាន់លេខ ១២៨៩ ជួបពិភាក្សាជាមួយមន្រ្ដីជំនាញប្រចាំការពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ។

ចំពោះការទំនាក់ទំនងរបស់ប្រជាពលរដ្ឋចំថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ មន្រ្ដីជំនាញនឹងឆ្លើយតបទៅត្រឡប់ទៅវិញ នៅពេលចូលមកបំពេញការងារ ហើយប្រសិនជាការចាំបាច់បំផុត នោះក្រសួងនឹងបញ្ចូនមន្រ្ដីបច្ចេកទេស ចុះជួយពលរដ្ឋដល់ទីកន្លែង នេះជាអ្វីដែលក្រសួងកសិកម្ម អាចជួយដល់បងប្អូនបាន។

សូមជម្រាបថា សមាគមវារីវប្បករនៅកម្ពុជា ជាសមាគមផ្ដោតលើវិស័យចិញ្ចឹមត្រី ក្នុងតំបន់គោលដៅចំនួន ៦ខេត្តរួមមាន៖ ខេត្តកណ្ដាល, កំពង់ចាម, កំពង់ធំ, សៀមរាប, បាត់ដំបង និងខេត្តពោធិ៍សាត់ ខណៈឆាប់ៗនេះខេត្តតាកែវនឹងត្រូវបានបញ្ជូល ក្នុងសមាគមវារីវប្បករនៅកម្ពុជាផងដែរ។ សមាគមវារីវប្បករនៅកម្ពុជា មានសមាជិក ១០៦៣នាក់ និងមានប្រមាណ ៧០០កសិដ្ឋាន ជាកសិដ្ឋានចិញ្ចឹមត្រីដើម្បីអាជីវកម្ម៕