(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានសេចក្តីជូនដំណឹង ដល់គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ ដែលមានអាជ្ញាបណ្ណទាំងអស់ ពីការបន្ដដាក់ដេញថ្លៃប្រាក់ដុល្លារចំនួន ៤សប្ដាហ៍ទៀត ដើម្បីគ្រប់គ្រងសម្ពាធលើអត្រាប្តូរប្រាក់។

យោងតាមសេចក្ដីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា ក្រោយពីការដាក់ឱ្យដេញថ្លៃ លក់ប្រាក់ដុល្លារអាមេរិកចំនួន ៤លើក ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ អត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិក បានធ្លាក់មកដល់កម្រិតសមស្រប តាមស្ថានភាពទីផ្សារ។

ទន្ទឹមនេះដោយពិនិត្យឃើញពីការប្រែប្រួល តម្លៃប្រាក់ដុល្លារអាមេរិក នៅលើទីផ្សារអន្តរជាតិ និងការវិវឌ្ឍនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា បច្ចុប្បន្ន និងពេលខាងមុខ ធនាគារជាតិនៃកម្ពុជា នឹងបន្តគ្រប់គ្រងសម្ពាធលើអត្រាប្តូរប្រាក់បន្ថែមទៀត។

ក្នុងគោលដៅនេះ ធនាគារជាតិនៃកម្ពុជានឹងបន្តធ្វើអន្តរាគមន៍ តាមការចាំបាច់រហូតដល់អត្រាប្តូរប្រាក់ស្ថិត ក្នុងកម្រិតមួយសមស្រប ដែលជួយពង្រឹងអំណាចទិញរបស់ប្រាក់រៀល និងរួមចំណែកគាំទ្រការបន្តងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩។ ដូច្នេះការធ្វើអន្តរាគមន៍គ្រោងនឹងធ្វើឡើងចំនួន ២ដងក្នុង១សប្តាហ៍ (ថ្ងៃពុធ និងថ្ងៃសុក្រ) សម្រាប់
រយៈពេល៤សប្តាហ៍តទៅមុខទៀត៕