(ណាននីង)៖ អនុស្សរណៈយោគយល់ត្រីភាគី (MoUs) សំខាន់ៗចំនួនពីរ ត្រូវបានចុះហត្ថលេខា រវាងក្រុមហ៊ុនរបស់កម្ពុជា និងក្រុមហ៊ុនឯកទេសកសិកម្មធំៗពីររបស់ចិន ដើម្បីបង្កើតវិថីថ្មីសម្រាប់នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មរវាងកម្ពុជា-ចិន ជាពិសេសលើកកម្ពស់ការផលិត និងកែច្នៃដំណាំដំឡូងមី ដែលចូលរួមជាអធិបតីដោយលោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និមល រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ។

ការចុះអនុស្សរណៈយោគយល់ត្រីភាគីនេះ គឺជាលទ្ធផលនៃកិច្ចប្រឹងប្រែង និងការសម្របសម្រួលក្រោមកម្មវិធីផ្គូផ្គង និងលើកកម្ពស់បណ្តាញធុរកិច្ចកម្ពុជា-ចិន របស់មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលសម្របសម្រួលបច្ចេកទេស និងដឹកនាំអនុវត្តកម្មវិធីដោយ លោក ជា កុកហុង ប្រធានលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព។ ព្រឹត្តិការណ៍នេះបានបង្ហាញពីការសម្របសម្រួលប្រកបដោយបុរេសកម្ម និងការខិតខំប្រឹងប្រែងរួមគ្នាក្នុងចំណោមភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីរួមចំណែកផ្លាស់ប្តូរ និងពិពិធកម្មវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា។

អនុស្សរណៈយោគយល់គ្នាដែលបានចុះហត្ថាលេខាដោយត្រីភាគីទី១ គឺផ្តោតលើសហប្រតិបត្តិ ការដើម្បីបង្កើតភាពប្រសើរឡើងនៃវិស័យកសិកម្ម ដែលបានចុះហត្ថលេខាដោយ ក្រុមហ៊ុន ID Capital ក្រុមហ៊ុន Chongqing Hongjiu Fruit, និង ADWT។ ក្រោមភាពជាដៃគូថ្មីនេះ ក្រុមហ៊ុន ID Capital ដែលជាក្រុមហ៊ុនវិនិយោគ និងគ្រប់គ្រងមូលនិធិឈានមុខនៅកម្ពុជា រួមជាមួយនឹងក្រុមហ៊ុន Chongqing Hongjiu Fruit ដែលជាក្រុមហ៊ុននាំមុខគេក្នុងការផ្គត់ផ្គង់ និងចែកចាយផ្លែឈើស្រស់នៅប្រទេសចិន និង ក្រុមហ៊ុន Advance Digital World Trade (ADWT) ដែលជាដៃគូផ្លូវការរបស់ក្រុមហ៊ុន Alibaba នៅកម្ពុជា បានរួមគ្នាដើម្បីផ្លាស់ប្តូរការអនុវត្ត និងអភិវឌ្ឍនៅក្នុងវិស័យកសិកម្ម។ ភាពជាដៃគូត្រីភាគីនេះត្រូវបានរៀបចំឡើង ដើម្បីបង្កើននិរន្តរភាព នវានុវត្តន៍ និងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។

ចំណែកអនុស្សរណៈយោគយល់ទី២ គឺផ្តោតលើការផ្លាស់ប្តូរ និងអភិវឌ្ឍន៍ នៃវិស័យដំឡូងមី។ ក្រុមហ៊ុន ID Capital, ADWT ជាមួយ ATL ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Asia Cassava Resources Holding Limited និងជាអ្នកជំនាញឈានមុខក្នុងការដាំដុះ និងកែច្នៃដំឡូងមី បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់នាពេលថ្មីៗនេះ។ កិច្ចព្រមព្រៀងនេះបង្ហាញពីការបង្កើតភាពជាដៃគូដ៏សំខាន់ ក្នុងគោលបំណងជំរុញផលិតកម្មដំឡូងមីកម្ពុជា, ការកែច្នៃ និងពាណិជ្ជកម្មឱ្យឈានដល់កម្រិតថ្មីមួយ។

លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមហ៊ុន ID Capital បានបញ្ជាក់ថា «កិច្ចសហការរបស់យើងជាមួយក្រុមហ៊ុន Chongqing Hongjiu Fruit , ATL, និង ADWT ដែលស្ថិតនៅក្រោមការផ្តួចផ្តើមរបស់មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធក្នុងការជួយជំរុញវិស័យកសិកម្មប្រកបដោយនិរន្តរភាព និងការលើកកម្ពស់ពាណិជ្ជកម្មឆ្លងដែន (cross-border trade)។ ពួកយើងខ្ញុំនឹងបន្តអនុវត្តកិច្ចសហការនេះ ដើម្បីបង្កើតវិបុលភាពសេដ្ឋកិច្ច ជាពិសេសចូលរួមពង្រឹងមិត្តភាពរវាងកម្ពុជា និងចិន»

ក្រុមហ៊ុន Chongqing Hongjiu Fruit ដែលមានភាពល្បីល្បាញក្នុងការផ្គត់ផ្គង់ផ្លែឈើដែលមានគុណភាព និងស្តង់ដារខ្ពស់ បានសម្តែងការសាទរចំពោះភាពជាដៃគូនេះ។
លោក Den Hongjiu ប្រធានក្រុមហ៊ុន Chongqing Hongjiu Fruit បានកត់សម្គាល់ថា៖ «កិច្ចសហការជាមួយ ID Capital និង ADWT នឹងមិនត្រឹមតែពង្រឹងការយកចិត្តទុកដាក់របស់យើងចំពោះវិស័យកសិកម្ម ប្រកបដោយនិរន្តរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការលើកកម្ពស់ឧស្សាហកម្មកសិកម្មនៅកម្ពុជា និងប្រទេសចិនផងដែរ»

លោក Ming Chuan Chu ប្រធានក្រុមហ៊ុន Artwell Tapioca Limited បានបញ្ជាក់យ៉ាងច្បាស់ថា៖ «កិច្ចសហការរបស់យើងជាមួយ ID Capital ជាមួយនឹង ADWT ក្រោមការគាំទ្រ និងសម្របសម្រួលយ៉ាងយកចិត្តទុកដាក់របស់មូលនិធិអភិវឌ្ឍន៍សហគ្រិនភាពបានសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍកសិកម្មដំឡូងមីប្រកបដោយនិរន្តរភាព។ ជាមួយគ្នានេះយើងកំពុងត្រៀមខ្លួន ដើម្បីនាំមកនូវបដិវត្តកម្ម និងនវានុវត្តន៍នៃផលិតកម្មដំឡូងមី ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា និងចិន»

អនុស្សារណៈយោគយល់នេះអាចសម្រេចទៅបានដោយមានការផ្តួចផ្តើម ពីមូលនិធិអភិវឌ្ឍន៍សហគ្រិនភាពនិង សម្របសម្រួលដោយ ADWT ដែលជាអ្នកគាំទ្រសកម្មភាពពាណិជ្ជកម្មសកល និងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចជារួម។

លោកឧកញ៉ាបណ្ឌិត ឈិន កេន នាយកគ្រប់គ្រង ADWT បានមានប្រសាសន៍ថា «កម្មវិធីផ្គូផ្គងធុរកិច្ចកម្ពុជា-ចិនរបស់មូលនិធិអភិវឌ្ឍន៍សហគ្រិនភាពបានបង្ហាញពីសក្តានុពលសម្រាប់កំណើនសេដ្ឋកិច្ចនិងកិច្ចសហប្រតិបត្តិការតាមរយៈការបង្កើនពាណិជ្ជកម្មក្នុងប្រទេសទាំងពីរ»

ភាពជោគជ័យនៃអនុស្សរណៈយោគយល់ត្រីភាគីនេះ ជាសមិទ្ធិផលដ៏សំខាន់មួយរបស់មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការជំរុញការតភ្ជាប់បណ្តាញធុរកិច្ចរវាងកម្ពុជា និងចិន តាមរយៈកម្មវិធីផ្គូផ្គង និងលើកកម្ពស់ធុរកិច្ច។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ បានបង្ហាញឱ្យឃើញពីនិរន្តរភាព និងនវានុវត្តន៍ សម្រាប់វិស័យកសិកម្មរបស់ប្រទេសកម្ពុជា និងប្រទេសចិនដើម្បីជួយកសិករ និងសេដ្ឋកិច្ចក្នុងស្រុកឱ្យមានការរីកចម្រើនមួយកម្រិតទៀត៕