(កណ្ដាល)៖ កសិដ្ឋាន Cambodia Fresh Farm ដែលចិញ្ចឹមត្រី «ទីឡាព្យា» យកសាច់លក់ ស្ថិតនៅភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ខេត្ដកណ្ដាល អាចរកចំណូលបានពីការលក់សាច់ត្រី ចន្លោះពី៤ពាន់ ទៅ៥ពាន់ដុល្លារ ក្នុងមួយខែ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ចាវ សួស្តី នាយកប្រតិបត្ដិនៃកសិដ្ឋាន Cambodia Fresh Farm។

ក្នុងដំណើរទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយអំពីសហគ្រាសជលផល ក្រោ​មគម្រោង CAPFish ដែលដឹកនាំដោយក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ, លោក ចាវ សួស្តី បានឲ្យដឹងថា ​បច្ចុប្បន្ន​តម្លៃសាច់ត្រី ដែលលក់ចេញទៅលើទីផ្សារ ក្នុងមួយគីឡូក្រាម លក់ចេញបានក្នុងតម្លៃ ១៥ដុល្លារ ខណៈក្នុងមួយថ្ងៃអាចលក់សាច់ត្រីចេញបានចំនួន ១០គីឡូក្រាម។

បើតាមនាយកប្រតិបត្ដិនៃកសិដ្ឋាន Cambodia Fresh Farm ក្រុមហ៊ុនមានផលិតផលសំខាន់ៗចំនួន៤ រួមមាន៖

* សាច់ត្រីស្រស់ និងសាច់ត្រីបង្កក៖ សាច់ត្រីទីឡាព្យាស្រស់បង្កក ដែលអាចទទួលទានបានភ្លាមៗ ជាមួយសាស៊ីមី ងាយស្រួលចម្អិន។
* សាច់ត្រីទីឡាព្យាឆ្អិនស្ទើរ៖ សាច់ត្រីទីឡាព្យាអត់ឆ្អឹង ហាលស្ងួត កំដៅបន្តិចអាចញ៉ាំបានភ្លាម ជាពិសេសអាហារពេលព្រឹក។
* ត្រីបំពងណាន់ហ្គុឃីដៃ៖ សាច់ត្រីទីឡាព្យាបកស្បែក អត់ឆ្អឹង បំពងស្រួយជាមួយម្សៅនំប៉័ង។ អាចប្រើប្រាស់ជាអាហារសម្រន់ ស្នូលសាំងវិច បឺហ្គ័រសាច់ ជាដើម។
* ត្រីឆ្អើរ៖ ញាំបានភ្លាម ត្រីឆ្អើរទីឡាព្យាមានរសជាតិ កាន់តែឆ្ងាញ់ដោយបន្ថែមម្រេច គ្រប់មុខ គ្រប់រសជាតិ។

លោក​បានបន្ថែមថា លោក-លោកស្រី អាចរកជាវផលិតផលទាំងនេះ នៅតាមផ្សារទំនើប១០កន្លែង និងភោជនីយដ្ឋាន១០កន្លែង ខណៈដែលការបញ្ជាទិញ កំពុងមានការកើនឡើងផងដែរ។

លោក ចាវ សួស្តី បានឲ្យដឹងទៀតថា ក្រុមហ៊ុនប្រកាន់យ៉ាងខ្ជាប់ខ្ជួន នូវការអនុវត្ដវារីប្បកម្មល្អ លើផ្ទៃដី៤.៥ហិកតា ដែលមានស្រះចិញ្ចឹមត្រី សរុបចំនួន២៤ស្រះ និងប្រើប្រាស់បច្ចេកវិទ្យាកែច្នៃរបស់ជប៉ុន ដើម្បីធានាបានទាំងគុណភាព និងសុវត្ថិភាពខ្ពស់បំផុត នៃផលិតផលសាច់ត្រីទីឡាព្យា។

នាពេលបច្ចុប្បន្ន ផលិតផលដែលក្រុមហ៊ុនដាក់លក់ គឺកែច្នៃចេញពីកសិដ្ឋានផ្ទាល់ ដោយទិញកូនត្រីពី Smiling Gecko រីឯចំណីវិញទិញពីអ្នកចែកចាយក្នុងស្រុក។ នៅទីតាំងរោងចក្រកែច្នៃ ក្រុមហ៊ុនប្រើកម្មករ ១៤រូប (ស្រី៤រូប)។ ក្រុមហ៊ុននឹងសហការជាមួយវារីវប្បករផ្សេងទៀត ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន។

សូមបញ្ជាក់ថា ក្រុមហ៊ុន Rainbow Progress Enterprises Co., Ltd ជាអ្នកបង្កើតកសិដ្ឋានវារីវប្បកម្មនេះឡើងក្នុងឆ្នាំ២០១៦ ដើម្បីចិញ្ចឹមត្រីទីឡាព្យាយកសាច់លក់ ដែលមានម្ចាស់វិនិយោគជាជនជាតិជប៉ុន និងទទួលបានជំនួយបចេ្ចកទេសពីទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិ នៃប្រទេសជប៉ុន (JICA)។

កសិដ្ឋានវារីវប្បកម្មនេះ បានទទួលការគាំទ្រ ពីគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH) ដែលជាកម្មវិធីជំរុញកំណើនវិស័យជលផល ប្រកបដោយចីរភាព និងបរិយាប័ន្ន និងមានគោលដៅគាំទ្រ សមត្ថភាពបច្ចេកទេស ពង្រឹងវិស័យឯកជន លើកកម្ពស់ការប្រកួតប្រជែង អនុវត្តនូវប្រព័ន្ធស្តង់ដាម្ហូបអាហារនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាតិ និងអន្តរជាតិ។

តាមរយៈកិច្ចគាំទ្រពីគម្រោង CAPFISH សហគ្រាស Cambodia Fresh Farm រំពឹងថា នឹងទទួលបានវិញ្ញាបនប័ត្រ HACCP និងពង្រីកចំណែកទីផ្សារក្នុងស្រុក អាចនាំចេញផលិតផលទៅកាន់ទីផ្សារ ប្រទេសជប៉ុន និងសហភាពអ៉ឺរ៉ុប ក៏ដូចជាទីផ្សារក្រៅស្រុកផ្សេងទៀត៕