(ភ្នំពេញ)៖ ក្នុងដំណាក់កាលវិបត្តិជាសកល គ្រប់វិស័យ ពិសេសវិស័យអចលនទ្រព្យ សុទ្ធតែទទួលរងនូវផលប៉ះពាល់។ យ៉ាងណាមិញ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានស្ថាបនិក KW Cambodia បានលើកឡើងថា មិនគួរណាយកបញ្ហាទាំងនេះ បង្កជាបន្ទុកសម្រាប់សង្គមនោះទេ ផ្ទុយទៅវិញ ត្រូវផ្សព្វផ្សាយនូវព័ត៌មាវិជ្ជមានជាច្រើន ដើម្បីជម្នះបញ្ហាទាំងអស់នោះ ហើយរួមចំណែកស្ដារនូវស្ថានភាពល្អប្រសើរឡើងវិញ។

អ្នកជំនាញមានបទពិសោធន៍ជាង ២០ឆ្នាំរូបនេះ បានបញ្ជាក់ថា រាល់បញ្ហា តែងមានដំណោះស្រាយ តែបើគ្រប់គ្នានិយាយតែបញ្ហា អត់មានដំណោះស្រាយ លោកព្រួយបារម្ភខ្លាចថ្ងៃអនាគតវិស័យអចលនាទ្រព្យ នឹងអាក្រក់ដូចមាត់គេនិយាយ។ ហេតុនេះ លោកបានសំណូមពរឲ្យគ្រប់បណ្ដាញសារព័ត៌មាន និងប្រជាពលរដ្ឋ ធ្វើការផ្សព្វផ្សាយពីអ្វីដែលវិជ្ជមាន អ្វីដែលកម្ពុជាមាន ហើយកំពុងមានការអភិវឌ្ឍ និងរីកចម្រើន។

«ខ្ញុំសំណូមពរទៅដល់អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ សម្រាប់ការផ្សព្វផ្សាយលើបណ្ដាញសង្គមនានា សូមផ្សព្វផ្សាយព័ត៌មានល្អៗឲ្យបានច្រើន។ ព័ត៌មានល្អ ទាក់ទងសង្គម ប្រទេសជាតិ សេដ្ឋកិច្ច នយោបាយ កសិកម្ម ទេសចរណ៍។ល។ រីឯព័ត៌មានមិនចាំបាច់លក្ខណៈបុគ្គល ឬគ្រោះថ្នាក់តិចតួច កុំព្យាយាមផ្សព្វផ្សាយច្រើនពេក ព្រោះវាអត់ចំណេញអ្វីសោះសម្រាប់សង្គមជាតិ»។ លោកបណ្ឌិត គីម ហ៊ាង បន្ថែម។

លោកថា ការផ្សព្វផ្សាយព័ត៌មានវិជ្ជមាន ទាំងក្របខណ្ឌស្ថាប័នព័ត៌មាន ឬបុគ្គលក្ដី ទោះមិនអាចជួយអ្វីច្រើនដល់សង្គម ក៏មិនបង្កបញ្ហាបន្ថែមដល់សង្គមដែរ។ ហេតុនេះ លោកតែងណែនាំបុគ្គលិក និងសមាជិកទាំងអស់ រាល់ការផ្សព្វផ្សាយ មិនថាពាក់ព័ន្ធវិស័យអចលនទ្រព្យ ឬវិស័យអ្វីនោះទេ ត្រូវតែបង្កប់នូវគំនិតវិជ្ជមានជានិច្ច ព្រោះមានតែបុគ្គលវិជ្ជមានប៉ុណ្ណោះ ដែលនិយាយរឿងវិជ្ជមាន ហើយទទួលបានលទ្ធផលវិជ្ជមាន។

សូមបញ្ជាក់ថា ការលើកឡើងរបស់អ្នកជំនាញខាងលើ បន្ទាប់ពី KW Cambodia បានរៀបចំកម្មវិធី ស្ដីពីដំណោះស្រាយវិស័យអចលនទ្រព្យនៅកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីបង្ហាញឲ្យមនុស្សជាច្រើន មានភាពជឿជាក់លើវិស័យអចលនទ្រព្យកម្ពុជានាថ្ងៃអនាគត ទាំងគម្រោងដីឡូដិ៍ លំនៅដ្ឋាន និងខុនដូជាដើម ដែលនៅតែដើរតួសំខាន់ ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋ និងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិផងដែរ៕