(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ស្ថានទូតថៃប្រចាំនៅកម្ពុជា លោកបណ្ឌិត អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ តំណាងរបស់លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ (អពដ) បានអញ្ជើញ ចូលរួមជាវាគ្មិនកិត្តិយស ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «A Practical Guide on Cambodian Taxation Law and related Economic Laws» នៅសណ្ឋាគារ Oakwood Premier រាជធានីភ្នំពេញ ដែលមានការចូលរួមអមដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារ។

សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពី លោក Cherdkiat Atthakor ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា, លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្ម លោកស្រី Jiranun Wongmongkol ប្រធានសមាគមពាណិជ្ជកម្មថៃប្រចាំប្រទេសកម្ពុជា (TBCC) និងអ្នកជំនាញនៃក្រុមហ៊ុន DFDL Cambodia ដែលជំនាញផ្នែកគណនេយ្យ សវនកម្ម និងពន្ធដារ ព្រមទាំងវត្តមានថ្នាក់ដឹកនាំ មន្ត្រី នៃស្ថានទូតព្រះរាជាណាចក្រថៃប្រចាំនៅកម្ពុជា អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងសមាជិកនៃ TBCC សរុបចំនួន ១៥០នាក់។

ជាកិច្ចចាប់ផ្តើម លោកឯកអគ្គរាជទូត បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក លោកស្រី នាងកញ្ញាទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងសិក្ខាសាលាដ៏មានអត្ថន័យនេះ ជាពិសេសតំណាងពី អគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងអ្នកជំនាញមកពីក្រុមហ៊ុន DFDL Cambodia ដែលបានផ្តល់កិត្តិយសចូលរួម និងធ្វើបទបង្ហាញ។ ក្នុងនោះដែរ លោកឯកអគ្គរាជទូត ក៏បានលើកឡើងអំពីគោលបំណងនៃសិក្ខាសាលា គឺធ្វើការផ្សព្វផ្សាយលើប្រធានបទដ៏មានសារសំខាន់ពាក់ព័ន្ធនឹងច្បាប់ស្តីពីសារពើពន្ធ ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីជួយឱ្យវិនិយោគិនថៃបានយល់ដឹង និងពង្រឹងអនុលោមភាពលើការធ្វើពាណិជ្ជកម្ម នៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាផ្តល់ឱកាសឱ្យវិនិយោគិនថៃ បានលើកឡើងនូវបញ្ហាប្រឈមផ្សេងៗដែលបានជួបប្រទះកន្លងមក។

ជាមួយគ្នានេះ លោកឯកអគ្គរាជទូត ក៏បានបញ្ជាក់ផងដែរថា សិក្ខាសាលានេះ មិនត្រឹមតែជាសិក្ខាសាលារៀបចំឡើងសម្រាប់វិនិយោគិនប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការ និងរឹតចំណងមិត្តភាពរវាងព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែល្អប្រសើរ។

ក្នុងសិក្ខាសាលានេះដែរ លោកបណ្ឌិត អេង រតនា បានសម្តែងនូវកិច្ចស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះការផ្តល់កិត្តិយសដែលស្ថានទូតថៃនៅកម្ពុជា បានអញ្ជើញតំណាង អគ្គនាយកដ្ឋានពន្ធដារ ចូលរួមនិងធ្វើបទបង្ហាញក្នុងសិក្ខាសាលាដ៏មានសារសំខាន់ ដែលនេះបង្ហាញពីកិច្ចសហប្រតិបត្តិការល្អ និងប្រកបដោយមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រថៃ។

ទន្ទឹមនឹងនេះ លោកបណ្ឌិតបានគូសបញ្ជាក់ និងបានធ្វើបទបង្ហាញគន្លឹះស្តីពីបច្ចុប្បន្នភាពនៃកម្មវិធីកំណែទម្រង់របស់អគ្គនាយកដ្ឋានពន្ធដារ ការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធច្បាប់ ស្តីពីសារពើពន្ធ និងប្រព័ន្ធពន្ធដារកម្ពុជា ដែលនាំឱ្យលទ្ធផលនៃការប្រមូលចំណូលពន្ធ សម្រេចបានលើសផែនការកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ន (ជាង១០ឆ្នាំ)។

ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ បុរេសកម្ម និងប៉ិនប្រសប់របស់លោក គង់ វិបុល បានធ្វើឱ្យ អគ្គនាយកដ្ឋានពន្ធដារ ក្លាយជាស្ថាប័នរដ្ឋមួយឈានមុខគេ ដែលបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ Digital គ្រប់ផ្នែកទាំងអស់ ហើយប្រព័ន្ធនេះ ត្រូវបានបង្កើតឡើងដោយធនធានមនុស្សរបស់ អពដ ក្រោមការដឹកនាំផ្ទាល់របស់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី គង់ វិបុល តែម្តង។

ទន្ទឹមនេះ អគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុងបន្តធ្វើបច្ចុប្បន្នភាព បទប្បញ្ញត្តិស្តីពីពន្ធដារ ដើម្បីឆ្លើយតបនិងស្របតាមការវិវត្តនៃកំណើនសេដ្ឋកិច្ច ដោយអនុលោមតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្រ្តកៀរគរចំណូល ជាពិសេសយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលស្នូលនៃយុទ្ធសាស្ត្រ គឺ ការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ព្រមទាំងការដាក់ចេញនូវវិធានការជាក់លាក់ និងច្បាស់លាស់ ដើម្បីធានាបាននូវការប្រមូលចំណូលពន្ធប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

សូមជម្រាបផងដែរថា សិក្ខាសាលាខាងលើផ្តោតលើប្រធានបទសំខាន់ៗរួមមាន៖ ១.បច្ចុប្បន្នភាពនៃច្បាប់ស្តីពីសារពើពន្ធ ២.កំណែទម្រង់ និងការធ្វើទំនើបកម្មរបស់រដ្ឋបាលសារពើពន្ធ និង៣.ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដែលបានធ្វើបទបង្ហាញ និងចែករំលែក ដោយអ្នកជំនាញមកពីក្រុមហ៊ុន DFDL Cambodia លោកបណ្ឌិត អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ និងលោក ផាន អូន អគ្គនាយកនៃអគ្គ-នាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ព្រមទាំងមានវេទិកាជជែកពិភាក្សា បកស្រាយនូវសំណួរ-ចម្លើយរបស់សមាជិកនៃTBCC ដែលបានលើកឡើងយ៉ាងផុលផុស៕