(ប៉េកាំង)៖ ការធ្លាក់ចុះវិស័យអចលនទ្រព្យរបស់ប្រទេសចិនស្ថិតក្នុងស្ថានភាពកាន់តែអាក្រក់នៅក្នុងខែសីហា ដោយតម្លៃផ្ទះថ្មី ការវិនិយោគលើអចលនទ្រព្យ និងការលក់បានធ្លាក់ចុះខ្លាំង បើទោះបីជាមានវិធានការគាំទ្រនាពេលថ្មីៗនេះក្តី នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

យោងតាមការគណនារបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រដោយផ្អែកលើទិន្នន័យរបស់ការិយាល័យស្ថិតិជាតិចិន (NBS) តម្លៃផ្ទះថ្មីបានធ្លាក់ចុះក្នុងល្បឿនលឿនបំផុតក្នុងរយៈពេល ១០ខែក្នុងខែសីហា ដោយធ្លាក់ចុះ ០,៣ភាគរយធៀបនឹងខែកក្កដា បន្ទាប់ពីធ្លាក់ចុះ ០,២ភាគរយនៅក្នុងខែកក្កដា។

ទិន្នន័យដាច់ដោយឡែកបានបង្ហាញកាលពីថ្ងៃសុក្រថា ការវិនិយោគលើអចលនទ្រព្យបានធ្លាក់ចុះរយៈពេល ១៨ខែជាប់ៗគ្នាគិតត្រឹមខែសីហា ដោយធ្លាក់ចុះ ១៩,១ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលធ្លាក់ចុះ ១៧,៨ភាគរយកាលពីខែមុន។ ការលក់ផ្ទះបានធ្លាក់ចុះរយៈពេល ២៦ខែជាប់គ្នា នេះបើយោងតាមការគណនារបស់ Reuters ដោយផ្អែកលើទិន្នន័យរបស់ការិយាល័យ NBS។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រទេសចិនបានដាក់ចេញវិធានការមួយចំនួនដើម្បីជំរុញសកម្មភាពទិញផ្ទះ រួមទាំងការបន្ធូរបន្ថយច្បាប់ខ្ចីប្រាក់មួយចំនួន និងការបន្ធូរបន្ថយការទប់ស្កាត់ការទិញផ្ទះនៅក្នុងទីក្រុងមួយចំនួនផងដែរ។

គោលនយោបាយទាំងនេះបានផ្តល់ឱ្យទីក្រុងធំៗដូចជាទីក្រុងប៉េកាំងនូវការជំរុញតិចតួចក្នុងការលក់ផ្ទះថ្មី ប៉ុន្តែអ្នកខ្លះបារម្ភថា ការជំរុញទាំងនេះអាចមានរយៈពេលខ្លី និងអាចធ្វើអោយតម្រូវការនៅក្នុងទីក្រុងតូចៗកាន់តែធ្លាក់ចុះ៕