(គូឡាឡាំពួ)៖ រដ្ឋមន្ត្រីពាណិជ្ជកម្មម៉ាឡេស៊ីលោក Zafrul Abdul Aziz បានឱ្យដឹងថា ម៉ាឡេស៊ី និងប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ផ្សេងទៀត បានលេចឡើយក្លាយជាអ្នកទទួលផលធំបំផុត ពីការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់ ដែលបណ្តាលមកពីការកើនឡើងភាពតានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ដោយសំដៅលើក្រុមហ៊ុនអាជីវកម្មដែលកំពុងសម្លឹងរកមើលមូលដ្ឋានខ្សែច្រវាក់ផ្គង់ផ្គង់ក្នុងប្រទេសអព្យាក្រឹត លោក Zafrul បាននិយាយនៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ Bloomberg កាលពីថ្ងៃព្រហស្បតិ៍នៅក្រៅកិច្ចប្រជុំកំពូលអាស៊ី Milken Institute Asia Summit លើកទី១០ នៅប្រទេសសិង្ហបុរីថា៖ «មានបញ្ហាប្រឈមក្នុងរយៈពេលវែង ប៉ុន្តែក្នុងរយៈពេលខ្លី យើងត្រូវទាញយកឪកាស»។ លោកបានបន្ថែមថា៖ «ក្រុមហ៊ុនអាជីវកម្មកំពុងសម្លឹងមើលការវិលត្រលប់ទៅកាន់ប្រទេសកំណើតវិញ និងទៅកាន់ប្រទេសជាមិត្ត»។

នៅពេលដែលការបែងចែកភូមិសាស្ត្រនយោបាយរវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកកើនឡើង ម៉ាឡេស៊ីកំពុងធ្វើឱ្យខ្លួនឯងក្លាយជាមូលដ្ឋានអព្យាក្រឹត ខណៈពេលដែលប្រទេសនេះសម្លឹងឆ្ពោះទៅទាក់ទាញក្រុមហ៊ុនដែលមានចិត្តដូចគ្នាដូចជាក្រុមហ៊ុន Microsoft Corp. និងក្រុមហ៊ុន Alphabet Inc. ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Google ជាដើម។ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានទទួលបានការវិនិយោគដែលត្រូវបានអនុម័តចំនួន ៧១,៤ពាន់លានរីងហ្គីត (ប្រហែល ១៥ពាន់លានដុល្លារ) ក្នុងរយៈពេល ៣ខែដំបូងក្នុងឆ្នាំ២០២៣ កើនឡើង ៦០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក Zafrul បានមានប្រសាសន៍ថា៖ «យើងកំពុងមើលឃើញការបន្ស៊ីជាថ្មីនូវខ្សែច្រវាក់ផ្គត់ផ្គង់ដោយសារតែអ្វីដែលកំពុងកើតឡើងដូចជាសង្គ្រាមពាណិជ្ជកម្ម ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ អតិផរណា»។ លោកបានបន្ថែមថា៖ «វាពិតជាបានផ្តល់ផលប្រយោជន៍ដល់តំបន់របស់យើង ជាពិសេសអាស៊ាន និងប្រទេសម៉ាឡេស៊ីផងដែរ»។

ការសិក្សាមួយរបស់ក្រុមហ៊ុន HSBC Holdings Plc ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី គឺជាគោលដៅកំពូលរបស់ក្រុមហ៊ុនដែលកំពុងស្វែងរកការវិនិយោគនៅក្នុងទីផ្សារកំពុងអភិវឌ្ឍន៍ខ្លាំងថ្មីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយមួយភាគបួននៃក្រុមហ៊ុនដែលគ្មានវត្តមាននៅក្នុងប្រទេសម៉ាឡេស៊ីគ្រោងនឹងពង្រីកអាជីវកម្មនៅទីនោះក្នុងរយៈពេលពីរឆ្នាំខាងមុខ ដែលនាំមុខដោយប្រទេសចិនដីគោក និងសហរដ្ឋអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕