(វីយែន)៖ មន្ត្រីកំពូលរបស់អង្គការប្រទេសនាំចេញប្រេង (OPEC) បានព្រមានពីហានិភ័យនៃការឈប់ប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ដោយវាយបកជាថ្មីទៅកាន់ការលើកឡើងរបស់ទីភ្នាក់ងារថាមលពលអន្តរជាតិ (IEA)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

លោក Haitham Al-Ghais អគ្គលេខាធិការអង្គការ OPEC បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការឈប់ប្រើប្រាស់ថាមពលអ៊ីដ្រូកាបូន «នឹងនាំទៅរកភាពវឹកវរផ្នែកថាមពលខ្លាំងមិនធ្លាប់មានពីមុនមក ជាមួយនឹងផលវិបាកធ្ងន់ធ្ងរសម្រាប់សេដ្ឋកិច្ច និងមនុស្សរាប់លាននាក់នៅទូទាំងពិភពលោក»។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ទីភ្នាក់ងារថាមពលអន្តរជាតិបានឱ្យដឹងកាលពីថ្ងៃពុធថា តម្រូវការប្រេងអាចនឹងនៅទ្រឹងក្នុងទសវត្សរ៍នេះ ដោយសារអ្នកប្រើប្រាស់កាន់តែច្រើនងាកទៅប្រើប្រាស់ថាមពលកកើតឡើងវិញ ដើម្បីចៀសវាងការប្រែប្រួលអាកាសធាតុដ៏មហន្តរាយ។

លោក Fatih Birol នាយកប្រតិបត្តិ IEA បានថ្លែងថា៖ «យើងប្រហែលជាអាចនឹងមើលឃើញការចាប់ផ្តើមនៃការបញ្ចប់យុគសម័យឥន្ធនៈហ្វូស៊ីល»។

ការប៉ះទង្គិចគ្នានេះគឺជាសង្គ្រាមពាក្យសម្តីមួយទៀតរវាងអង្គការប្រទេសនាំចេញប្រេង (OPEC) និងទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ដែលបានរិះគន់អារ៉ាប៊ីសាអូឌីត និងប្រទេសដៃគូរបស់ប្រទេសនេះចំពោះការបង្កឱ្យមានហានិភ័យកំណើនអតិផរណាដោយការការជំរុញតម្លៃប្រេងឥន្ធនៈ។

ទីភ្នាក់ងារ IEA ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសបានហៅអង្គការ និងប្រទេសសម្ព័ន្ថមិត្តរបស់ខ្លួនរូមគ្នាហៅថា OPEC+ ក្រោមការដឹកនាំរបស់ប្រទេសអារ៉ាប៊ីសាអូឌីត និងរុស្ស៊ីថាជា «បញ្ហាដ៏គួរឱ្យភ័យខ្លាច» ចំពោះស្ថិរភាពទីផ្សារប្រេង ដែលបានប្រឈមនឹងការអាក់ខានយ៉ាងខ្លាំងបង្កឡើងដោយការលុកលុយរបស់ទីក្រុងម៉ូស្គូលើប្រទេសអ៊ុយក្រែន។ នេះបើយោងតាម Bloomberg៕