(បាងកក)៖ ទេសាភិបាលធនាគារកណ្តាលរបស់ប្រទេសថៃបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ថា លោកមានការព្រួយបារម្ភអំពីស្ថិរភាពសារពើពន្ធ ហើយរដ្ឋាភិបាលថ្មីចាំបាច់ត្រូវធានាបាននូវវិន័យសារពើពន្ធ និងមិនផ្តោតខ្លាំងលើការជំរុញការប្រើប្រាស់ឡើយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក Sethaput Suthiwartnaruput ខណៈថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា ប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់តំបន់អាស៊ីអាគ្នេយ៍មួយនេះបន្តស្ទុះងើបឡើងវិញពីជំងឺរាតត្បាតដែលជំរុញដោយការប្រើប្រាស់ និងទេសចរណ៍ ហើយការជំរុញការប្រើប្រាស់ក្នុងកម្រិតខ្លាំងមានតម្រូវការតិចតួចប៉ុណ្ណោះ។

លោកបានមានប្រសាសន៍ថា៖ «យើងត្រូវផ្តោតលើស្ថិរភាព ... អ្វីដែលចាប់អារម្មណ៍ជាពិសេសនៅពេលនេះគឺស្ថិរភាពសារពើពន្ធដែលនៅតែជាបញ្ហានិងជាក្តីព្រួយបារម្ភ»

រដ្ឋាភិបាលថ្មីដែលដឹកនាំដោយគណបក្សភឿថៃកំពុងរៀបចំគោលនយោបាយមួយចំនួនដើម្បីបន្ធូរបន្ថយការចំណាយលើជីវភាពរស់នៅរបស់ប្រជាជន ផ្អាកបំណុលសម្រាប់កសិករ ដំឡើងប្រាក់ឈ្នួលអប្បបរមា និងផ្តល់សាច់ប្រាក់ដល់ប្រជាជនថៃពេញវ័យទាំងអស់តាមរយៈកាបូបប្រាក់ឌីជីថល។

លោក Sethaput បាននិយាយថា បញ្ហានោះគឺថាតើត្រូវធានាដោយរបៀបណាដើម្បីកុំឱ្យគោលនយោបាយដែលគ្រោងនឹងដាក់ឱ្យប្រើប្រាស់មិន «ប៉ះពាល់ដល់ស្ថិរភាពខ្លាំងពេក» ហើយនឹងមិនបង្កឱ្យមានផលប៉ះពាល់ដែលមិនចង់បាន។

នៅពេលសួរអំពីគោលនយោបាយរបស់រដ្ឋាភិបាលថៃស្តីពីការផ្អាកសងបំណុល និងការប្រគល់សាច់ប្រាក់ចំនួន ៥៦០ពាន់លានបាត (១៥,៦៦ពាន់លានដុល្លារ) តាមរយៈកាបូបប្រាក់ឌីជីថល លោក Sethaput បានថ្លែងថា រដ្ឋាភិបាលថៃគួរតែប្រកាន់ខ្ជាប់នូវវិន័យសារពើពន្ធ។ លោកបានបន្ថែមថា ការផ្អាកសងបំណុលគួរតែត្រូវមានការកំណត់ទិសដៅ និងមានរយៈពេលខ្លី ដែលនឹងជួយរក្សាប្រសិទ្ធភាពថវិកានេះ។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន នៅព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានប្រាប់អ្នកសារព័ត៌មានថា គោលនយោបាយរបស់លោកនឹងមានលក្ខណៈប្រកបដោយការទទួលខុសត្រូវខាងផ្នែកសារពើពន្ធ និងមិនត្រូវបានផ្តល់មូលនិធិដោយប្រាក់កម្ចីនោះទេ៕