(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា ទោះបីនិន្នាការនៃការប្រមូលចំណូលពន្ធថមថយ តែអគ្គនាយកពន្ធដារនៅតែអាចប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ២០២៣ ឱ្យបានគ្រប់ផែនការ ដោយផ្អែកលើវិធានការផ្សេងៗទៀត ។

ការលើកឡើងរបស់អគ្គនាយកដ្ឋានពន្ធដារ ធ្វើឡើងក្នុងកម្មវិធីផ្សាយផ្ទាល់ ក្រោមប្រធានបទស្ដីពី «ការយល់ដឹងពីពន្ធដារ» នៅថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០២៣។

លោក គង់ វិបុល បានថ្លែងថា និន្នាការនៃការថយចំណូលនេះ មិនមែនមកពីកត្តាផ្ទៃក្នុង ឬកត្តាកែទម្រង់មិនបានជោគជ័យឡើយ តែដោយសារការថមថយនៃសេដ្ឋកិច្ចពិភពលោក ក៏ដូចជាសេដ្ឋកិច្ចកម្ពុជា ជះឥទ្ធិពលពីសេដ្ឋកិច្ចសកល។

លោកបានបញ្ជាក់ថា «ខ្ញុំយល់ថា ការថមថយនៃការប្រមូលពន្ធឆ្នាំនេះ អាចនឹងថមថយក្នុងរង្វង់ ២១ភាគរយ នៅរយៈពេល៨ខែ ប៉ុន្ដែការថមថយ ២១ភាគរយនេះ បូករួមនឹងវិធានការផ្សេងៗទៀត ពន្ធដារនៅតែអាចរកគ្រប់ផែនការមិនឲ្យខ្វះឡើយ គឺនឹងខិតខំព្យាយាមរកឲ្យគ្រប់ចំនួន ឬអាចនឹងលើសបន្ដិចបន្ដួច ដោយសារតែសក្ដានុពលនៃការបង់ពន្ធមួយចំនួន នៅចុងឆ្នាំអាចយោង ក្នុងនោះមានពន្ធអចលនទ្រព្យ ដែលនឹងបង់នៅចុងខែកញ្ញានេះ បូករួមនឹងពន្ធមធ្យោបាយធ្វើដំណើរ ដែលនឹងត្រូវបង់នៅចុងខែវិច្ឆិកា ក្នុងទំហំទឹកប្រាក់ ១០០លានដុល្លារថែមទៀត ដូច្នេះអាចនឹងប្រមូលបានគ្រប់ផែនការ»

លោក គង់ វិបុល បានបញ្ជក់បន្ថែមថា «ទោះបីជាសេដ្ឋកិច្ចថមថយក៏ពិតមែន តែយើងខ្ញុំប្ដេជ្ញាខិតខំធ្វើយ៉ាងណា ប្រមូលពន្ធឲ្យគ្រប់ផែនការ តាមការកំណត់ ចំពោះការខិតខំប្រឹងប្រែង ក្នុងការប្រមូលចំណូលពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារ គឺមិនមែនទៅសម្លុតជាន់កនោះទេ គឺធ្វើតាមច្បាប់ ដោយអ្នកខាតមិនចាំបាច់បង់ពន្ធ ចំណែកអ្នកចំណេញត្រូវបង់ពន្ធ»។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ចំពោះការថមថយនៃចំណូលពន្ធនេះ កម្ពុជាគ្មានជម្រើអ្វីក្រៅពីធ្វើយ៉ាងណាខិតខំប្រមូលចំណូល ឲ្យបានតាមការកំណត់របស់រដ្ឋ ជាការពិតការថមថយសេដ្ឋកិច្ចពិតមែន តែការកែទម្រង់មួយចំនួន ដូចជាធនធានមនុស្ស, ទំនើបកម្ម, បច្ចេកវិទ្យា និងការពង្រឹងអភិបាលកិច្ចល្អ នឹងអាចផ្សំគ្នាធ្វើឲ្យចំណូលរត់ទៅមុខបាន។

សូមជម្រាបថា រយៈពេល៨ខែ ឆ្នាំ២០២៣ ដោយអគ្គនាយកដ្ឋានពន្ធដារប្រមូល បាន ១០ ៣២៩.៧៨ ប៊ីលានរៀល ឬប្រមាណ ២ ៥៥០ លានដុល្លារស្មើនឹង ៧១,៤១% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

ការប្រមូលបំណុលពន្ធមានការថយចុះ សម្រាប់រយៈពេល ៨ខែ ឆ្នាំ២០២៣ ពោលគឺធ្លាក់ចុះ ២២.៦៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ដោយចំណូលតាមសកម្មភាពសំខាន់ៗមួយចំនួនមានការថយចុះ។ ក្នុងនោះ កម្មន្តសាលភេសជ្ជៈឬផលិតភេសជ្ជៈ ថយចុះ ២.២៨% អចលនទ្រព្យ ថយចុះ ៩.០៦% ការសាងសង់ថយចុះ ២.១៥%) ហើយទន្ទឹមនឹងគ្នានោះ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ថយចុះ ២៦.៧៦%៕