(ភ្នំពេញ)៖ ក្រុមបេសកកម្មទស្សនកិច្ចប្រចាំឆ្នាំរបស់ស្ថាប័ន ASEAN+3 (AMRO) បានវាយតម្លៃថា នៅក្នុងឆ្នាំ២០២៣នេះ សេដ្ឋកិច្ចកម្ពុជា នៅរក្សាបានកំណើនក្នុងអត្រា ៥.៣% ដែលជាកំណើនខ្ពស់ក្នុងតំបន់ ទោះបីត្រូវថមថយតិច ជាការវាយតម្លៃកាលពីដើមឆ្នាំក្ដី។

ក្នុងជំនួបពិភាក្សាការងារជាមួយ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ២០២៣​ ​លោកបណ្ឌិត លី គូឈីង ប្រធាន AMRO ​បានកត់សម្គាល់​ថា សេដ្ឋកិច្ចកម្ពុជា មានការងើបឡើងវិញយ៉ាងឆាប់រហ័ស និងរឹងមាំបន្ទាប់ពីការបើកប្រទេសឡើងវិញ ដែលជំរុញដោយសកម្មភាពចាយវាយក្នុងស្រុក ​និងការកើនឡើងតម្រូវការសកល។

លោកបន្តថា កំណើននេះជំរុញដោយការងើបឡើងវិញ យ៉ាងឆាប់រហ័សនៃវិស័យទេសចរណ៍​ ភាពរឹងមាំនៃវិស័យកម្មន្តសាលមិនមែនកាត់ដេរ ​និងលំនឹងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ទោះបីមានការថមថយវិស័យកាត់ដេរ និងភាពទ្រឹងនៃវិស័យសំណង់ និងអចលនទ្រព្យក៏ដោយ ។

កត្តាទាំងនេះ បង្ហាញពីលទ្ធផលនៃការបន្តអនុវត្តវិធានការ អន្តរាគមន៍នានារបស់រាជរដ្ឋាភិបាល ដើម្បីរក្សាលំនឹងជីវភាព និងសកម្មភាពសេដ្ឋកិច្ចរបស់វិស័យអាទិភាពដែលនៅទទួលរងផលប៉ះពាល់ ។ ទោះបីរាជរដ្ឋាភិបាល បានបង្កើនចំណាយសម្រាប់ការជួយអន្តរាគមន៍ទំាងនេះ ក៏ស្ថានភាពហិរញ្ញវត្ថុសាធារណៈជារួមនៅរក្សាបានចីរភាព តាមរយៈការរក្សានូវវិន័យថវិកា ការចាយចំទិសដៅ ព្រមទាំងការរក្សាបំណុលសាធារណៈឱ្យនៅកម្រិតទាបអាចគ្រប់គ្រងបាន។

វិស័យហិរញ្ញវត្ថុក៏នៅមានស្ថិរភាព ទោះបីមានការប៉ះពាល់ខ្លះដោយសារការកើនឡើងនូវអត្រាការប្រាក់គោលជាសកល។ ទំហំពាណិជ្ជកម្មជារួមមានតុល្យភាពល្អប្រសើរ ដោយសារការថមថយការនាំចេញ ជាពិសេស វត្ថុធាតុដើមផលិត ខណៈដែលការបង្វែរឯកជននៅបន្តមានកំណើន។

​លោកបណ្ឌិត លី គូឈីង បានលើកឡើងជាអនុសាសន៍មួយចំនួនដូចជា៖ កម្ពុជាគួរចាប់ផ្តើមកសាងឡើងវិញនូវទ្រនាប់ថវិកា ដើម្បីពង្រឹងភាពធន់នៃហិរញ្ញវត្ថុសាធារណៈ​, គួរបន្តតាមដាន និងពង្រឹងភាពធន់នៃវិស័យហិរញ្ញវត្ថុ ដើម្បីធានាស្ថិរភាព និង ការបន្តពង្រឹងការអនុវត្តគោលនយោបាយរចនាសម្ព័ន្ធ ដើម្បីបង្កើនភាពធន់ និងភាពប្រកួតប្រជែងរបស់កម្ពុជា។

ក្នុងឱកាសនោះដែរ ​​អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានលើកឡើងពីសារៈសំខាន់នៃបេសកកម្មទស្សនកិច្ចប្រចាំឆ្នាំរបស់ស្ថាប័ន AMRO ដែលតែងសិក្សាវាយតម្លៃអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងផ្តល់អនុសាសន៍សំខាន់ៗ សម្រាប់ជាធាតុចូលក្នុងការរៀបចំគោលនយោបាយសេដ្ឋកិច្ច និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាលកម្ពុជា ។

​អគ្គបណ្ឌិតសភាចារ្យ ក៏បានធ្វើការវាយតម្លៃខ្ពស់លើលទ្ធផលនៃកំណើនសេដ្ឋកិច្ច និងបានសម្តែងការគាំទ្រទៅនឹងអនុសាសន៍របស់ក្រុមការងារ AMRO ដើម្បីធានាបានចីរភាពកំណើន និងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ។ និងបានលើកឡើងអំពីទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយផ្តោតលើការពង្រឹងភាពធន់ទាំង ៥ ដូចមានក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១៖
១. ភាពធន់នៃស្ថាប័នសាធារណៈ,
២. ភាពធន់នៃសេដ្ឋកិច្ច,
៣. ភាពធន់នៃសង្គម,
៤. ភាពធន់នៃប្រព័ន្ធហិរញ្ញវត្ថុ និង
៥. ភាពធន់ផ្នែកបរិស្ថាន។

​ក្នុងជំនួបពិភាក្សានេះដែរ ភាគីទាំងពីរ បានពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចសកលឆ្នាំ២០២៣នេះ ដែលមានភាពធូរស្រាលបន្តិច ហើយដែលត្រូវបានសន្និដ្ឋានចុងក្រោយថានឹងមិនធ្លាក់ទៅក្នុងស្ថានភាពនៃវិបត្តិទេ បន្ទាប់ពីស្ថានភាពសេដ្ឋកិច្ចប្រទេសធំៗមួយចំនួន ដូចជា សហរដ្ឋអាមេរិក បានត្រឡប់មករកស្ថានភាពធូរស្រាលជាងមុន ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងចំណាយប្រើប្រាស់ និងភាពរឹងមាំនៃទីផ្សារការងារ ក្រោយសម្ពាធអតិផរណាត្រូវបានបន្ធូរបន្ថយជាបន្តបន្ទាប់។

ទោះជាយ៉ាងនេះក្តី សេដ្ឋកិច្ចពិភពលោកហាក់នៅមានភាពផុយស្រួយ និងហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជាកាន់តែស្រួចស្រាល់ជាងមុន ដោយសារការកើនឡើងនូវភាពតានតឹងនៃភូមិសាស្រ្តនយោបាយ និងការបែកខ្ញែកច្រវ៉ាក់ផ្គត់ផ្គង់សកល, លទ្ធភាពនៃការបន្តរឹតបន្តឹងគោលនយោបាយរូបិយវត្ថុជាបន្តបន្ទាប់, ការងើបឡើងយឺតជាងការរំពឹងទុកនៃសេដ្ឋកិច្ចចិន និងបម្រែបម្រួលអាកាសធាតុ ជាដើម​៕