(ភ្នំពេញ)៖ បើគ្មានអ្វីប្រែប្រួលទេ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចាប់ផ្តើមអនុវត្តន៍ការប្រមូលចំណូលពន្ធ «ចំណេញមូលធន» ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤តទៅ បន្ទាប់ពីពន្ធនេះ​​បានពន្យារពេល អនុវត្ត​រយៈពេល៣ឆ្នាំមក​ហើយ។

ថ្លែងក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេស ស្តីពី «ការយល់ដឹងអំពីពន្ធដារ» នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក គង់ វិបុល ​រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ​តាមការកំណត់ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារ នឹងចាប់ផ្តើមអនុវត្ត​ការប្រមូលចំណូលពន្ធ «លើពន្ធចំណេញមូលធន» លើកលែងតែ មានការសម្រេចពីរាជរដ្ឋាភិបាល ក្នុងការបន្តពន្យារពេលអនុវត្ត ឬបែបណា។

លោកលើកឡើងថា ពន្ធ​ចំណេញមូលធនមិនមែនជាពន្ធបង្កើតថ្មីនោះទេ ដោយពន្ធនេះត្រូវបានបង្កើតនៅក្នុងច្បាប់យូរមកហើយ ប៉ុន្តែរាជរដ្ឋាភិបាលបានបន្តពន្យារអនុវត្តជាបន្តបន្ទាប់ និងត្រូវការពេ​លសិក្សាអំពីពន្ធ​នេះ ឱ្យបានគ្រប់ជ្រុងជ្រោយ។

លោកគូសបញ្ជាក់ថា បើទោះបីជាវិស័យអចលនទ្រព្យមិនទាន់មានភាពល្អប្រសើរវិញក៏ដោយ ប៉ុន្តែការអនុវត្តប្រមូលពន្ធចំណេញមូលធន ​នឹងមិនប៉ះពាល់លើវិស័យអចលនទ្រព្យ​នោះទេ ​ព្រោះការគិតពន្ធនេះ គឺទៅលើការលក់អចលនទ្រព្យណា ដែលទទួលបានផលចំណេញប៉ុណ្ណោះ។

លោកពន្យល់បន្តថា «បើលោកអ្នកលក់អចលនទ្រព្យទៅខាត ឬរួចខ្លួន មិនជាប់ពន្ធចំណេញមូលធននេះនោះទេ ពន្ធនេះគេយកតែចំណេញទេ ហើយចំណេញទៀតសោត គឺយើងខ្ញុំចាប់ផ្តើមដំបូងឡើង ក៏មិនទៅយកពន្ធដូចបារាំង ដូចអូស្រ្តាលី ពី ៤០% ទៅ ៥០%ទេ យើងខ្ញុំយកតែ ២០%នៃចំនួន បន្ទាប់ពីបានកាត់កងដែលរដ្ឋអនុញ្ញាតឱ្យកាត់កង ៨០%ហើយ។ អីចឹងបើគិតទៅវាស្មើនឹង ៤%។ ខ្ញុំជឿជាក់ថា នៅក្នុងការដាក់ឱ្យអនុវត្តន៍នេះ គឺអត់មានប៉ះពាល់អីទេ បើចំណេញបង់ទៅ បើខាតអត់បង់ទេ»។​

សូមជម្រាបថា អនុលោមតាមប្រកាសលេខ ៣៤៦ សហវ.ប្រក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពី «ពន្ធលើចំណេញមូលធន» មានវិសាលភាពកំណត់យក លើចំណេញមូលធន ចំពោះតែរូបវន្តបុគ្គលនិវាសនជន និងអ្នកជាប់ពន្ធអនិវាសនជន (ជារូបវន្តបុគ្គល ឬនីតិបុគ្គល ដែលមិនមែនជាអ្នកជាប់ពន្ធនិវាសនជន) តាមអត្រា២០%នៃចំណេញមូលធន ពោលគឺចំណេញដែលសម្រេចបានពីការលក់ ឬផ្ទេរមូលធន ៦ប្រភេទរួមមាន៖ អចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយវត្ថុបរទេស។

រីឯនីតិបុគ្គលនិវាសនជន ដែលបានចុះបញ្ជីពន្ធដារ និងប្រកាសបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំរួចរាល់ មិនមានបន្ទុកពន្ធនេះបន្ថែមទៀតទេ។

ពន្ធលើចំណេញមូលធន ប្រមូលលើចំណេញមូលធន ដែលសម្រេចបាននៅពេលមានប្រតិបត្តិការលក់ ឬផ្ទេរមូលធនដែលមានចំណេញប៉ុណ្ណោះ ក្នុងករណីមិនមានចំណេញ គឺមិនមានកាតព្វកិច្ចបង់ពន្ធនេះទេ។

ចំពោះការគណនាប្រាក់ពន្ធ លើចំណេញមូលធន គឺយកប្រាក់ចំណេញ ពីការលក់ឬផ្ទេរមូលធន គុណនឹងអត្រាពន្ធ ២០% ហើយសម្រាប់មូលធនជាអចលនទ្រព្យ ម្ចាស់អចលនទ្រព្យអាចជ្រើសរើស វិធីសាស្ត្រកាត់កងចំណាយ ១) វិធីសាស្ត្រកាត់កងចំណាយ តាមការកំណត់ គឺអនុញ្ញាតឱ្យកាត់កងចំណាយ ៨០% នៃប្រាក់ចំណូលដែលទទួល បានពីការលក់ឬផ្ទេរអចលនទ្រព្យ ឬ២) វិធីសាស្រ្តកាត់កងតាមចំណាយជាក់ស្តែង គឺត្រូវបានអនុញ្ញាតឱ្យធ្វើការកាត់កងចំណាយដែលបានកើតឡើងជាក់ស្តែង៕