(ភ្នំពេញ)៖ ផលិតផលជលផលរបស់កម្ពុជា «ជើងដំបូង» ត្រូវបាននាំចេញ ទៅកាន់ទីផ្សារប្រទេសចិនហើយនាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ទទួលបានការអនុញ្ញាតពីរដ្ឋបាលគយចិន។ ​

ផលិតផលជលផលដែលបាននាំចេញទៅទីផ្សារចិន ជើងដំបូងនេះ គឺ កំពឹសទឹកសាបបង្កក និងអន្ទង់បង្កក​ ដែលជាផលិតផលជលផលធម្មជាតិ ​ដោយក្រុមហ៊ុនបានប្រមូលទិញពីប្រជានេសាទទូទៅ យកមកបង្កក ដើម្បីនាំចេញ។

កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងកសិកម្ម បានឱ្យដឹងថា ការនាំចេញផលិតផលជលផលកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិនជាលើកដំបូងនេះ គឺជាជោគជ័យមួយជំហាន​របស់កម្ពុជា។ ​

កញ្ញាបន្តថា «ក្រសួងសូមអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន​ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយវារីវប្បករ រហូតសម្រេចបានការនាំចេញផលិតផលជលផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន​ជាលើកដំបូង ​នាថ្ងៃទី១៤ កញ្ញា ឆ្នាំ២០២៣»​

កញ្ញបានគូសបញ្ជាក់បន្ថែមថា ការងារអាទិភាពដំបូង​ ​នឹងធ្វើយ៉ាងណារក្សានូវគុណភាព ស្របតាមស្តង់ដារអនាម័យ និងភូតគាមអនាម័យ កំណត់ដោយរដ្ឋបាលគយចិន ដើម្បីធានាឲ្យបានថា ផលិតផលជលផលរបស់ខ្មែរនៅតែអាចនាំចូលទៅកាន់ទីផ្សារប្រទេសចិនបាន។

ចំណែកការងារបន្ទាប់ គឺជំរុញឲ្យផលិតផលជលផលរបស់ខ្មែរ មានគុណភាពកាន់តែខ្ពស់ មានសោភណ្ឌភាពកាន់តែល្អ មានសុវត្ថិភាព និងមានរសជាតិកាន់តែឆ្ងាញ់ ក្នុងគោលដៅពង្រឹងនិងពង្រីកតម្រូវការរបស់អតិថិជននៅលើទីផ្សារប្រទេសចិន។
នៅពេលដែលសេចក្ដីត្រូវការនៅទីផ្សារចិនកើនឡើង ការនាំចេញផលិតផលជលផលពីកម្ពុជាទៅកាន់ប្រទេសចិននឹងមានកំណើន។ ចំណែកវារីវប្បករ​​ អ្នកចិញ្ចឹមត្រីនៅស្រុកខ្មែរ នឹងមានការងារធ្វើកាន់តែច្រើន។

កញ្ញាបន្ថែមថា តាមរយៈការជំរុញការនាំចេញផលិតផលជលផលខ្មែរទៅកាន់ទីផ្សារប្រទេសចិននេះ ក្រសួងសង្ឃឹមថា វានឹងអាចជួយបង្កើនជីវភាពបងប្អូនវារីវប្បករនៅស្រុកខ្មែរយើងឲ្យកាន់តែមានការរីកចំរើនទៅមុខ​ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ​។

សូមជម្រាបថា កាលពីខែឧសភា ឆ្នាំ២០២៣ ផលិតផលជលផលធម្មជាតិរបស់កម្ពុជា​ជាង១០ប្រភេទ ទទួលបានការអនុញ្ញាតឲ្យនាំចេញ ទៅកាន់ទីផ្សារប្រទេសចិន។ ផលិផល​ទាំងនោះរួមមាន៖​ កំពឹសទឹកសាប,​ ត្រីប្រាធំ, ត្រីប្រាខ្ចៅ,​ ខ្យងទឹកសាបពីរប្រភេទ, អន្ទង់ទឹកសាប, បង្កងកណ្តូបពីរប្រភេទ, បង្គាខ្លឹង,​ បង្គាស,​ និងបង្គាប៉ារ៉ា​៕