(រ៉ាបាត)៖ ប្រទេសម៉ារ៉ុកបានបញ្ជាក់ថា កិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB ) ដែលគ្រោងធ្វើឡើងនៅខែក្រោយក្នុងទីក្រុងម៉ារ៉ាកេច (Marrakech) នឹងប្រព្រឹត្តទៅតាមការគ្រោងទុកដដែល បើទោះបីជាមានការរញ្ជួយដីកាលពីសប្តាហ៍មុននៅជិតទីក្រុងនេះក៏ដោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

លោក Abdellatif Jouahri ទេសាភិបាលធនាគារកណ្តាលរបស់ប្រទេសម៉ារ៉ុកបានថ្លែងកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងសន្និសីទមួយនៅរដ្ឋធានីរ៉ាបាតរបស់ប្រទេសម៉ារ៉ុកថា កិច្ចប្រជុំកំពូលប្រចាំឆ្នាំនេះនឹងនៅតែប្រព្រឹត្តិទៅដដែលចាប់ពីថ្ងៃទី៩ ខែតុលាដល់ថ្ងៃទី១៥ ខែតុលា។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ចំនួនអ្នកស្លាប់ពីគ្រោះរញ្ជួយដីកាលពីថ្ងៃសុក្រនៅតំបន់ភ្នំ High Atlas ដែលជាទីតាំងទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយដីនេះក្នុងរយៈពេល ១២០ឆ្នាំ មានចំនួន ២ ៩៤៦នាក់៕