(ព្រុចសែល)៖ ស្នងការថាមពលសហភាពអឺរ៉ុបលោកស្រី Kadri Simson បានអំពាវនាវឱ្យកាត់បន្ថយការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) របស់រុស្ស៊ីបន្ទាប់ពីការនាំចូលឥន្ធនៈប្រភេទនេះទៅកាន់ប្លុកអឺរ៉ុបបានកើនឡើងក្នុងរយៈពេលប្រាំពីរខែកន្លងមកនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

លោកស្រី Simson ត្រូវបាន Bloomberg ដកស្រង់សម្ដីខណៈថ្លែងក្នុងសន្និសីទកាសែតមួយក្នុងទីក្រុងវ៉ាសូវីកាលពីថ្ងៃព្រហស្បតិ៍ថា៖ «វា [ការនាំចូលឧស្ម័ន] អាចនឹងមានកម្រិតខ្ពស់ដូចទៅនឹងឆ្នាំមុនដែរ ឬអាចខ្ពស់ជាងតិចតួច»។ លោកស្រីបន្ថែមថា៖ «យើងមិនអាចរីករាយនឹងរឿងនេះទេ»។

លោកស្រី Simson បានអំពាវនាវឱ្យរដ្ឋសមាជិករបស់សហភាពអឺរ៉ុប និងសភារបស់ប្លុកនេះរួមបញ្ចូលវិធាន «ដ៏រឹងមាំ» នានាទៅក្នុងបទប្បញ្ញត្តិដែលបានស្នើឡើង ដែលនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលថ្នាក់ជាតិដាក់កម្រិតលើការនាំចូលឧស្ម័នធម្មជាតិរបស់រុស្ស៊ី ដោយមិនចាំបាច់ដាក់ទណ្ឌកម្មថ្មី។ លោកស្រីបានថ្លែងថា កត្តានេះនឹងជួយសហភាពអឺរ៉ុបកាត់បន្ថយការនាំចូល «សន្សឹមៗបានទាំងស្រុង»។

យោងតាមទិន្នន័យតាមដានកប៉ាល់ដឹកជញ្ជូនឧស្ម័នបានឱ្យដឹងថា លំហូរឧស្ម័នធម្មជាតិ LNG ពីប្រទេសរុស្ស៊ីភាគច្រើនបានធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំចាប់តាំងពីខែមីនាមក ប៉ុន្តែនៅតែមានកម្រិតខ្ពស់ជាងកម្រិតនៅឆ្នាំ២០២១។ ការនាំចូលឧស្ម័នរបស់អឺរ៉ុបបានកើនឡើងដល់កម្រិតខ្ពស់បំផុតកាលពីឆ្នាំមុន។

សហភាពអឺរ៉ុបដែលមានប្រទេសចំនួន ២៧ មិនដែលពិភាក្សាជាផ្លូវការអំពីការដាក់ទណ្ឌកម្មទូទាំងសហភាពអឺរ៉ុបលើឧស្ម័នរុស្ស៊ី រួមទាំងឧស្ម័ន LNG នោះទេ ប៉ុន្តែរដ្ឋាភិបាលទីក្រុងព្រុចសែលបានសម្លឹងមើលមធ្យោបាយសម្រាប់រដ្ឋសមាជិកនីមួយៗក្នុងការហាមឃាត់ឧស្ម័ន បន្ទាប់ពីមានការលុកលុយរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន លើប្រេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕