(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារបានរំលឹកឱ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែកញ្ញានេះ គឺនៅសល់តែ ១៥ថ្ងៃទៀតប៉ុណ្ណោះ ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣ នឹងត្រូវផុតកំណត់ ដូច្នេះបងប្អូនដែលមិនទាន់បានប្រកាស និងបង់ពន្ធសូមប្រញាប់អញ្ជើញទៅបង់ពន្ធឱ្យបានគ្រប់ៗគ្នា។

អគ្គនាយកដ្ឋានពន្ធដារបានអំពាវនាវដល់ម្ចាស់អចលនទ្រព្យថា «សូមក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ច បង់ប្រាក់ពន្ធ មេត្តារួសរាន់អញ្ជើញមកប្រកាសបង់ប្រាក់ពន្ធ ឲ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ប្រាក់ពន្ធទាន់ពេលវេលាកំណត់ខាងលើ នឹងត្រូវរងនូវទណ្ឌកម្មរដ្ឋបាល តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន»។

ដើម្បីផ្តល់ភាពងាយស្រួលដល់សាធារណជន ពិសេសអ្នកត្រូវបង់ពន្ធអចលនទ្រព្យនោះ អគ្គនាយកដ្ឋានពន្ធដារ បានផលិតវីដេអូណែនាំថ្មីមួយ ស្តីពីមុខងារ បង់ពន្ធអចលនទ្រព្យរហ័ស តាមរយៈកម្មវិធីទូរស័ព្ទដៃ GDT Taxpayer App៕