(ភ្នំពេញ)៖ រយៈពេល៧ ខែឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា ប្រមូលចំណូលថ្នាក់ជាតិសរុបបានចំនួន ១៤ ៨៨៩ ប៊ីលានរៀល ឬប្រមាណ ៣.៦ពាន់លានដុល្លារ ដែលស្មើនឹង ៥៧.៤៩%%នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣ និងបានកើនឡើង០.៤២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ខណៈការចំណាយប្រមាណជា ៤.១ពាន់លានដុល្លារ​ ដែលស្មើនឹង ៤៨.៨៧% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ អនុវត្តថវិការដ្ឋប្រចាំខែកក្កដា​ របស់ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ។

របាយការណ៍ដដែលបានបញ្ជាក់ថា គិតត្រឹមរយៈពេល៧ខែ ដើមឆ្នាំ២០២៣ ការប្រមូលចំណូលថ្នាក់ជាតិសម្រេចបាន ១៤ ៨៨៩ ប៊ីលានរៀលឬ ប្រមាណ ៣.៦ពាន់លានដុល្លារ ស្មើនឹង ៥៧.៤៩%%នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣ ក្នុងនោះចំណូលសារពើពន្ធសម្រេចបាន ១៣ ៣៨៧ ប៊ីលានរៀល ស្មើនឹង ៥៧.១៥% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣ ថយចុះ ២.០៨% និងចំណូលមិនមែនសារពើពន្ធសម្រេចបាន ១ ៤៨១ ប៊ីលានរៀលស្មើនឹង ៦៩.១២% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣ កើនឡើង ៣០.៧៧%។

ក្រសួងសេដ្ឋកិច្ចបានវាយតម្លៃថា ផ្អែកលើនិន្នាការនៃការអនុវត្តចំណូល ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គួបផ្សំនឹងការងើបឡើងវិញនៃសកម្មភាពសង្គម-សេដ្ឋកិច្ចកម្ពុជា ​ការប្រមូលចំណូលស្ថិតក្នុងគន្លង ឈានទៅរកការសម្រេចបាន តាមផែនការគ្រោងទុក ក្នុងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣។

​ចំណែកការអនុវត្តចំណាយសរុបថ្នាក់ជាតិ ក្នុងរយៈពេល៧ខែនេះ សម្រេចបាន ១៦ ៩៧៨ ប៊ីលានរៀលឬប្រមាណ ៤.១ពាន់លានដុល្លារ​ ដែលស្មើនឹង ៤៨.៨៧% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣​ កើនឡើង ១១.៨៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ក្នុងនោះ ចំណាយមូលធនសម្រេចបាន ៦ ០៧១ លានរៀល កើនឡើង ១២.៧០% និងចំណាយចរន្តសម្រេចបាន ១០ ៩០៧ ប៊ីលានរៀល កើនឡើង ១១.៣៨%។

ជាលទ្ធផលការអនុវត្តថវិកាថ្នាក់ជាតិ មានឱនភាពសរុប ២ ០៨៩ ប៊ីលានរៀល ឬប្រមាណជាង ៥០០លានដុល្លារ។

​ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់បន្តថា ការអនុវត្តចំណាយ គឺនៅបន្តរក្សានូវគោលការណ៍រឹតបន្តឹងចំណាយមិនចាំបាច់ និងវិភាជថវិកាសម្រាប់អនុវត្តឱ្យចំមុខសញ្ញាប្រកបដោយបុរេសកម្ម។

រាជរដ្ឋាភិបាលបន្តរក្សាភាពប្រយ័ត្នប្រយែងខ្ពស់ ក្នុងការគ្រប់គ្រង និងប្រើប្រាស់ហិរញ្ញប្បទានសរុបថ្នាក់ជាតិ ប្រកបដោយប្រសិទ្ធភាពបំផុត និងផ្ដល់លទ្ធភាពគ្រប់គ្រាន់ ឆ្លើយតបទៅនឹងតម្រូវការនៃការអនុវត្តថវិការដ្ឋបានទាន់ពេលវេលា។ ជាក់ស្ដែង ការអនុវត្តហិរញ្ញប្បទានពីបរទេសសរុបថ្នាក់ជាតិ សម្រេចបាន ៤០៨២ប៊ីលានរៀល ឬប្រមាណ ៩៩១លានដុល្លារ ស្មើនឹង ៦៣.៧០% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៣ និងការអនុវត្តហិរញ្ញប្បទានក្នុងស្រុកសរុបថ្នាក់ជាតិ សម្រេចបាន ២ ៦០៥ ប៊ីលានរៀល ឬប្រមាណ៦៣៣លានដុល្លារ ស្មើនឹង ៣៣.៦៩% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣ ស្របពេលប្រាក់បញ្ញើរដ្ឋាភិបាល សរុបមានប្រមាណ ៥១ ប៊ីលានរៀល ឬជាង ១២លានដុល្លារ។