(ភ្នំពេញ)៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍនានា សរុបជាង ៧៨៧លានដុល្លារអាមេរិក។ នេះបើតាមព្រឹត្ដិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា «សរុបចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាសទី២ ឆ្នាំ២០២៣នេះ, រាជរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ៧៨៧.៥០លានដុល្លារអាមេរិក សមមូលនឹង ៥៨៦.៩១ លានអេសដេអ៊ែរ ស្មើនឹងប្រមាណ៣៥% នៃពិតានដែលច្បាប់អនុញ្ញាត (១,៧០០លានអេសដេអ៊ែរ)»

ក្រសួងបញ្ជាក់ថា ក្នុងកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី សរុបជាង៧៨៧លានដុល្លារនេះ ក្នុងនោះ ក្របខ័ណ្ឌទ្វេភាគី មានប្រមាណ៥១% និងក្របខ័ណ្ឌពហុភាគី មានប្រមាណ ៤៩%។ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំទៅការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី សរុបក្នុងពីរត្រីមាសដំបូងនៃឆ្នាំ២០២៣នេះ មានកំណើនប្រមាណ ២៤%។ ជារួម, ឥណទានទាំងនេះ សុទ្ធសឹងជាឥណទាន មានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ ៤៥%។

បើតាមក្រសួងសេដ្ឋកិច្ច គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទាន ក្នុងវិស័យអាទិភាព របស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។

ដោយឡែក គិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២៣ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន ១០.៧២ប៊ីលានដុល្លារអាមេរិក ក្នុងនោះ៖ ៩៩.៥៧% ត្រូវនឹងប្រមាណ ១០.៦៧ប៊ីលានដុល្លារអាមេរិក ជាបំណុលសាធារណៈក្រៅប្រទេស (ក្របខ័ណ្ឌទ្វេភាគីប្រមាណ ៦៤% និងក្របខ័ណ្ឌពហុភាគីប្រមាណ ៣៦%) និង ០.៤៣% ត្រូវនឹងប្រមាណ ៤៦.៥១លានដុល្លារអាមេរិក ជាបំណុលសាធារណៈក្នុងប្រទេស។

សមាសភាគបំណុលសាធារណៈទាំងនេះរួមមាន៖ ៤៦% ជាដុល្លារអាមេរិក, ២០% ជាអេសដេអ៊ែរ, ១២% ជាយ័នចិន, ១១% ជាយេនជប៉ុន, ៧%ជាអឺរ៉ូ, និង៥% ទៀត ជារូបិយវត្ថុជាតិ និងរូបិយប័ណ្ណផ្សេងៗ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងបំណុលសាធារណៈ បានឲ្យដឹងថា រាជរដ្ឋាភិបាលបាន និងកំពុងអនុវត្តប្រកបដោយភាពម៉ឺងម៉ាត់ និងប្រយ័ត្នប្រយែងខ្ពស់ នូវវិធានការជាយុទ្ធសាស្ត្រនានា ដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្រ ស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០១៩-២០២៣ ជាពិសេស គោលការណ៍គន្លឹះទាំង ៥ សំដៅបន្តពង្រឹងប្រសិទ្ធភាពខ្ពស់ ទាំងការគ្រប់គ្រងបំណុលសាធារណៈ និងទាំងការគ្រប់គ្រងការវិនិយោគសាធារណៈ រួមមាន៖

១៖ ខ្ចីឥណទានក្នុងទំហំសមស្រប ដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន
២៖ ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះខ្ពស់
៣៖ ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម
៤៖ ប្រើប្រាស់ឥណទាន ប្រកបដោយតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព, និងស័ក្ដិសិទ្ធិភាពខ្ពស់បំផុត
៥៖ ប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទាន គម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលត្រូវមានស្តង់ដា និងគុណភាពខ្ពស់ ស្របតាមគោលការណ៍នៃការគ្រប់គ្រងការវិនិយោគសាធារណៈ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍជាតិ នៅក្នុងដំណាក់កាលថ្មីពិសេស ធានាបាននូវចីរភាពសេដ្ឋកិច្ច, សង្គម, បរិស្ថាន, និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ៕