(ហាណូយ)៖ នាយកប្រតិបត្តិក្រុមហ៊ុនធំៗរបស់អាមេរិកនិងវៀតណាមក្នុងវិស័យបន្ទះឈីប បច្ចេកវិទ្យា និងអាកាសចរណ៍បានជួបប្រជុំគ្នាកាលពីថ្ងៃចន្ទ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន ទៅកាន់ទីក្រុងហាណូយ ដើម្បីស្វែងរកការបង្កើតភាពជាដៃគូអាជីវកម្មជាមួយនឹងកិច្ចព្រមព្រៀងថ្មីៗ។

នាយកប្រតិបត្តិជាន់ខ្ពស់មកពីក្រុមហ៊ុន Google, ក្រុមហ៊ុន Intel, ក្រុមហ៊ុន Amkor, ក្រុមហ៊ុន Marvell, ក្រុមហ៊ុន GlobalFoundries និងក្រុមហ៊ុន Boeing បានចូលរួមកិច្ចប្រជុំកំពូលស្តីពីការច្នៃប្រឌិត និងការវិនិយោគវៀតណាម-អាមេរិក។ នេះបើយោងតាមរបៀបវារៈនៃកិច្ចប្រជុំដែលទីភ្នាក់ងារព័ត៌មានរ៉យទ័រទទួលបាន។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុនវៀតណាមដែលចូលរួមក្នុងកិច្ចប្រជុំនេះរួមមានក្រុមហ៊ុនចំនួន៦ ដូចជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast ដែលបានចុះបញ្ជីនៅផ្សារហ៊ុន Nasdaq ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ក្រុមហ៊ុនបច្ចេកវិទ្យា FPT ក្រុមហ៊ុន MoMo ដែលប្រតិបត្តិករកាបូបអេឡិចត្រូនិកដ៏ធំបំផុតរបស់ប្រទេសវៀតណាមបើគិតតាមចំនួនអ្នកប្រើប្រាស់ និងក្រុមហ៊ុនអ៊ីនធឺណិត VNG។

លោក បៃឌិន បានរំលឹកជាថ្មីនៅក្នុងកិច្ចប្រជុំនេះថា ប្រទេសទាំងពីរកំពុងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ cloud computing បន្ទះឈីប និងបញ្ញាសិប្បនិម្មិត ហើយបានសង្កត់ធ្ងន់ថា វៀតណាមមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការផ្គត់ផ្គង់សារធាតុរ៉ែសំខាន់ៗ។

ប្រទេសវៀតណាមមានកំណប់រ៉ែកកម្រធំបំផុតទីពីរក្នុងពិភពលោក ដែលរ៉ែទាំងនេះត្រូវបានប្រើប្រាស់ក្នុងរថយន្តអគ្គិសនី និងទួរប៊ីនខ្យល់។

កិច្ចប្រជុំពាណិជ្ជកម្មនេះបានគូសបញ្ជាក់ពីបំណងប្រាថ្នារបស់សហរដ្ឋអាមេរិកក្នុងការជំរុញតួនាទីពិភពលោករបស់វៀតណាម ជាពិសេសក្នុងវិស័យផលិតបន្ទះឈីប ដោយទីក្រុងវ៉ាស៊ីនតោនព្យាយាមកាត់បន្ថយការប្រឈមនឹងហានិភ័យដែលពាក់ព័ន្ធនឹងប្រទេសចិន រួមទាំងការជម្លោះពាណិជ្ជកម្ម និងភាពតានតឹងលើបញ្ហាកោះតៃវ៉ាន់។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីវិនិយោគវៀតណាម លោក Nguyen Chi Dzung បានធ្វើជាអធិបតីនៃកិច្ចប្រជុំនេះ បន្ទាប់មកក៏មានការពិភាក្សាគ្នារវាងលោក បៃឌិន និងនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh។

កិច្ចព្រមព្រៀងនានារបស់សេតវិមានរួមមានផែនការរបស់ក្រុមហ៊ុន Microsoft ដើម្បីបង្កើត «ដំណោះស្រាយដែលមានមូលដ្ឋានលើបញ្ញាសិប្បនិម្មិត (AI) សម្រាប់ប្រទេសវៀតណាម និងទីផ្សារដែលកំពុងរីកចម្រើនខ្លាំង»

ក្រុមហ៊ុន Nvidia របស់អាមេរិកក៏នឹងចាប់ដៃគូជាមួយក្រុមហ៊ុន FPT ក្រុមហ៊ុន Viettel និងក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន VinFast ខាងផ្នែកបច្ចេកវិទ្យា AI នៅក្នុងប្រទេស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕