(បាងកក)៖ ប្រទេសថៃកំពុងរៀបចំចាប់ផ្តើមកិច្ចពិភាក្សាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុបនៅសប្តាហ៍ក្រោយ ដោយមានគោលបំណងបញ្ចប់ការចរចារកិច្ចព្រមព្រៀងនេះក្នុងរយៈពេលពីរឆ្នាំ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

លោកស្រី Auramon Supthaweethum អគ្គនាយកនៃនាយកដ្ឋានចរចាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មថៃត្រូវបានដកស្រង់សម្ដីដោយកាសែតបាងកកប៉ុស្តិ៍ថា ក្រសួងកំពុងរៀបចំដឹកនាំក្រុមភ្នាក់ងាររដ្ឋនានាដើម្បីចរចាជុំទីមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថៃ-សហភាពអឺរ៉ុប ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១២ ដល់ ២២ ខែកញ្ញានៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក។ ការចរចានេះនឹងរួមបញ្ចូលទាំងកិច្ចប្រជុំនៅថ្នាក់ប្រធានគណៈប្រតិភូ និងកិច្ចប្រជុំអនុគណៈកម្មាធិការកម្រិតអ្នកជំនាញចំនួន១៩។

អនុគណៈកម្មាធិការទាំង១៩ គ្របដណ្តប់លើផ្នែកពាណិជ្ជកម្មទំនិញ វិធានកប្រភពដើមទំនិញ នីតិវិធីគយនិងការសម្របសម្រួលពាណិជ្ជកម្ម ឧបាស្រ័យពាណិជ្ជកម្ម វិធានការអនាម័យនិងភូតគាមអនាម័យ ឧបសគ្គបច្ចេកទេសក្នុងការធ្វើពាណិជ្ជកម្ម ពាណិជ្ជកម្មសេវាកម្ម និងការវិនិយោគ ពាណិជ្ជកម្មឌីជីថល កម្មសិទ្ធិបញ្ញា ការប្រកួតប្រជែងនិងការឧបត្ថម្ភធន និងលទ្ធកម្មរបស់រដ្ឋាភិបាល និងវិស័យផ្សេងៗទៀត។

លោកស្រី Auramon បានថ្លែងថា នាយកដ្ឋានរបស់លោកស្រីនឹងធ្វើការចរចាជាមួយភាគីពាក់ព័ន្ធ ដើម្បីធានាបាននូវលទ្ធផលដ៏ទូលំទូលាយ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំនេះ ពាណិជ្ជកម្មរវាងប្រទេសថៃនិងសហភាពអឺរ៉ុបមានចំនួន ២៤,៧ពាន់លានដុល្លារ ដោយប្រទេសថៃបាននាំចេញទំនិញមានតម្លៃ ១២,៩ពាន់លានដុល្លារទៅកាន់សហភាពអឺរ៉ុប និងនាំចូលទំនិញតម្លៃ ១១,៨ពាន់លានដុល្លារពីសហភាពអឺរ៉ុប។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕