(ភ្នំពេញ)៖ បណ្ឌិត កែន សម្បត្ដិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ បានជំរុញដល់ធនាគារពាណិជ្ជដៃគូ ក្នុងឋានៈជាអ្នកចូលរួម ផ្តល់សេវាទទួលប្រាក់ពន្ធ ត្រូវបន្តខិតខំយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការធ្វើឲ្យកាន់តែប្រសើរឡើងនូវសេវាបង់ពន្ធ ដើម្បីលើកកម្ពស់វប្បធម៌បង់ពន្ធ និងអនុលោមភាពសារពើពន្ធនៅកម្ពុជា។

ការជំរុញបែបនេះ ធ្វើឡើងក្នុងឱកាសដែលបណ្ឌិត កែន សម្បត្ដិ ជាប្រធានក្រុមការងារ ដើម្បីពិភាក្សាកិច្ចការបច្ចេកទេស ក្នុងការផ្ដល់សេវាទទួលប្រាក់ពន្ធអាករគ្រប់ប្រភេទ តាមធនាគារពាណិជ្ជ ដឹកនាំកិច្ចប្រជុំពិភាក្សាតាមដានវឌ្ឍនភាព និងពង្រឹងការអនុវត្ដអនុស្សរណៈ នៃការយោគយល់គ្នា រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពាណិជ្ជដៃគូ។

លោកបណ្ឌិត កែន សម្បត្ដិ បានបញ្ជាក់យ៉ាងដូច្នេះថា «អគ្គនាយកដ្ឋានពន្ធដារ រួមទាំងធនាគារពាណិជ្ជដៃគូ ក្នុងឋានៈជាអ្នកចូលរួមផ្តល់សេវាទទួលប្រាក់ពន្ធ ត្រូវបន្តខិតខំយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការធ្វើឲ្យកាន់តែប្រសើរឡើង នូវសេវាបង់ពន្ធ ដើម្បីលើកកម្ពស់វប្បធម៌បង់ពន្ធ និងអនុលោមភាពសារពើពន្ធនៅកម្ពុជា ប្រយោជន៍បង្កើនចំណូលចូលថវិកាជាតិ»

លោកបណ្ឌិតអគ្គនាយករង បានលើកឡើងថា ស្ថិតក្នុងរបត់ថ្មីនៃការកែទម្រង់ស៊ីជម្រៅ និងឈរលើស្មារតីបុរេសកម្ម ក្នុងការអនុវត្តការងារប្រកប ដោយការទទួលខុសត្រូវខ្ពស់ ក្រោមការដឹកនាំលោករដ្ឋមន្ត្រី គង់ វិបុល ដោយមានកិច្ចសហការជិតស្និទ្ធពីធនាគារពាណិជ្ជដៃគូ រដ្ឋបាលសារពើពន្ធត្រូវបានធ្វើទំនើបកម្ម អភិបាលកិច្ចល្អ និងរដ្ឋបាលកិច្ចល្អត្រូវបានពង្រឹង។

ជាក់ស្ដែង អគ្គនាយកដ្ឋានពន្ធដារបានអភិវឌ្ឍ និងដាក់ឲ្យអនុវត្តនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងកម្មវិធីបច្ចេកវិទ្យាជាច្រើនទៀត ដើម្បីធានាបាននូវការផ្តល់សេវា និងការគ្រប់គ្រងការបង់ពន្ធ ប្រកបដោយភាព
ងាយស្រួល ឆាប់រហ័ស តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព តាមរយៈការប្រើបាស់ប្រព័ន្ធ e-Filing, Tol e-Filing, e-Payment និងកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App) សម្រាប់បង់ពន្ធលើអចលនទ្រព្យ ពន្ធលើមធ្យោបាយដឹកជញ្ជូន និងពន្ធលើផ្ទាំងផ្សព្វផ្សាយជាដើម។

បណ្ឌិត កែន សម្បត្ដិ បានលើកឡើងថា មន្ត្រីរាជការពន្ធដារត្រូវបានពង្រឹង និងបង្កើនសមត្ថភាពជាប្រចាំ ទាំងផ្នែកជំនាញវិជ្ជាជីវៈពន្ធដារ ទាំងផ្នែកច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្ដីពីពន្ធដារទាំងផ្នែក បទពិសោធន៍នៃការអនុវត្តការងារជាឧត្តមានុវត្តជាអន្តរជាតិ តាមរយៈការរៀបចំ និងចាត់ឲ្យចូលរួមវគ្គបណ្តុះបណ្តាលសិក្ខាសាលា កិច្ចប្រជុំ វេទិកា សន្និសីទ ក្នុងនិងក្រៅប្រទេស។

បន្ថែមពីនោះទៀត លោកបណ្ឌិត កែន សម្បត្ដិ បានឲ្យដឹងថា ការណ៍នេះដោយសារអគ្គនាយកដ្ឋានពន្ធដារ បានយល់ច្បាស់ថា មូលធនមនុស្សដើរតួនាទីយ៉ាងសំខាន់ និងជាស្នូលនៃភាពជោគជ័យរបស់ស្ថាប័ន ហើយជាពិសេសធានាបាននូវចីរភាព នៃការរីកចម្រើនរបស់ស្ថាប័ន។

បណ្ឌិត កែន សម្បត្ដិ បន្ដថា លទ្ធផលនៃការធ្វើកំណែទម្រង់វិស័យពន្ធដារក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ និងស័ក្ដិសិទ្ធិភាពក្នុងការផ្តល់សេវាទទួលប្រាក់ពន្ធអាករ ឲ្យបានកាន់តែល្អប្រសើរនេះ បានធ្វើឲ្យអគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធសម្រេចបានលើសផែនការប្រចាំឆ្នាំជាប្រចាំ ហើយមានប្រចាំឆ្នាំភាគច្រើនលើស រហូតដល់ពីរខ្ទង់។

លើសពីនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អគ្គនាយកដ្ឋានពន្ធដារ បានក្លាយជាសា្ថប័នដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ ដោយប្រមូលចំណូលចូលថវិកាជាតិបានច្រើនជាងគេ។ នេះជាការបញ្ជាក់បន្ថែម របស់លោកបណ្ឌិត កែន សម្បត្ដិ៕