(ភ្នំពេញ)៖ ស្របពេលដែលតម្លៃស្រូវ ​ក្នុងរយៈពេលជាង១ខែនេះ បានកើនឡើងជាបន្តបន្ទាប់ ដែលមិនធ្លាប់មានពីមុនមក បានជះឥទ្ធិពលដល់តម្លៃអង្ករនៅលើទីផ្សារកម្ពុជា នាពេលបច្ចុប្បន្ននេះ ​ដោយបានកើនឡើង​គួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យអ្នកប្រើប្រាស់ នៅក្នុងទីផ្សារត្អូញត្អែរពីការឡើងថ្លៃនេះ។

ប៉ុន្តែយ៉ាងក្តីនេះ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបាន​គូសបញ្ជាក់ថា បើទោះបីជាតម្លៃអង្ករកើនឡើងគួរឱ្យកត់សម្គាស់ តែស្ថិតក្នុងតម្លៃមួយ ដែលមិនទាន់ប៉ះពាល់ដល់អ្នកប្រើប្រាស់ខ្លាំង ដែលក្រសួងត្រូវអន្តរាគមន៍នៅឡើយទេ។

លោក​ ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែកញ្ញានេះទទួលស្គាល់ថា តម្លៃអង្ករពិតជាបានឡើងថ្លៃ បន្ទាប់ពីស្រូវបានឡើងថ្លៃខ្ពស់​ ហេតុដូច្នេះហើយ​រោងម៉ាស៊ីន ដែលប្រមូលទិញស្រូវមកកិនលក់ក៏ឡើងដែរ ​ទើប​មិនអាចរក្សាថ្លៃអង្ករបានដូចមុន​។​ ប៉ុន្តែតម្លៃដែលបានកើនឡើងនេះ មិនទាន់ដល់កម្រិតមួយ ដែលរដ្ឋត្រូវធ្វើអន្តរាគមន៍នោះទេ។ ​

លោកបន្តថា «ខ្ញុំសង្កេតឃើញថា ការឡើងថ្លៃនេះ ស្ថិតនៅក្នុង​កម្រិតដែលយើងធ្វើការចាប់អារម្មណ៍ ប៉ុន្តែមិនទាន់ដល់ដែលត្រូវធ្វើអន្តរាគមន៍នៅឡើយ។ សូមជម្រាបដល់បងប្អូនសាធារណៈថា ក្រសួងពាណិជ្ជកម្ម មិនព្រងើយកន្តើយពីការដានតាមនូវការឡើងថ្លៃនេះទេ ​យើងកំពុងតែស្ថិតនៅក្នុងការប្រុងប្រៀបមួយ ប្រសិនជាការឡើងថ្លៃបន្តស្ថិត ក្នុងកម្រិតមួយដែលអាចនឹងធ្វើឱ្យប៉ះពាល់ជីវភាពប្រជាពលរដ្ឋ យើងនឹងធ្វើអន្តរាគមន៍ភ្លាម ទៅតាមវិធានការ ដែលយើងមានស្រាប់នៅក្នុងតួនាទី និងភារកិច្ចរបស់ក្រុមហ៊ុនហ្រ្គីនត្រេដ ដែលជាក្រុមហ៊ុន ស្ថិតក្រោមអាណាព្យាបាល ក្រសួងពាណិជ្ជកម្ម»

លោកឧកញ៉ា គឹម សាវុធ អគ្គនាយកក្រុមហ៊ុនខ្មែរហ្វូដ បានបញ្ជាក់ថាតម្លៃអង្ករបច្ចុប្បន្នបើធៀបនឹងតម្លៃឆ្នាំទៅ មានការកើនឡើងបន្តិច ដោយកើនឡើងជាមធ្យមប្រហែល ៤០០រៀលក្នុង ១គីឡូក្រាម។

លោកឧកញ៉ាគាំទ្រចំពោះការកើនឡើងនៃតម្លៃស្រូវ ដែលជួយឱ្យកសិករ យើងទទួលបានផលចំណេញ ព្រោះកម្ពុជាជាប្រទេសផលិតដើម្បីនាំចេញ ដូច្នេះការនាំចេញបានថ្លៃ គឺជារឿងល្អ។

យោងតាមរបាយការណ៍របស់មន្ទីរពាណិជ្ជកម្ម នៅតាមបណ្តាខេត្តមួយចំនួន ដូចជាសៀមរាប ព្រៃវែង កោះកុង បន្ទាយមានជ័យ ក្រចេះជាដើម នៅដើមខែកញ្ញានេះ តម្លៃអង្ករនៅលើទីផ្សារនៅបណ្តាខេត្តទាំងនេះ បានកើនឡើងចន្លោះពី១០០រៀលទៅ៧០០រៀលក្នុងមួយគីឡូក្រាម ទៅតាមប្រភេទអង្ករផ្សេងៗគ្នា បើធៀបនឹងកាលពីដើមខែមករាឆ្នាំ២០២៣នេះ។

ជាក់ស្តែង នៅខេត្តបន្ទាយមានជ័យ តម្លៃអង្ករផ្កាម្លិះលេខ១ ដែលកាលពីដើមឆ្នាំមានតម្លៃ ៣២០០​រៀលក្នុង១គីឡូក្រាម បានកើនឡើងដល់ ៣៥០០រៀល ក្នុងខែនៅដើមខែកញ្ញានេះ។ អង្ករសែនក្រអូប តម្លៃ ២៨០០រៀល បានដល់ ៣០០០រៀលក្នុង១គីឡូក្រាម និងអង្ករនាងខុន ដែលធ្លាប់មានតម្លៃ ២២០០រៀលបានឡើងដល់ ២៧០០រៀលក្នុង១គីឡូក្រាម ខណៈអង្ករចម្រុះមាន ២០០០រៀល បានកើនដល់ ២៥០០រៀល ក្នុងមួយគីឡូក្រាម។

ចំណែកនៅខេត្តព្រៃវែងវិញ អង្ករផ្ការំដួល នៅដើមឆ្នាំមានតម្លៃ ៣៥០០រៀល បានរក្សាតម្លៃ៣៥០០រៀលដដែល ស្របពេលដែលអង្ករផ្កាម្លិះតម្លៃ ៣៥០០រៀល បានកើនដល់ ៣៧០០រៀលក្នុង១គីឡូក្រាម និងអង្ករអ៉ីអ៊ែរ តម្លៃ ២០០០រៀល បានឡើងដល់ ២៥០០រៀលក្នុងមួយគីឡូក្រាម។

សម្រាប់នៅខេត្តសៀមរាប អង្ករផ្កាម្លិះកាលពីដើមឆ្នាំតម្លៃ ៣០០០រៀល បានកើនឡើងដល់ ៣៧០០រៀលនៅដើមឆ្នាំ ខណៈអង្ករផ្កាខ្ញី ដែលមានតម្លៃ ២៧០០រៀល បានចុះ២៦០០រៀលក្នុង១គីឡូក្រាម និងនាងមិញវិញ បានកើនពី ២០០០រៀល ​ដល់ ២៥០០រៀលក្នុង១គីឡូក្រាម។

រីឯនៅខេត្តព្រះវិហារវិញតម្លៃអង្ករផ្កាម្លិះ ដែលធ្លាប់មានតម្លៃ ២៨០០រៀល ឡើងដល់ ៣០០០រៀលក្នុង១គីឡូក្រាម និងប្រភេទអង្ករចម្រុះ បានកើនពី ២០០០រៀល ដល់ ២៣០០រៀលក្នុងមួយគីឡូក្រាម។

ទន្ទឹមគ្នានេះ នៅខេត្តក្រចេះ អង្ករផ្កាម្លិះ បានកើនពី ២០០០រៀល ដល់ ២៦០០រៀល ហើយអង្ករចម្រុះបានកើនពី ១៩០០រៀល ដល់ ២៥០០រៀល៕

រោងម៉ាស៊ីនកិនស្រូវនៅក្នុងសហគមន៍មួយនៅខេត្តព្រះវិហារ បានប្រាប់បណ្តាញព័ត៌មាន Fresh News ដែរថា សម្រាប់ការលក់អង្ករនាពេលថ្មីៗនេះ មិនបានដំឡើងថ្លៃអង្ករនោះទេ ដោយរក្សាតម្លៃដដែល ព្រោះស្រូវដែលបានកិនលក់នាពេលថ្មីៗនេះ គឺជាស្រូវដែលបានទិញស្តុកតាំងពីឆ្នាំមុន ហេតុនេះហើយរោងម៉ាស៊ីននេះ មិនដំឡើងថ្លៃអង្ករនាពេលបច្ចុប្បន្ននេះនោះទេ​៕