(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់អាកាសចរស៊ីវិលបានឱ្យដឹងថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសចំនួនជាង ៣.៤លាននាក់កើនឡើងជាង ១៨០% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២។

តួលេខនេះបង្ហាញពីភាពប្រសើរឡើងនៃវិស័យអាកាសចរណ៍របស់កម្ពុជា ក៏ដូចជាការងើបឡើងវិញនៃភ្ញៀវទេសចរណ៍អន្តរជាតិ។

លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ​គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាស ចំនួនជាង ៣.៤លាននាក់ កើនឡើងជាង១៨០% បើធៀបទៅនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ រីឯជើងហោះហើរមានចំនួន ៣៣​ ១៤៦ជើង (ចលនាទ្វេទិស) កើនឡើង ១១៤% បើធៀបទៅនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២។ ​ដោយឡែកចំពោះការដឹកជញ្ជូនទំនិញ តាមផ្លូវអាកាសវិញ មានចំនួនជាង ៣៤​ ៨៨១ តោន ថយចុះជាង ១០% បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២​។

គួរជម្រាបថា ស្របពេលដែលវិស័យអាកាសចរណ៍នៅកម្ពុជា ចាប់ផ្តើមងើបឡើងវិញជាបណ្តើរៗ ក្រោយការរីករាលដាលនៃជំងឺកូវីដ១៩ ក្រុមហ៊ុនអាកាសចរណ៍ Qatar Airway ដែលជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំមួយ នៅលើពិភពលោក នឹងចាប់ផ្តើមបើកជើងហោះហើរមកកម្ពុជាឡើងវិញ នៅចុងខែតុលា ឆ្នាំ២០២៣នេះ ​ខណៈកម្ពុជាកំពុងស្នើដល់ក្រុមហ៊ុនអាកាសចរណ៍របស់ជប៉ុន ANA ​ពិនិត្យលទ្ធភាព​បើកជើងហោះហើរជាមួយកម្ពុជាឡើងវិញ ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីខកខានអស់ពេល ៤ឆ្នាំដោយសារតែវិបត្តិជំងឺកូវីដ១៩។

ជាមួយនេះ កម្ពុជាក៏ត្រៀមដាក់ឱ្យដំណើរអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី នៅថ្ងៃ​ទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះផងដែរ ដើម្បីទទួលអ្នកដំណើរ​តាមផ្លូវអាកាសបន្ថែម៕