(បាងកក)៖ នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បានឱ្យដឹងថា រដ្ឋាភិបាលកំណត់ទិសដៅកំណើនផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំយ៉ាងហោចណាស់ ៥% ខណៈដែលគ្រោងដាក់ចេញវិធានការនានាដើម្បីជួយសម្រាលបន្ទុករបស់ប្រជាជន រួមទាំងការពន្យាពេលបំណុលរបស់កសិករ និងបញ្ចុះថ្លៃប្រេងឥន្ធនៈនិងអគ្គិសនីផងដែរ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

លោក សេដ្ឋា បានលើកឡើងអំពីការកំណត់ទិសដៅកំណើនសេដ្ឋកិច្ចនេះក្នុងដំណើរត្រួតពិនិត្យទំនប់ទឹកឧប៊ុនរតនា ក្នុងខេត្តខនខែនកាលពីថ្ងៃសុក្រ ជាទីដែលលោកទទួលបានការរាយការណ៍សង្ខេបអំពីស្ថានភាពគ្រោះរាំងស្ងួត និងការគ្រប់គ្រងទឹកនៅក្នុងខេត្តស្ថិតនៅភាគឦសានមួយនេះ។

កាលពីថ្ងៃអង្គារ ធនាគារកណ្តាលថៃ (BoT) បានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំ២០២៣ បន្ទាប់ពីទទួលបានផលិតផលក្នុងស្រុកសរុប (GDP) និងអត្រាអតិផរណាទាបជាងការព្យាករ។

ថៃសម្រេចបានកំណើន GDP ក្នុងអត្រា ១,៨ភាគរយនៅក្នុងត្រីមាសទីពីរឆ្នាំនេះ ដែលទាបជាងការព្យាកររបស់ធនាគារកណ្តាល។

លោក Sethaput Suthiwartnaruput ទេសាភិបាលធនាគារថៃត្រូវបានដកស្រង់សម្ដីដោយកាសែតបាងកកប៉ុស្តិ៍ថា កំណើនទាបនេះកើតឡើងជាចម្បងដោយសារកត្តាខាងក្រៅ ខណៈដែលធនាគារកណ្តាលគ្រោងនឹងពិនិត្យមើលឡើងវិញនូវការវាយតម្លៃសេដ្ឋកិច្ចរបស់ខ្លួនក្នុងខែនេះ។

ធនាគារកណ្តាលបានព្យាករថា សេដ្ឋកិច្ចថៃអាចមានកំណើន ៣,៦% សម្រាប់ឆ្នាំនេះ ដោយអតិផរណារំពឹងថានឹងធ្លាក់ចុះក្នុងរង្វង់ពី ១ ទៅ ៣%។

លោក សេដ្ឋា ក៏បានជួបជាមួយអ្នកភូមិក្នុងមូលដ្ឋានផងដែរ ដែលពួកគេបានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់នៃគ្រោះរាំងស្ងួត ដែលបណ្តាលមកពីបាតុភូតអាកាសធាតុអ៊ែលនីណូ (El Nino)។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕