(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបកំពុងធ្វើការងារលើកិច្ចព្រមព្រៀងមួយ ដែលនឹងដាក់ចេញពន្ធគយថ្មីសំដៅលើការផលិតដែកដែលលើសលុបពីប្រទេសចិន និងប្រទេសដទៃទៀត ហើយបញ្ចប់ជម្លោះពាណិជ្ជកម្មសម័យលោក ដូណាល់ ត្រាំ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ប្រភភដែលដឹងឮពីការពិភាក្សាដែលនេះថា ពន្ធគយថ្មីនេះនឹងត្រូវផ្តោតជាចម្បងលើការនាំចូលពីប្រទេសចិនដែលទទួលបានអត្ថប្រយោជន៍ពីការអនុវត្តវិធានការមិនមែនទីផ្សារ។ ប្រភពដដែលនេះបានឱ្យដឹងថា ការពិភាក្សានេះកំពុងស្ថិតក្នុងដំណើរការនៅឡើយ។

វិសាលភាពនៃវិធានការពន្ធគយនេះ រួមបញ្ចូលទាំងប្រទេសផ្សេងទៀតដែលអាចត្រូវបានកំណត់គោលដៅ ហើយកម្រិតពន្ធគយដែលត្រូវដកហូតនៅតែកំពុងត្រូវបានពិភាក្សានៅឡើយ។ ក៏មានការរំពឹងទុកផងដែរថា វិធានការទាំងនេះនឹងផ្តល់នូវក្របខ័ណ្ឌមួយសម្រាប់ប្រទេសផ្សេងទៀតចូលរួមនាពេលអនាគត។

កិច្ចព្រមព្រៀងនេះនឹងជាផ្នែកមួយនៃអ្វីដែលហៅថាជា កិច្ចព្រមព្រៀងសកលស្តីពីដែកថែប និងអាលុយមីញ៉ូមប្រកបដោយនិរន្តរភាព (Global Arrangement on Sustainable Steel and Aluminum) ដែលសហភាពអឺរ៉ុបនិងរដ្ឋាភិបាលរបស់លោក ចូ បៃឌិន បាននិងកំពុងចរចាតាំងពីឆ្នាំ២០២១មកម៉្លេះ។ កិច្ចពិភាក្សានេះមានគោលបំណងដោះស្រាយជម្លោះដែលបានចាប់ផ្តើមកើតមាននៅពេលដែលអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដំឡើងពន្ធគយលើការនាំចូលលោហៈពីអឺរ៉ុបដោយលើកឡើងពីហានិភ័យដល់សន្តិសុខជាតិ។

សហរដ្ឋអាមេរិកបានដកហូតពន្ធគយ ២៥% លើការនាំចូលលោហៈពីអឺរ៉ុបចាប់តាំងពីឆ្នាំ២០១៨ ហើយសហភាពអឺរ៉ុបបានដកហូតពន្ធសងសឹកវិញក្នុងអត្រាដូចគ្នាទៅលើការនាំចូលដែកថែបជាច្រើនក្រោមវិធានការការពាររបស់ខ្លួន។

នៅឆ្នាំ២០២១ ភាគីទាំងពីរបានយល់ព្រមផ្អាកវិធានការដកហូតពន្ធគយលើទំនិញរបស់គ្នាទៅមក ហើយកំណត់ថ្ងៃផុតកំណត់នៅថ្ងៃទី៣១ ខែតុលាឆ្នាំនេះ ដើម្បីស្វែងរកដំណោះស្រាយអចិន្ត្រៃយ៍មួយសម្រាប់ជម្លោះនេះ។ ផុតកំណត់រយៈពេលនេះ ពន្ធគយនៅសម័យកាលលោក ត្រាំ និងវិធានការសងសឹករបស់សហភាពអឺរ៉ុបនឹងវិលត្រឡប់មកវិញដោយស្វ័យប្រវត្តិលើការនាំចេញតម្លៃជាង ១០ពាន់លានដុល្លារលុះត្រាតែភាគីទាំងពីរបន្តអនុវត្តកិច្ចព្រមព្រៀងនេះបន្ថែមទៀត។

បើយោងតាមប្រភពមួយដែលបានដឹងឮកិច្ចព្រមព្រៀងនេះបានឱ្យដឹងថា កិច្ចព្រមព្រៀងដែលកំពុងពិភាក្សានេះទំនងជាកិច្ចព្រមព្រៀងបណ្ដោះអាសន្នប៉ុណ្ណោះ ព្រោះវានឹងមិនដោះស្រាយបញ្ហាដែលកំពុងកើតមានទាំងអស់នោះទេរួមទាំងការដកហូតពន្ធគយលើការនាំចូលទំនិញដែលបញ្ចេញកាបូនច្រើនផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕