(ភ្នំពេញ)៖ អ្នកជំនួញល្បីឈ្មោះ២រូបនៅកម្ពុជា បានលើកឡើងថា អ្នកដែលមានទុនវិនិយោគធំៗ គួរសម្លឹងមើលឱកាសវិនិយោគលើវិស័យកសិឧស្សាហកម្មនៅកម្ពុជា ដើម្បីផលិត និងកែច្នៃផលិតផលកសិកម្មសម្រាប់ផ្គត់ផ្គង់ក្នុងប្រទេស និងនាំចេញ ស្របពេលដែលពិភពលោកកំពុងមានបញ្ហាស្បៀងអាហារ។

អ្នកជំនួញស្រ្តីល្បីឈ្មោះមួយរូប គឺ ឧកញ៉ា កែវ មុំ ប្រធានសហគ្រិនកម្ពុជា មានប្រសាសន៍ គាំទ្រនិងលើកទឹកចិត្តដល់អ្នកដែលមានទុនច្រើន ឬអ្នកវិនិយោគដែលមានជំនាញពិតប្រាកដពាក់ព័ន្ធនឹងកសិកម្ម ពិនិត្យលទ្ធភាពវិនិយោគទៅលើវិស័យនេះ ព្រោះកាលៈទេសៈនេះអាចជាពេលវេលាដែលល្អបំផុតក្នុងការចាប់ផ្តើមវិនិយោគ ក្នុងពេលដែលពិភពលោកកំពុងខ្វះស្បៀងអាហារ។ ដូច្នេះការវិនិយោគទៅលើដំណាំកសិកម្ម គឺជាការវិនិយោគមួយដែលត្រឹមត្រូវ និងល្អ។

លោកស្រីកត់សម្គាល់ថា បើទោះបីជាកម្ពុជាជាប្រទេសកសិកម្មក៏ដោយ ប៉ុន្តែស្ថិតក្នុងកម្រិតតូច ដែលមិនទាន់អាចប្រកួតប្រជែងជាមួយគេ។

លោកស្រីបន្តថា «បញ្ហាដែលធំបំផុតមិនទាន់មានអ្នកវិនិយោគធំទៅលើការធ្វើកសិកម្មឱ្យបានខ្នាតកសិឧស្សាហកម្ម ដែលយើងឃើញថាកសិកម្មបច្ចុប្បន្នមានបញ្ហា គឺដោយសារកសិករមានដីតូចៗ ដែលធ្វើឱ្យការផលិតមានការបែកខ្ញែក ការផលិតមិនមានគុណភាព និងស្តង់ដារខុសគ្នា ហើយការប្រមូលផលមិនទាន់ពេលវេលាដែលជាបញ្ហារបស់កម្ពុជា ដោយយើងមិនទាន់បានប្រមូលអ្នកវិនិយោគធំឱ្យមកវិនិយោគលើវិស័យកសិកម្មនេះ។ បើសិនជាមានអ្នកដែលហ៊ានវិនិយោគធំទៅលើការធ្វើកសិកម្មខ្ញុំគិតថាកសិផលរបស់ខ្មែរ នឹងអាចប្រកួតប្រជែងនៅលើទីផ្សារពិភពលោកបានដោយងាយស្រួល»

លោកស្រីបន្ថែមថា កម្ពុជាជាប្រទេសដែលមានអំណោយផល និងសក្តានុពលក្នុងការធ្វើកសិកម្ម ដោយសារដីមានគុណភាព មានជីវជាតិល្អ និងគ្មានគ្រោះធម្មជាតិធំៗ ដែលផ្តល់ឱកាសទៅលើការវិនិយោគ ដាំដុះដំណាំកសិឧស្សាហកម្ម។ ជាមួយគ្នានេះ កសិផលរបស់កម្ពុជាចំនួន ត្រូវបានគេចាត់ទុកថា មានគុណភាពផងដែរ ដូចជា អង្ករជាប់ចំណាត់ថ្នាក់លេខ១ ស្វាយចន្ទី ជាប់ចំណាត់ថ្នាក់លេខ១ ម្រេច និងមានកសិផលផ្សេងៗជាច្រើនទៀតដែលយើងអាចយកទៅប្រកួតប្រជែងនៅលើទីផ្សារពិភពលោក។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ក្នុងស្ថានភាពនេះ គឺជាឱកាសមួយសម្រាប់អ្នកវិនិយោគក្នុងស្រុកក្នុងការងាកមកជ្រើសរើសការវិនិយោគលើវិស័យកសិកម្ម ខណៈដែលរាជរដ្ឋាភិបាលក្នុងអាណត្តិនេះបានដាក់ចេញនូវគោលនយោបាយទ្រទ្រង់សេដ្ឋកិច្ចក្រោយកូវីដ១៩ ដោយផ្តោតលើវិស័យកសិកម្ម និងបានបង្កើតប៉ូលសេដ្ឋកិច្ចពិសេសទី៤ នៅប៉ែកពាយព្យ។

លោកសង្កេតឃើញថា កន្លងមកអ្នកវិនិយោគចាប់អារម្មណ៍ច្រើនទៅវិស័យអចលនទ្រព្យ។ យ៉ាងនេះក្តីក្នុងពេលដែលវិស័យអចលនទ្រព្យស្ថិតក្នុងភាពមិនសូវល្អប្រសើរ បើសិនជាអ្នកមានទុន អាចងាកមកចាប់យកឱកាសវិនិយោគវិស័យកសិកម្មវិញ គឺជាឱកាសល្អ ដើម្បីចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ តាមវិស័យកសិកម្ម។

លោកមានប្រសាសន៍បន្តថា «បើយើងផលិតឱ្យបានច្រើន និងនាំចេញទៅកាន់ទីផ្សារពិភពលោកនោះ នឹងធ្វើឱ្យមាននិរន្តភាពនៃការផ្គត់ផ្គង់ផលិតផលកសិកម្ម ក្នុងតម្លៃធូរថ្លៃដែលអាចទទួលយកបាន និងមានលទ្ធភាពប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាងបន្ថែមទៀត។ ដូច្នេះខ្ញុំគិតថា ជាឱកាសល្អសម្រាប់វិនិយោគនូវកសិឧស្សាកម្ម និងឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម ដែលយើងកំពុងមានវត្ថុធាតុដើមច្រើន ដែលជាឱកាសបង្កើតរោងចក្រកែច្នៃ និងជាការទាក់ទាញវិនិយោគពីក្រៅប្រទេសមកផងដែរ ដើម្បីផលិត និងនាំចេញ»

លោកបានគូសបញ្ជាក់ថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដូចជា កិច្ចព្រមព្រៀងជាមួយចិន កូរ៉េ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ក៏ដូចជាកិច្ចព្រមព្រៀងRCEP នឹងធ្វើជំរុញឱ្យការនាំចេញរបស់កម្ពុជាកាន់តែទូលំទូលាយ ខណៈប្រទេសទាំងនោះក៏មានតម្រូវការទៅលើផលិតផលកសិកម្មរបស់កម្ពុជា៕